ក្នុងអំឡុងពេលនេះ Samsung ទំនងជា «មានក្ដីសុខ» នៅពេលបាន «ចំអក» ឱ្យ Apple ក្រោយ iPhone 13 ត្រូវបានបង្ហាញខ្លួន។
ថ្មីៗនេះ Appe បានបញ្ចេញទូរស័ព្ទឆ្លាតវៃមួយគូគឺ iPhone 13 Pro និង iPhone 13 Pro Max ដែលមានមុខងារជាច្រើនត្រូវបានបន្ទាន់សម័យ ក្នុងនោះ អេក្រង់ ProMotion 120Hz ត្រូវបានបំពាក់ជាលើកដំបូងនៅលើ iPhone។ មុខងារនេះប្រហែលជាថ្មីថ្មោងសម្រាប់អ្នកប្រើប្រាស់ iPhone ប៉ុន្តែតាមពិត អេក្រង់លំដាប់នេះត្រូវបានបំពាក់នៅលើទូរស័ព្ទ Android លំដាប់ខ្ពស់តាំងពីយូរមកហើយ ចំណែកបច្ចុប្បន្ន វាក៏មាននៅលើទូរស័ព្ទតម្លៃមធ្យមផងដែរ។
ដូចសព្វមួយដង បន្ទាប់ពី Apple បញ្ចេញ iPhone ថ្មី ដោយមានចំនុចបង្កចំណាប់អារម្មណ៍គឺអេក្រង់ ProMotion 120Hz ក្រុមហ៊ុន Samsung ក៏បាន «លែបខាយ» ដាក់ Apple ដោយការបង្ហោះសារនៅលើ Twitter។
សារខាងលើត្រូវបានបង្ហោះដោយគណនីផ្លូវការមួយដែលមានសញ្ញា «គូសធីក (tick) ពណ៌ខៀវ» របស់ Samsung នៅ សហរដ្ឋអាមេរិក។ នេះមិនមែនជាលើកដំបូងដែល Samsung ចំអកឱ្យគូប្រជែងនោះទេ។ ឱ្យតែមានការបញ្ចេញផលិតផលថ្មី Samsung តែងតែមានការបង្ហោះសាររិះគន់ លែបខាយដល់ផលិតផលរបស់គូប្រជែងនេះ ទន្ទឹមនឹងនេះ Samsung ក៏មិនភ្លេចឃោសនាផលិតផលរបស់ខ្លួនផងដែរ។
ជាមូលដ្ឋាន iPhone 13 ឆ្នាំនេះ ប្រើប្រាស់បច្ចេកវិទ្យាអេក្រង់ LTPO ដែលមានសមត្ថភាពដំណើរការស្វ័យប្រវត្តក្នុងការកែតម្រូវល្បឿនប្រតិបត្តិការរបស់អេក្រង់ ដោយយោងទៅលើកិច្ចការ និងខ្លឹមសារដែលបង្ហាញនៅលើអេក្រង់ ដើម្បីសន្សំសំច័យថ្ម។ បច្ចេកវិទ្យានេះ ធ្លាប់ត្រូវបាន Samsung បំពាក់លើ Galaxy S21 Ultra ដែលបានបង្ហាញខ្លួនក្នុងទីផ្សាយកាលពីដើមឆ្នាំនេះ។ ចំណែកទូរស័ព្ទដំបូងរបស់ Samsung ដែលបានបំពាក់អេក្រង់ល្បឿន 120Hz គឺ Galaxy S20 ដែលបានបង្ហាញខ្លួនកាលពីដើមឆ្នាំ 2020។
iPhone 13 Pro និង 13 Pro Max បច្ចុប្បន្ន មានតម្លៃចាប់ពី 999 ដុល្លារ និង 1,099 ដុល្លារអាមេរិក សម្រាប់កំណែដែលមានអង្គចងចាំ 128GB៕