ក្រោយពីផ្ទុះចេញនូវព័ត៌មានជុំវិញរឿងកញ្ញា នី មុន្នីនាថ បានបោកប្រាស់គូដណ្ដឹងដែលមហាជនបានដឹងថា បច្ចុប្បន្នភាគីទាំងសងខាងកំពុងតែបង្កើនកម្តៅរៀងៗខ្លួន និងខណៈនេះភាគីខាងប្រុសកំពុងតែត្រៀមប្ដឹង រីឯភាគីខាងស្រីកំពុងតែគិតគូរជាមួយមេធាវីរបស់ខ្លួនដែរ។
ដូចអ្វីដែលឡារ៉ែនធ្លាប់បានចុះផ្សាយម្តងរួចមកហើយថា ម្ដាយរបស់កញ្ញា នី មុន្នីនាថ កំពុងតែធ្វើឱ្យមហាជនមានមន្ទិល ខណៈមហាជនបានឃើញសំណេររបស់គូដណ្ដឹងកញ្ញា នី មុន្នីនាថ ដែលសរសេរបញ្ជាក់អំពីអារម្មណ៍ខកចិត្ដ គ្រាដែលខ្លួនបានផ្ដល់ក្ដីស្រឡាញ់ស្មោះត្រង់ឱ្យទៅមនុស្សជាទីស្រឡាញ់ (នី មុន្នីនាថ)តែបែរជាទទួលបានក្ដីស្រឡាញ់ក្នុងភាពបោកប្រាស់មកវិញ។ ទោះបីជាគេពុំបានដឹងថា គណនីហ្វេសប៊ុកឈ្មោះថា Solang Ung ជាគណនីពិត ឬក្លែងក្លាយដែលគូដណ្ដឹងរបស់ នី មុន្នីនាថបានប្រើក៏ដោយ ប៉ុន្ដែមហាជនចាត់ទុកថា សារនោះបានបង្ហាញឱ្យឃើញពីការចាប់ផ្ដើមនៃចំហេះភ្លើងហើយទើបមានផ្សែងហុយចេញមក។
គ្រានោះម្ដាយរបស់កញ្ញា នី មុន្នីនាថ បានព្យាយាមបិទបាំងនូវឿងរ៉ាវទាំងនោះដោយអះអាងថា កូនអ្នកស្រី និងគូដណ្ដឹងនៅបន្ដស្រឡាញ់គ្នាជាធម្មតា។ ទោះជាយ៉ាងណាគាត់មិនអាចយកក្រដាសមកខ្ចប់ភ្លើងបានទេ ពោលគឺរឿងរ៉ាវដែលមហាជនគិតថា វាអាចនឹងកើតឡើងរហូតឈានទៅដល់ការមានជម្លោះនឹងគ្នានោះ ទីបំផុតវាពិតជាកើតមានឡើងមែន។ ទោះយ៉ាងណាយើងក៏នៅតែចង់ដឹងថា តើរឿងរ៉ាវនោះវិវឌ្ឍទៅដល់ណាហើយ ? ឬក៏ភាគីទាំងពីរយល់ព្រមសម្រុះសម្រួលដោយពុំចាំបាច់ប្រើប្រព័ន្ធតុលាការវិញហើយ?។
ជុំវិញបញ្ហានេះយើងបានខលទំនាក់ទំនងទៅលេខទូរស័ព្ទរបស់កញ្ញា នី មុន្នីនាថ ប៉ុន្ដែត្រូវបានប្អូនស្រីរបស់នាងជាអ្នកទទួលជំនួស រួចឆ្លើយថា៖«បងស្រីខ្ញុំកំពុងជាប់ថត ចាំគាត់ថតចប់ខ្ញុំនឹងឱ្យគាត់ខលទៅវិញ ចំណែកលេខម៉ាក់របស់ខ្ញុំដែលធ្លាប់ប្រើពីមុននោះ ឥឡូវផ្អាកប្រើហើយ» បន្ទាប់មកនាងក៏ចុចទូរស័ព្ទបិទទៅ៕