Skip to content

អ្នកវិនិយោគ​អចលនទ្រព្យ​នៅ​កម្ពុជា​ថា កម្ដៅ​នយោបាយ​មិន​ប៉ះពាល់​វិស័យនេះ​ទេ

ភ្នំពេញៈ អ្នកវិនិយោគ​វិស័យ​អចលនទ្រព្យ​នានា និង​អ្នកជំនាញ​ក្នុង​វិស័យនេះ​បាន​និយាយថា កម្ដៅ​នយោបាយ​បច្ចុប្បន្ននេះ មិន​ប៉ះពាល់​ដល់​ការវិនិយោគ​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​កម្ពុជា​នោះទេ។

លោក ទុយ ប៊ុន ភាគ​ហ៊ុ​និក​នៃ​ក្រុមហ៊ុន​លំនៅដ្ឋាន​L កម្ពុជា​ភ្នំពេញ​បាន​ថ្លែង​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី4 សីហា​នេះ​ថា ស្ថានភាព​នាពេលនេះ​មិនមាន​បញ្ហា​អ្វី​នោះទេ ប៉ុន្តែ​ក្នុងនាម​ជា​អ្នកវិនិយោគ លោក​ស្នើសុំ​ឲ្យ​អ្នកនយោបាយ​រួបរួមគ្នា និង​ធ្វើ​អ្វី​យក​ច្បាប់​មក​និយាយ​គ្នា ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​សុខ និង​មិនមាន​អ្វី​គួរ​ឲ្យ​ព្រួយបារម្ភ។ លោក​បន្តថា យើង​រង់​ចាំមើល​ទាំងអស់គ្នា តែ​អ្វី​ជាការ​កត់សម្គាល់​របស់​លោក គឺ​ស្ថានភាព​មិនមាន​អ្វី​ប្លែក​គួរ​ឲ្យ​បារម្ភ​ទេ ព្រោះ​វា​ហាក់​កើតឡើងដដែលៗបន្ទាប់មក​វា​នឹង​ក្លាយជា​រឿង​ធម្មតា​សម្រាប់​ប្រទេស​របស់​យើង។

លោក​ឧកញ៉ា សៀ រិទ្ធី អគ្គនាយក​ក្រុមហ៊ុន World Bridge Group ដែល​បាននិងកំពុង​វិនិយោគ​គម្រោង​ខុន​ដូ​THe Bridge The PeAk និង​គម្រោង​អចលនទ្រព្យ​ជាច្រើន​ទៀត​ក្នុង​ទីក្រុង​ភ្នំពេញ​បាន​ថ្លែង​ឲ្យ​ដឹងថា លោក​ជឿជាក់ថា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ការបោះឆ្នោត​នេះ​នឹង​ដំណើរការ​ទៅដោយ​រលូន។ លោក​បន្តថា យើង​ជា​អ្នករកស៊ី យើង​ត្រូវការ​ស្ថិរភាព​ដែលជា​រឿង​សំខាន់បំផុត ប៉ុន្តែ​ប្រជាជន​តែងតែមាន​ការបារម្ភ​ជា​រឿង​ធម្មតា តែ​សម្រាប់​លោក​ដែលជា​អ្នកវិនិយោគ​វិញ លោក​មានការ​ជឿជាក់។

លោក​បន្តថា លោក​គិតថា ការបោះឆ្នោត​ឆ្នាំក្រោយ​មិនមាន​បញ្ហា​អ្វី​នោះទេ វា​ជា​អារម្មណ៍​របស់​ប្រជាជន​ប៉ុណ្ណោះ។ អ្នកវិនិយោគ​បរទេស ពួកគេ​មិន​និយាយ​មែន តែ​ពួកគេ​មិន​បារម្ភ​ទេ ព្រោះ​អ្នកវិនិយោគ​ដែល​ពូកែ គឺជា​អ្នកវិនិយោគ​ដែល​ពូកែ​ឆក់​ឱកាស ហេតុនេះ​បើ​មាន​អ្នកណា​ហ៊ាន អ្នកនោះ​នឹង​ទទួលបាន​ជោគជ័យ។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​លោក គីម ហ៊ាង បាន​ថ្លែងថា ការបោះឆ្នោត​ឆ្នាំ2018នឹង​មិនមាន​បញ្ហា​អ្វី​ឡើយ ទោះជា​មានការ​បារម្ភ​តិចតួច​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​ក្តី ប៉ុន្តែ​វា​មិនមាន​អ្វី​គួរ​ឲ្យ​បារម្ភ​ទេ។លោក​បន្តថា ទោះជា​យ៉ាងណា​ក៏​តម្លៃ​ដីធ្លី ឬ​អចលនទ្រព្យ​ដទៃទៀត​នឹងមិន​ឡើងថ្លៃ​នោះទេ ព្រោះ​វា​ជា​ពេលដែល​ប្រជាពលរដ្ឋ​ព្រួយបារម្ភ ហើយ​វា​ជា​អារម្មណ៍​ធម្មតា​របស់​ពួកគាត់។

លោក​បន្តថា “វា​មិនមាន​អ្វី​គួរ​ឲ្យ​បារម្ភ​ទេ តែ​ការបារម្ភ​របស់​មនុស្ស​មួយចំនួន​ក៏​នៅតែមាន​ជាធម្មតា ប៉ុន្តែ​ស្ថានភាព​ជាទូទៅ​មិនមាន​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ទេ”៕

Leave a Reply

Your email address will not be published. Required fields are marked *