ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក អ៊ិត សំហេង បានថ្លែងថា វិវាទការងារក្នុងឆមាសទី1ឆ្នាំនេះមានចំនួន70ករណី ប៉ុន្តែដោះស្រាយបានចំនួនតិចតួចប៉ុណ្ណោះ។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍ឲ្យដឹងក្នុងពិធីសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីស្តីពីសេចក្តីព្រាងច្បាប់ ស្តីពីនីតិវិធីជម្រះក្តី វិវាទការងារ នៅព្រឹកថ្ងៃទី4 ខែកញ្ញា ឆ្នាំ2017នេះថា ក្នុងឆមាសទី1 ឆ្នាំ2017 នាយកដ្ឋានវិវាទការងារ បានដោះស្រាយវិវាទបុគ្គលចំនួន70ករណី ដោះស្រាយបាន6ករណី មិនទាន់ដោះស្រាយបានចំនួន56ករណី និងមោឃៈចំនួន8ករណី និងដោះស្រាយវិវាទការងាររួមចំនួន15ករណី ដោះស្រាយបាន3ករណី និងមិនទាន់ដោះស្រាយបានចំនួន12ករណី។ ប៉ុន្តែយ៉ាងណាក៏ដោយ ការដោះស្រាយវិវាទការងារបានជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយបន្ថែម ក្នុងនោះគឺបញ្ហាប្រឈមនឹងប្រព័ន្ធដោះស្រាយវិវាទការងារបច្ចុប្បន្នរបស់កម្ពុជា។
ទាក់ទងនឹងច្បាប់ថ្មីមួយដែលរៀបចំដោយក្រសួងការងារ និងអង្គការអន្តរជាតិខាងការងារ (ILO) លោក អ៊ិត សំហេង បានបញ្ជាក់ថា ច្បាប់នេះនឹងធានាក្នុងការផ្តល់យុត្តិធម៌លើបណ្តឹងការងារគ្រប់ប្រភេទដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ជនទាំងឡាយណាដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ និងធានាសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ បរិយាកាសល្អសម្រាប់ការវិនិយោគ និងបង្កើតការងារ។
លោក Alain Pelce អ្នកជំនាញការជាន់ខ្ពស់ផ្នែកច្បាប់ស្តីពីការងារនៃអង្គការអន្តរជាតិខាងការងារបានមានប្រសាសន៍ឲ្យដឹងផងដែរថា ច្បាប់នេះគឺជាលិខិតបទដ្ឋានគតិយុត្តថ្មីមួយទៀតដែលបង្កើតឲ្យមានជាប្រព័ន្ធដោះស្រាយវិវាទការងារមួយពេញលេញដែលរួមមានទាំងការជំនុំជម្រះរឿងក្តីការងារដោយតុលាការងារ ហើយការរៀបចំតាក់តែងសេចក្តីព្រាងច្បាប់នេះ គឺជាសមិទ្ធផលថ្មីមួយដែលនឹងរួមចំណែកក្នុងការពង្រឹងនីតិរដ្ឋ ការធានានូវភាពសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ ក៏ដូចជារួមចំណែកក្នុងការដោះស្រាយវិវាទការងារឲ្យកាន់ តែមានប្រសិទ្ធភាពបន្ថែមផងដែរ៕