Skip to content

រោងចក្រ​ស៊ីម៉ងត៍​ដ៏​ធំ​របស់​កម្ពុជា នឹង​ដំណើរ​ការផលិត​នៅ​ខែវិច្ឆិកា

រោងចក្រ​ផលិត​ស៊ីម៉ងត៍​ដ៏​ធំ​បំពាក់​ដោយ​បច្ចេកវិទ្យា​កម្រិត​ខ្ពស់បំផុត​នៅ​តំបន់​អាស៊ីអាគ្នេយ៍​របស់​កម្ពុជា នឹង​បើក​ដំណើរការ​ផលិត​ជា​លើកដំបូង​របស់ខ្លួន​នៅ​ខែវិច្ឆិកា ឆ្នាំ 2017។ នេះ​បើតាម​ការប្រកាស​របស់​ក្រុមហ៊ុន ជីបម៉ុង អ៊ិន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន ក្នុង​យុទ្ធនាការ​ធ្វើតេស្ដ​គុណភាព​នៃ​ស៊ីម៉ងត៍ កាលពី​ព្រឹក​ថ្ងៃទី 04 ខែកញ្ញា ម្សិលមិញ។

លោក ឧកញ៉ា លាង ម៉េង អគ្គនាយក ក្រុមហ៊ុន ជីបម៉ុង អ៊ិន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន បានឱ្យដឹងថា ក្រុមហ៊ុន​លោក កំពុងតែ​រៀបចំ​បើក​ដំណើរការ​រោងចក្រ​ស៊ីម៉ងត៍​ថ្មី ដ៏​ទំនើប​បំផុត ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ស្រុក​ទូក​មាស ខេត្តកំពត ជាមួយនឹង​ការចំណាយ​ទុន​ទឹកប្រាក់ ចំនួន 262 លាន​ដុល្លា​អាមេរិក ដែល​នឹង​ចាប់ផ្តើម​ដំណើរការ​ចាប់ពី ខែវិច្ឆិកា​ឆ្នាំ 2017 នេះ​តទៅ។ រោងចក្រ​ស៊ីម៉ងត៍​របស់​ក្រុមហ៊ុន ជីបម៉ុង អ៊ិន​ស៊ី ស៊ី​មេន នេះ​នឹង​ក្លាយជា​រោងចក្រ​ស៊ីម៉ងត៍​ដែល​ធំជាងគេ និង​ទំនើប​បំផុត​ដោយ​ប្រើ​បច្ចេកវិទ្យា​កម្រិត​ខ្ពស់បំផុត​នៅ​តំបន់​អាស៊ីអាគ្នេយ៍។ អតិថិជន​នឹង​ទទួលបាន​ផលិតផល​ស៊ីម៉ងត៍​ពី​វត្ថុធាតុដើម​ដែលមាន​គុណភាព​ខ្ពស់បំផុត​ជាមួយនឹង​ប្រព័ន្ធគ្រប់គ្រង​បច្ចេកវិទ្យា​ចុងក្រោយបង្អស់។

លោក​ឧកញ៉ា​បន្ដថា  ការវិនិយោគ​ដ៏​ធំ​រួមមួយ​នេះ​បានចាប់ផ្តើម​ឡើង​នៅ​ចុងឆ្នាំ 2015 ដោយ​ក្រុមហ៊ុន​ជីបម៉ុង អ៊ិន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន បាន​ច្របាច់​បញ្ចូល​គ្នា​រវាង​ទីផ្សារ​ក្នុងស្រុក និង​ការ​ចែកចាយ​ទីផ្សារ​របស់​ក្រុមហ៊ុន ជីបម៉ុង​គ្រុប​កម្ពុជា ជាមួយនឹង​ក្រុមហ៊ុន ស៊ីម៉ងត៍​ស្យាម របស់​ថៃ​ដែលជា​អ្នកជំនាញ ខាង​វិស័យ​សាងសង់ ជាច្រើន​ទសវត្សរ៍​មកហើយ។ ការវិនិយោគ​រួម​នេះ ផ្តល់​ជំហរ​ដ៏​រឹងមាំ​បំផុត​ក្នុង​ការកំណត់​នូវ​តម្រូវការ និង​ការចង់បាន​របស់​អតិថិជន​ដៃគូ ដែលជា​ជាងសំណង់ និង​អ្នក​សាងសង់​ផ្ទះ​គ្រប់រូប​នៅក្នុង​ទីផ្សារ​កម្ពុជា ដ៏​គួរឱ្យ​ចាប់អារម្មណ៍​មួយ​នេះ។

លោក​មានប្រសាសន៍ថា៖ «យើង​ចង់ឱ្យ​ប្រជាជន​កម្ពុជា​បាន​ស្គាល់​កាន់តែច្បាស់​ក៏ដូចជា​ធ្វើ ជា​សាក្សី​នូវ​គុណភាព​ដ៏​រឹងមាំ​នៃ​ស៊ីម៉ងត៍​ដែល​ផលិត​នៅក្នុង​ទឹកដី​កម្ពុជា ស៊ីម៉ងត៍​របស់​យើង​មានគុណ​ភាពល្អ​មិន​ចាញ់​ផលិតផល​នាំចូល​ពី​បរទេស​ដែរ។ វា​ជា​ស៊ីម៉ងត៍​ដ៏​រឹងមាំ​បំផុត​មួយ​ក្នុងស្រុក​ដែល​ជាទី​មោទនភាព​របស់​ប្រជាជន​កម្ពុជា​គ្រប់រូប »។

 

ចាប់ពី​ខែ​វិ​ចិ្ឆ​កា​នេះ​តទៅ ប្រជាជន​កម្ពុជា​អាច​ចូលរួម​ធ្វើជា​សាក្សី​នៃ​គុណភាព​ដ៏​រឹងមាំ​របស់​ស៊ីម៉ងត៍ ដែល​ផលិត​ក្នុងស្រុក​បាន​ហើយ។ ក្រុមការងារ​របស់​ក្រុមហ៊ុន​ជីបម៉ុង​នឹងធ្វើ​ដំណើរ​ជុំវិញ​ទីក្រុង​ភ្នំពេញ និង​តាម​បណ្តាល​ខេត្ត​មួយចំនួន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃទី 4 ខែកញ្ញា រហូតដល់​ខែតុលា ឆ្នាំ 2017 ដើម្បីឱ្យ​អ្នកប្រើប្រាស់​យល់​កាន់តែច្បាស់​នូវ​គុណភាព​នៃ​ស៊ីម៉ងត៍​ដែលជា​ផលិត​ក្នុងស្រុក​មួយ​នេះ។

 

នៅ​ថ្ងៃទី 6 និង​ទី 7 ខែកញ្ញា នេះ​ក្រុមការងារ​ជំនាញ​របស់​ក្រុមហ៊ុន ជីបម៉ុង នឹង​បន្ត​ធ្វើដំណើរ​ទៅ​ជួប​ប្រជាជន​កម្ពុជា នៅ​ផ្សារ​អូ​ឬ​ស្សី និង​ផ្សារ​អូឡាំពិក ដោយ​មានការ​ផ្តល់នូវ​ព័ត៌មាន​ពី​ផលិតផលថ្មីៗ ការលេង​ល្បែង​កម្សាន្ត​ដើម្បី​យក​រង្វាន់ ព្រមទាំង​កម្មវិធីសប្បាយៗជាច្រើន​ទៀត។ ប្រជាជន​កម្ពុជា​អាច​ចូលរួម​ពិសោធន៍​គុណភាព​ស៊ីម៉ងត៍​របស់​កម្ពុជា ជាមួយ​ក្រុម​អ្នកជំនាញ និង​ការបង្ហាញ​នូវ​បច្ចេកទេស​ក្នុងការ​បូក​ស៊ីម៉ងត៍​ឱ្យបាន​រលោង​ស្អាត​ហើយ​ធានា​គុណភាព​កាន់តែ​ជាប់​បានយូរ៕

Leave a Reply

Your email address will not be published. Required fields are marked *