អង់គ្លេស៖ សេដ្ឋីឈ្មោះ Haines ត្រូវបានកាត់ទោសដាក់ពន្ធនាគាររយៈពេល 16 ខែ ព្រោះតែបានលួចចូលផ្ទះរបស់អតីតភរិយា នៅឯស្រុក Caerphilly និងបានសម្លាប់ត្រីចិញ្ចឹមដែលមានតម្លៃជិត 14,000 ដុល្លារ របស់អ្នកស្រី ដើម្បីជាការសងសឹក។
តុលាការ Newpor Crown កាលពីថ្ងៃទី 14 កញ្ញា បានកាត់ទោសម្ចាស់ក្រុមហ៊ុនកែច្នៃ Anthony Haines វ័យ 51 ឆ្នាំ ពីបទលួចចូលផ្ទះអតីតភរិយាឈ្មោះ Jane អាយុ 52 ឆ្នាំ មានទីលំនៅក្នុងតំបន់ Caerphilly នៃដែនដី Wales របស់ អង់គ្លេស កាលពីខែមិថុនា។ Haines បានផ្ដាច់អគ្គិសនីក្នុងផ្ទះរបស់ Jane ធ្វើឱ្យត្រីដែលមានតម្លៃជិត 14,000 ដុល្លារអាមេរិក ត្រូវងាប់។
Haines ថែមទាំងបានបំផ្លាញរូបថតរបស់ Jane ដែលថតជាមួយមិត្តប្រុសរបស់អ្នកស្រី ព្រមទាំងបានឆែកឆេរបន្ទប់គេង និងយកកាំបិតកាប់ចិញ្ច្រាំក្ដារជ្រញ់ និងទូក្នុងផ្ទះបាយទៀតផង។ បន្ទាប់ពីបានសារភាពទោស សេដ្ឋីរូបនេះត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល 16 ខែ។
«Jane បានសង្ស័យលើអតីតស្វាមីតាំងពីដំបូង។ អ្នកស្រីនិយាយថា គាត់ប្រចណ្ឌ ព្រោះតែអ្នកស្រីបានចាប់ផ្ដើមជីវិតថ្មី» ចៅក្រម Jones និយាយដូច្នេះ និងបន្ថែមថា ចាប់តាំងពីគូស្វាមី និងភរិយានេះបានរស់នៅបែកពីគ្នា និងជិតឈានដល់ការលែងលះស្ថាពរ Haines បានធ្វើឱ្យជីវភាពរបស់អតីតភរិយា «ដូចទៅនឹងនរកអវីចី»។
កាលពីឆ្នាំ 2019 លោក Haines ក៏ធ្លាប់បានជាប់ពន្ធគារម្ដងរួចហើយ ព្រោះតែបានគំរាមកំហែងដល់ Jane និងមិត្តប្រុសរបស់អ្នកស្រី ដោយកាំបិតកាប់សាច់ជ្រូក។
ក្នុងហេតុការណ៍កាលពីខែមិថុនា ដោយសារតែស្រវឹងស្រា ទើប Haines មានសកម្មភាពដូច្នេះ នេះបើតាមមេធាវី Marian Lewis។ ចំណែកកូនស្រីរបស់ Haines ក៏បានឱ្យដឹងថា គាត់គឺជាឪពុក ជាលោកតាដ៏ល្អរបស់កូនចៅ។ សេដ្ឋី Haines បានកសាងអាជីវកម្មផ្ទាល់ខ្លួន និងបានជួយឱ្យគ្រួសារមានជីវភាពល្អប្រសើរផ្នែកហិរញ្ញវត្ថុ៕