រៀងរាល់លើកនៃការដកដង្ហើមរបស់មនុស្ស មាន ម៉ូលេគុល ប្រមាណ 25,000,000,000,000,000,000 (25,000 កោដិកោដិ ឬ 25 quintillion) ត្រូវបានស្រូបចូលទៅក្នុងសួត ក្នុងនោះក៏មាន អាសូត (nitrogen), អុកស៊ីសែន, អាកុង (argon) រួមនឹងគ្រាប់ល្អិតផ្សេងៗជាច្រើនទៀត។
ដកដង្ហើមវែង ស្រូបខ្យល់ចូលទៅក្នុងសួត…
ការដកដង្ហើមរាល់លើកដូច្នេះ សួតរបស់អ្នកត្រូវបានបំពេញដោយ ម៉ូលេគុល ប្រមាណ 25,000,000,000,000,000,000 (25,000 កោដិកោដិ ឬ 25 quintillion) ដែលផ្សំឡើងពីធាតុដែលបានកកើតឡើងកាលពីប៉ុន្មានថ្ងៃមុន រហូតដល់សមាសធាតុដែលកកើតតាំងពីរាប់ពាន់លានឆ្នាំមុន។
ជាក់ស្ដែង ម៉ូលេគុលខ្លះដែលអ្នកកំពុងដកដង្ហើមចូល អាចជាសមាធាតុដែលត្រូវបានដកដង្ហើមចេញដោយមនុស្សកាលពីយុគសម័យដើម។ ដូច្នេះ ការពិត តើមនុស្សយើងកំពុងដកដង្ហើម ដោយការស្រូបយកសារធាតុអ្វីខ្លះ?
ប្រមាណជា 78% នៃបរិយាកាសរបស់ផែនដីគឺជា អាសូត ដែលបង្កើតឡើងដោយសកម្មភាពភ្នំភ្លើងដែលស្ថិតនៅក្រោមសម្បកផែនដី។ សមាសធាតុសំខាន់បន្ទាប់គឺ អុកស៊ីសែន ដែលមានខ្ទង់ 21%។ បើទោះជា ម៉ូលេគុយនៃអុកស៊ីសែន បានកកើតតាំងពីយូរយារ ដំណាលគ្នានឹងមហាសមុទ្រលើផែនដី ប៉ុន្តែ ខ្យល់អុកស៊ីសែន មិនបានបង្ហាញខ្លួនរហូតដល់យុគសម័យដែលសត្វក្នុងមហាសមុទ្របានវិវឌ្ឍ។ ចុងក្រោយ 0.93% នៃបរិយាកាសផែនដីគឺជា អាកុង ដែលជា ម៉ូលេគុល បានកកើតចេញពីការបែកធ្លាយនៃវិទ្យុសកម្មរបស់ ប៉ូតាស្យូម នៅក្នុងខ្យល់បរិយាកាស ស្រទាប់សម្បក និងស្នូលរបស់ផែនដី។
សមាសធាតុទាំងឡាយខាងលើនេះគឺមានបរិមាណ 99.93% នៃខ្យល់ដែលអ្នកបានដកដង្ហើមចូលក្នុងសួតមួយដង។ អាស្រ័យលើទីតាំង និងពេលវេលា ខ្យល់បរិយាកាសក៏មានផ្ទុកចំហាយទឹកបន្តិចផងដែរ។ ប៉ុន្តែ អ្វីដែលប្រែប្រួលច្រើនបំផុតគឺស្ថិតនៅក្នុងបរិមាណ 0.07% ដែលនៅសល់ ដោយវាអាចផ្ទុកសមាសធាតុផ្សេងៗជាច្រើន។
បរិមាណនៃខ្យល់បរិយាកាសដ៏តិចតួច (0.07%) នេះ រួមមាន គ្រាប់ល្អិតជាច្រើន ដូចជាលំអងផ្កា លំអងផ្សិត និងកម្ទេចធាតុរាវល្អិតៗ រួមនឹងបណ្ដាឧស្ម័នដូចជា មេតាន និង កាបូនឌីអុកស៊ីត។ សមាសធាតុធម្មជាតិ និងសិប្បនិម្មិតទាំងនេះ មានការប្រែប្រួលពីកន្លែងមួយ ទៅកន្លែងមួយ។ ប៉ុន្តែ បើទោះជាអ្នកស្ថិតនៅទីណា ខ្យល់ដកដង្ហើម 0.07% ក្នុងចំណោមខ្យល់សរុបដែលអ្នកបានស្រូបចូលម្ដងៗ សុទ្ធតែមានលទ្ធភាពផ្ទុកសារធាតុពុលដែលមនុស្សបានបង្កើតឡើង ក្នុងនោះអាចជាសារធាតុដែលបង្កជំងឺសួត និងមហារីក ហើយពេលខ្លះអាចបណ្ដាលឱ្យរបួសដល់ DNA ទៀតផង។
នៅក្នុងបរិយាកាស មានសមាសធាតុគ្រោះថ្នាក់ជាច្រើន ប៉ុន្តែគេអាចចែកចេញជាពីរប្រភេទ។ ដំបូងគឺសារធាតុពុលបឋម ដែលត្រូវបានបញ្ចេញផ្ទាល់ពីប្រភពដែលមនុស្សបង្កើតឡើង ឬពីធម្មជាតិ។ ប៉ុន្តែ មិនមែនពេលណាក៏វាសុទ្ធតែចេញពីប្រភពដែលអ្នកបានគិតដល់នោះដែរ។
រោងចក្រធំៗមួយចំនួន បញ្ចេញចំហាយទឹកជាចម្បង និងមានផ្ទុកសារធាតុពុលតិចតួចក្នុងនោះ ខណៈដែលការដុតឧស ឬកាកសំណល់ពីសត្វ បង្កើតបានជា អ៊ីដ្រូកាបូន ជាសមាសធាតុគ្រោះថ្នាក់ដែលជាប់ទាក់ទិននឹងជំងឺមហារីកមួយចំនួន ក៏ដូចជាប៉ះពាល់យូរអង្វែងទៅលើ DNA។
ស្ទើរតែគ្រប់ករណី សមាសធាតុពុល ធ្វើអន្តរកម្មជាមួយនឹងប្រភេទអាកាសធាតុ និងភូមិសាស្ត្រតាមតំបន់ ដោយវាអាចរក្សាសមាសធាតុទាំងនោះឱ្យនៅនឹងកន្លែង ឬបញ្ជូនវាទៅឆ្ងាយរាប់គីឡីដី។ នៅពេលផ្លាស់ទីក្នុងបរិយាកាស ម៉ូលេគុល ទាំងនេះឆ្លងកាត់ការប្រែប្រួលជាច្រើន។ ធាតុអុកស៊ីតកម្ម ត្រូវបានបង្កើតឡើងដោយ អុកស៊ីសែន និងពន្លឺព្រះអាទិត្យ ហើយបំបែកសមាសធាតុពុល។ ជួនកាលប្រតិកម្មនេះ ធ្វើឱ្យជាតិពុល ងាយនឹងត្រូវបានជម្រះដោយទឹកភ្លៀង។
ប៉ុន្តែ ក្នុងករណីផ្សេង ពួកវាកកើតជាជាតិពុលដែលបង្កផលប៉ះពាលនាពេលអនាគត ហើយវាអាចពុលជាងបច្ចុប្បន្ន។ ឧទាហរណ៍៖ នៅពេលរោងចក្រនានាដុតធ្យូង ពួកវាបញ្ចេញ អុកស៊ីដស៊ុលហ្វួរ (sulfur oxide) កម្រិតខ្ពស់។ ម៉ូលិគុល ទាំងនេះត្រូវឆ្លងកាត់ អុកស៊ីតកម្ម បង្កើតបានជា ស៊ុលហ្វាត (sulfate) ប្រមូលផ្ដុំជាមួយចំហាយទឹកក្នុងបរិយាកាស កកើតជាស្រទាបគ្របដណ្ដប់គ្រាប់ល្អិតនានា ធ្វើឱ្យប៉ះពាល់ដល់ចម្ងាយដែលមនុស្សមើលឃើញ និងបង្ករបួសធ្ងន់ធ្ងរដល់សួត។
ពពកផ្សែងដែលគេហៅថា អ័ព្ទគីមីស៊ុលហ្វួរ ធ្លាប់បានកើតឡើងច្រើននៅទីក្រុងឡុងដ៍ កាលពីសតវត្សរ៍ទី 20 ហើយបច្ចុប្បន្ន វាកំពុងបង្ហាញខ្លួននៅក្នុងបណ្ដាទីក្រុងធំៗ ដូចជា ប៉េកាំង ជាដើម។
ចាប់តាំងពីរថយន្តត្រូវបានបង្កើតឡើង ឧស្ម័នពុលយូរអង្វែងផ្សេងមួយទៀតក៏បានលេចមុខ។ ផ្សែងពុលដែលបញ្ចេញពីមធ្យោបាយដែលប្រើប្រាស់ឥន្ធនៈហ្វូស៊ីល បញ្ចេញ នីត្រាតអុកស៊ីដ និង អ៊ីដ្រូកាបូន ជាធាតុដែលប្រតិកម្មក្លាយទៅជាស្រទាប់អូហ្សូន។
ខណៈដែលស្រទាប់អូហ្សូននៅខាងលើៗនៃបរិយាកាស ជួយការពារមនុស្សពីកាំរស្មីព្រះអាទិត្យ នៅលើផ្ទៃផែនដីឯណេះវិញ សមាសធាតុនេះអាចរួមផ្សំជាមួយនឹងគ្រាប់ល្អិតពុលយូរអង្វែង បង្កើតបានជាអ័ព្ទគីមីពណ៌ប្រផេះ ដែលអាចគ្របដណ្ដប់ទីក្រុងធំៗនានា ជាឧបសគ្គដល់ការមើលផ្លូវ និងគ្រោះថ្នាក់ដល់ការដកដង្ហើម។ វាក៏រួមចំណែកក្នុងការជំរុញឱ្យអាកាសធាតុប្រែប្រួលផងដែរ។
ក្នុងយុគសម័យឧស្សាហកម្មរីកចម្រើន ឧស្ម័នពុលក៏បានកើនឡើងយ៉ាងឆាប់រហ័ស ធ្វើឱ្យខ្យល់បរិយាកាសដែលមនុស្សដកដង្ហើមរាល់ថ្ងៃ ត្រូវប្រែប្រួល។ តំបន់ជាច្រើន បានចាត់វិធានការ មានដូចជា ការកំណត់ឱ្យគ្រប់រថយន្តដែលផលិតតាំងពីឆ្នាំ 1980 ត្រូវតែបំពាក់ប្រព័ន្ធចម្រាញ់ដែលជួយកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនម៉ូណូស៊ីដ និង នីដ្រូអុកស៊ីដ។ ទីក្រុងប៉េកាំង កំពុងទប់ទល់នឹងអ័ព្ទគីមី ដោយការប្រើប្រាស់អគ្គិសនីសម្រាប់ហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ពួកគេ និងកាត់បន្ថយជាអតិបរមាចំពោះឧស្ម័នពុលបញ្ចេញពីរថយន្ត។
ក៏ប៉ុន្តែ បើទោះជាការលុបបំបាត់ឥន្ធនៈហ្វូស៊ីល គឺជារឿងចាំបាច់ មនុស្សយើងក៏មិនទាន់មានវិធានការសកលណាមួយដើម្បីស្ដារបរិយាកាសឡើងវិញនៅឡើយ។ តំបន់ផ្សេងគ្នា ត្រូវការមានដំណោះស្រាយផ្សេងពីគ្នា ចំពោះសារធាតុបំពុលបរិស្ថាននៅតំបន់របស់ពួកគេ។ ព្រោះថា បើទោះជាអ្នករស់នៅទីណា យើងក៏នៅតែត្រូវដកដង្ហើមដោយស្រូបយកខ្យល់ក្នុងបរិយាកាសតែមួយ៕