ក្រុមហ៊ុនផលិតរថយន្ត BMW ប្រកាសអំពីគំរូម៉ូដែលរថយន្តអគ្គិសនីថ្មីរបស់ខ្លួនដែលមិនប៉ះពាល់ដល់បរិស្ថាន និងមានឈ្មោះថា i Vision Circular នៅឯព្រឹត្តិការណ៍តាំងពិព័រណ៍រថយន្ត Munich 2021។
នេះគឺជាគំរូម៉ូដែលរថយន្តដើរដោយថាមពលអគ្គិសនីថ្មីរបស់ក្រុមហ៊ុន BMW មានឈ្មោះថា i Vision Circular។
ដោយមានរូបរាងដូច «គ្រាប់ស៊ុត» i Vision Circular មើលទៅហាក់មានលក្ខណៈប្រកបដោយភាពជាម៉ាស៊ីនយ៉ាងរស់រវើក។ រថយន្តនេះមានបណ្ដោយប្រវែង 4 ម៉ែត្រ, កៅអីចំនួន 4 ហើយបរិវេណខាងក្នុងធំទូលាយ។
ប៉ុន្តែ រចនារូបរាងមិនមែនជាប្រការដ៏អស្ចារ្យបំផុតនៃរថយន្តនេះទេ។ ជំនួសមកវិញ វាគឺជាលទ្ធភាពនៃការកែច្នៃឡើងវិញរបស់ i Vision Cicular។
Momagoj Dukec ដែលជាអ្នករចនាម៉ូដរថយន្តរបស់ក្រុមហ៊ុន BMW បានឱ្យដឹងថា «យើងមានចក្ខុវិស័យក្នុងការប្រើប្រាស់វត្ថុធាតុដែលមានស្រាប់។ ប្រការនេះមានន័យថា គ្រប់យ៉ាងដែលត្រូវបានប្រើប្រាស់នៅទីនេះ នៅលើរថយន្តនេះ សុទ្ធតែជាវត្ថុធាតុដែលឆ្លងកាត់ការប្រើប្រាស់រួចហើយ។
ក៏ប៉ុន្តែ មិនមែនមានតែប៉ុណ្ណឹងនោះទេ រថយន្តនេះនៅត្រូវបានរចនាឡើង អាចឱ្យដោះចេញ និងប្រើប្រាស់ឡើងវិញ។ ដូច្នេះ យើងអាចប្រើប្រាស់វត្ថុធាតុទាំងអស់របស់រថយន្តនេះដើម្បីផលិតជារថយន្តថ្មី។
និយាយរួម i Vision Circular ត្រូវបានផលិតឡើងពីវត្ថុធាតុដែលគេប្រើរួចហើយផង និងមានលទ្ធភាពឱ្យគេច្នៃប្រើឡើងវិញ 100% បានទៀតផង។ នោះគឺជានិយមន័យថ្មីដែលអាចប្ដូរផ្លាស់ទាំងស្រុងនូវវិធីដែលយើងផលិតរថយន្តនាពេលអនាគត។
ក្រុមហ៊ុនផលិតរថយន្តទំនើប BMW មានគោលដៅដាក់លក់រថយន្ត i Vision Circular នៅក្នុងទីផ្សារ ចាប់ពីឆ្នាំ 2040៕