ធ្លាប់ជាមនុស្សម្នាក់ដែលមិនទាំងហ៊ានទិញកាហ្វេប្រេន Starbucks ឬត្រូវទៅក្រៅញ៉ាំអីដោយចេញប្រាក់រៀងៗខ្លួនជាមួយមិត្តស្រី ពេលនេះ Graham Stephan សន្សំបានប្រាក់ច្រើន និងចំណាយអស់ 45,000 ដុល្លារអាមេរិក រួចហើយ សម្រាប់អាងចិញ្ចឹមត្រីក្នុងផ្ទះ។
ឈានជើងចូលដល់ផ្ទះរបស់ Graham Stephan នៅ Las Vegas អ្វីដែលអ្នកមើលឃើញមុនគេ នោះគឺអាងចិញ្ចឹមត្រីសម្រាប់កំសាន្តបបែបទំនើបដ៏ធំមួយ។ អាងចិញ្ចឹមត្រីនេះគឺជានិមិត្តរូបនៃការផ្លាស់ប្ដូរជីវភាពរបស់ Stephan ចាប់ពីឆ្នាំ 2019 ដែលកាលណោះគាត់នៅធ្វើការក្រៅម៉ោងក្នុងវិស័យអចលនទ្រព្យ ទន្ទឹមនឹងការធ្វើវីដេអូសម្រាប់ឆានែល Youtube ផ្ទាល់ខ្លួននៅឯផ្ទះដែលស្ថិតក្នុងទីក្រុង Los Angeles។
បច្ចុប្បន្ន យីហោរបស់ Stephan រួមមាន ឆានែល Youtube ចំនួន 5 និងទំព័រ podcast ចំនួន 1។ Stephan ជួលបុគ្គលិក 2 នាក់ដើម្បីជួយការងារដ៏ច្រើនរបស់ខ្លួន។ សេដ្ឋីវ័យ 31 ឆ្នាំរូបនេះ បានរើទៅកាន់ផ្ទះមួយខ្នងដែលមានតម្លៃ 1.4 លានដុល្លារ និងរស់នៅជាមួយមិត្តស្រី Macy។
ក្រោយពីឈានដល់ពេលរកបាន 1 លានដុល្លារ/ឆ្នាំ កាលពីឆ្នាំ 2019 និងរកបាន 5.1 លានដុល្លារក្នុងឆ្នាំ 2020 លោក Stephan ក៏នឹងរកបានប្រហែល 6 លានដុល្លារ (បានទូទាត់ការចំណាយរួចរាល់) នៅក្នុងឆ្នាំនេះ ដែលក្នុងនោះ 3 លានដុល្លារបានមកពីការផ្សាយពាណិជ្ជកម្មនៅលើ Youtube ហើយក្រៅពីនេះគឺបានមកពីកិច្ចសន្យាឧបត្ថម្ភ និងលក់វគ្គសិក្សានៅលើទំព័រ Teachable។
សេដ្ឋី Stephan ទទួលបានជោគជ័យដូច្នេះ ក្រោយពីបានបោះបង់ការងារក្នុងវិស័យអចលនទ្រព្យ ដើម្បីចំណាយពេលទាំងស្រុងទៅលើ Youtube។
ខាងក្រោមនេះគឺជាដំណើរក្លាយជាអ្នកមានដោយសារ ឆានែល Youtube របស់ Stephan ៖
1-ផ្ដោតទៅលើការធ្វើវីដេអូ នៅលើ Youtube
Stephan បោះបង់ការងារជាភ្នាក់ងារអចលនទ្រព្យពីក្រុមហ៊ុន Oppenheim ដោយសារមូលហេតុមួយចំនួន។ ប៉ុន្តែ ពិសេសបំផុតគឺគាត់យល់ឃើញថា ខ្លួនគួរចំណាយពេលទាំងអស់ទៅលើ Youtube ជាជាងការងារលក់ផ្ទះ។ មុននោះ នៅពេលចាប់ផ្ដើមល្បីឈ្មោះ Stephan បានចំណាយពេលវេលា 20% សម្រាប់អចលនទ្រព្យ និង 80% សម្រាប់ Youtube។ ជាធម្មតា Stephan ធ្វើវីដេអូ រហូតដល់ម៉ោង 2 រំលងអធ្រាត្រ។
កាលពីពាក់កណ្ដាលឆ្នាំ 2020 Stephan បានងាកទៅធ្វើវីដេអូ បង្ហោះលើ Youtube ដោយប្រើពេលវេលាជាង 8 ម៉ោងដែលខ្លួនមាន។ ឆានែល របស់គាត់កាលណោះមានអ្នកតាមដានប្រហែល 1.5 លាននាក់ ហើយវាក៏ជាពេលដែលគាត់រកបាន 1 លានដុល្លារពី Youtube។
បច្ចុប្បន្ន ឆានែល សំខាន់ជាងគេរបស់ Stephan មានអ្នកចុះឈ្មោះតាមដានប្រហែល 3.5 លាននាក់។ ចាប់ពីដើមឆ្នាំ រហូតដល់ខែកក្កដាកន្លងទៅ គាត់រកបានជិត 1.5 លានដុល្លារ ពីការផ្សាយពាណិជ្ជកម្មនៅលើ ឆានែល Youtube របស់ខ្លួន។
Stephan ល្បីឈ្មោះដោយសារតែវីដេអូរបស់គាត់និយាយអំពីខ្ទង់វិនិយោគ និងចំណូលដែលបានមកពីវិស័យអចលនទ្រព្យរបស់ខ្លួន។ ប៉ុន្តែ Stephan បានពង្រីកទៅកាន់ខ្លឹមសារវិភាគព័ត៌មាន ក៏ដូចជាការបកស្រាយអំពីប្រធានបទហិរញ្ញវត្ថុ និងរូបិយបណ្ណឌីជីថល ឬមូលបត្រជាដើម។ រៀងរាល់ថ្ងៃ ការងាររបស់ Stephan អូសបន្លាយពេលពីម៉ោង 6 កន្លះព្រឹក ដល់ម៉ោង 6 ឬ 7 យប់។
2-Stephan រើផ្ទះពី Los Angeles ទៅរស់នៅឯ Las Vegas
កាលពីខែធ្នូ ឆ្នាំ 2020 Stephan សម្រេចចិត្តរើទៅរស់នៅក្នុងទីក្រុង Las Vegas ព្រោះតែផ្ទះនៅឯ Los Angeles តូចចង្អៀតពេក។ ជំនួសឱ្យការលក់ផ្ទះចាស់ Stephan បានសម្រេចចិត្តដាក់ឱ្យជួល។
3-Stephan បានប្ដូរផ្លាស់ទម្លាប់សន្សំសំច័យមួយចំនួន
មុននោះ Stephan ល្បីឈ្មោះ ហើយទ្រព្យក៏បានកើនឡើងដល់ 1 លានដុល្លារ ដោយគាត់មានទម្លាប់សន្សំសំច័យកម្រិតខ្ពស់ ដែលហៅថា «រិះ ឬ កំណាញ់»។ គាត់បានក្លាយជាសេដ្ឋីក្នុងវ័យ 26 ឆ្នាំ ដោយសារសន្សំសំច័យ 99% នៃប្រាក់ចំណូលសរុប និងតែងចេញលុយរៀងខ្លួនពេលទៅញ៉ាំអីនៅខាងក្រៅជាមួយមិត្តស្រី ព្រមទាំងមិនចូលចិត្តទិញកាហ្វេ ឬរបស់របរប្រែន។
បច្ចុប្បន្ន Stephan ល្បីឈ្មោះជាងមុន និងមានទ្រព្យសរុប 15.5 លានដុល្លារ។ ក៏ប៉ុន្តែ ប៉ុន្មានឆ្នាំចុងក្រោយនេះ Stephan ទទួលបានបទពិសោធន៍ជាច្រើនទាក់ទងនឹងការចំណាយ។ គាត់បានដឹងថា ការចាយវាយ ពេលខ្លះមានប្រយោជន៍ជាងការសន្សំតាំងពី 1 កាក់ 1 សេន។ បើទោះជានៅតែមិនព្រមចូលហាងកាហ្វេប្រែនៗ ប៉ុន្តែ ពេលនេះ Stephan ត្រៀមខ្លួនជាស្រេចសម្រាប់ចាយលុយនៅកន្លែងមួយចំនួន។
«មេរៀនធំបំផុតដែលខ្ញុំរៀនសូត្របាននៅពេលចាប់ផ្ដើមចាយវាយដោយធូរចិត្ត នោះគឺថា ប្រាក់អាចជួយឱ្យខ្ញុំទិញពេលវេលា» Stephan ឱ្យដឹងដូច្នេះ។
Stephan ប្រាប់ថា រាល់ខែ គាត់ចំណាយ 130 ដុល្លារសម្រាប់សេវាកម្មសម្អាតអាងចិញ្ចឹមត្រី និង 205 ដុល្លារសម្រាប់ការរៀបចំផ្ទះសំបែង។ Stephan និយាយថា ខ្ទង់ប្រាក់ទាំងនេះគួរតែត្រូវចំណាយ ព្រោះថា គាត់អាចប្រើប្រាស់ពេលវេលានោះដើម្បីធ្វើការ ឬសម្រាកយកកម្លាំង។
ទោះជានៅតែតាមដានការចំណាយ ប៉ុន្តែ Stephan បានបន្ធូរបន្ថយខ្លះហើយលើការរឹតត្បិតការចំណាយ នៅពេលរកបានប្រាក់ច្រើនជាងមុន។ CNBC បានឱ្យដឹងថា សេដ្ឋី Stephan សន្សំបានជាមធ្យម 400,000 ដុល្លារ រៀងរាល់ខែ ហើយ 60% ក្នុងខ្ទង់នេះត្រូវបានយកទៅវិនិយោគបន្ថែម សល់ពីនេះនឹងត្រូវដាក់ទៅក្នុងគណនីបញ្ញើសន្សំដែលមានការប្រាក់ខ្ពស់៕