ទឹកសមុទ្រកក នឹងបណ្ដាលឱ្យមានគ្រោះមហន្តរាយដល់ជីវិតទាំងអស់ដែលមាននៅលើពិភពផែនដី ដោយសារតែបាត់បង់ប្រភពផ្គត់ផ្គង់អុកស៊ីសែន និងដំណើរនៃវដ្ដរបស់ទឹក។
ផែនដី បានឆ្លងកាត់យុគសម័យទឹកកកធំៗយ៉ាងតិច 5 លើករួចមកហើយ។ លើកចុងក្រោយបានកើតឡើងកាលពីប្រមាណ 20,000 ឆ្នាំមុន និងធ្វើឱ្យផែនដីត្រជាក់ជាងបច្ចុប្បន្ន ប្រហែល 5 អង្សាសេ។ ប៉ុន្តែ កាលណោះ អ្នកក៏មិនអាចមើលឃើញផ្ទៃទឹកមហាសមុទ្រត្រូវកកទាំងស្រុងនោះដែរ។
មានកត្តាសំខាន់ៗមួយចំនួនដែលរក្សាទឹកក្នុងមហាសមុទ្ររបស់យើង ឱ្យស្ថិតនៅក្នុងសភាពរាវ ក្រៅពីតំបន់ដែលត្រជាក់បំផុតនៃប៉ូលខាងជើង និងខាងត្បូង។ បើសិនជាបាត់បង់កត្តាទាំងនេះភ្លាមៗ ទឹកនឹងត្រូវកក។
កត្តាដំបូងគឺកំហាប់ខ្ពស់នៃជាតិអំបិល ដោយវាជួយកំណត់កម្រិតនៃភាពត្រជាក់ដែលនាំឱ្យទឹកប្រែជាកក ពី 0 អង្សាសេ មកនៅត្រឹម -2 អង្សាសេ។
មូលហេតុមួយផ្សេងទៀត នោះគឺផែនដីមានទឹកយ៉ាងច្រើន។ ប្រមាណ 71% នៃផ្ទៃផែនដី ត្រូវបានគ្របដណ្ដប់ដោយទឹក ក្នុងនោះមានប្រហែល 96.5% គឺជាទឹកប្រៃ។ ចំពោះបរិមាណទឹកនេះ គេត្រូវការបំបាត់កំដៅយ៉ាងច្រើន ដើម្បីអាចឈានដល់សភាពកក។ សូមកុំភ្លេចថា ទឹកក្នុងមហាសមុទ្រទាំងអស់សុទ្ធតែមានចលនា។ លំហូរទឹកសមុទ្របែងចែកទឹកក្កៅទៅកាន់តំបន់ទឹកត្រជាក់។
កត្តាចុងក្រោយ នោះគឺសម្បកផែនដីដែលស្ដើងបំផុត ស្ថិតនៅខាងក្រោមមហាសមុទ្រ ដូច្នេះហើយទើបកម្ដៅអាចភាយចេញពីខាងក្រោមសម្បកផែនដីចូលមកក្នុងទឹកសមុទ្រ។
បើសិនជាកត្តាទាំងឡាយខាងលើត្រូវបាត់បង់ អ្នកនឹងត្រូវការវ៉ែនតាពណ៌ខ្មៅ ព្រោះថាពេលនោះ ផែនដីរបស់យើងនឹងក្លាយជាពិភពដ៏មហាសែនត្រជាក់ ដែលពន្លឺព្រះអាទិត្យត្រូវចាំងប្លាតយ៉ាងខ្លាំងក្លា ដោយសារតែទឹកកក និងព្រឹលមានពណ៌ស រលោង អាចបង្កើតកម្រិតខ្ពស់។ បាតុភូតនេះបកស្រាយអំពីមូលហេតុដែលនាំឱ្យកំពូលផ្ទាំងទឹកកកនៅតំបន់ប៉ូល បានជួយរក្សាអាកាសធាតុផែនដីឱ្យមានស្ថិរភាពក្នុងរយៈពេលរាប់ពាន់ឆ្នាំ។
បើសិនមហាសមុទ្រទាំងអស់ត្រូវកក វានឹងចាំងប្លាតពន្លឺព្រះអាទិត្យយ៉ាងច្រើនចេញទៅក្រៅបរិយាកាស ហើយប្រការនេះនឹងធ្វើឱ្យវដ្ដរបស់ទឹកនៅលើផែនដី ត្រូវរអាក់រអួល។
កម្ដៅពីព្រះអាទិត្យនឹងមិនគ្រប់គ្រាន់ដើម្បីធ្វើឱ្យទឹកត្រូវហួតទៅលើមេឃ។ ប្រការនេះមានន័យថា មិនមានភ្លៀងធ្លាក់ទៀតនោះទេ។ បើពុំមានពពក ភ្លៀងក៏ត្រូវបាត់ខ្លួន។ ទឹក និងព្រឹលមានសារសំខាន់សម្រាប់ជីវិតនៅលើផែនដី ប៉ុន្តែបើសិនពួកវាបាត់ខ្លួន ផែនដីនឹងក្លាយទៅជាស្ងួតហួតហែងដូចទៅនឹងប៉ូលខាងត្បូង ឬផ្នែកខ្លះនៃសមុទ្រខ្សាច់ សាហារ៉ា (Sahara)។
មហាសមុទ្រទាំងអស់ដែលកកជាទឹកកក អាចធ្វើឱ្យជីវិតរបស់សត្វច្រើនប្រភេទត្រូវផុតពូជ ព្រោះថា មហាសមុទ្រនានាមានផ្ទុកជីវិតរបស់ផែនដី ប្រមាណ 80% ហើយត្រីទាំងឡាយដែលបានងាប់ក្រោមផ្ទៃទឹកកកនេះ នឹងប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់មនុស្ស។
ទឹកកកនឹងកាត់ផ្ដាច់ផ្លូវទឹកនៅលើសមុទ្រ ដែលនេះមានន័យថា នឹងធ្វើឱ្យសកម្មភាពដោះដូរពាណិជ្ជកម្មសកលត្រូវបាត់បង់ 80%។ មនុស្សជិត 56 លាននាក់កំពុងធ្វើការងារក្នុងវិស័យនេសាទត្រី និងដាំ ឬចិញ្ចឹមសត្វក្នុងទឹកនឹងត្រូវអស់ការងារធ្វើ។ អាហារសមុទ្រនឹងលែងជាអាហារសំខាន់នៅក្នុងរបបអាហារប្រចាំថ្ងៃទៀតហើយ ក្នុងនោះក៏នឹងលែងមានមុខម្ហូប ស៊ូស៊ី ឬបង្កងអាំងនៅលើចង្ក្រានទៀតដែរ។
ប៉ុន្តែ បញ្ហាខាងលើនេះនៅតែមិនធ្ងន់ធ្ងរប៉ុន្មាន បើធៀបនឹងការដែលអ្នកត្រូវពិបាកដកដង្ហើមជាងមុន។ មហាសមុត្ររួមចំណែកផ្ដល់អុកស៊ីសែនពី 50-85% នៃបរិយាកាសរបស់ផែនដី ដែលនេះគឺសារតែសត្វប្រភេទប្លង់តុង (Zooplankton) សារាយ និងបាក់តេរី បង្កើតឡើងក្នុងពេលធ្វើរស្មីសំយោគ។ បើសិនជាមហាមុទ្រត្រូវកក ពួកវាអាចងាប់ទាំងអស់ លើកលែងតែអ្នកដាំដើមឈើរាប់ពាន់លានដើមក្នុងរយៈពេលតែមួយយប់។
សត្វច្រើនប្រភេទនៅលើគោក រួមទាំងមនុស្ស ក៏នឹងស្លាប់ដោយសារគ្មានអុកស៊ីសែន។ បើសិនអ្នកជាមនុស្សម្នាក់ដែលមានសំណាងនៅរស់ នោះចំណេរចុងក្រោយ កំហាប់អុកស៊ីសែនអាចត្រលប់មកជាធម្មតាវិញ។ ប៉ុន្តែ តើជីវិតនឹងត្រូវបន្តរស់តាមរបៀបណានៅលើផែនដីដែលកកមួយនេះ?
ការចែវទូក kayak ទៅមើលសត្វផ្សោតនៅមហាសមុទ្រ នាំមកនូវការសប្បាយរីករាយដល់យើងទាំងអស់គ្នា។ ប៉ុន្តែ នៅពេលមហាសមុទ្រត្រូវកក អ្នកនឹងលែងបានទទួលបទពិសោធន៍ទាំងនោះទៀតហើយ៕