បើសិនជាបើកទ្វារយន្តហោះនៅពេលស្ថិតនៅលើអាកាស នឹងនាំឱ្យមានបញ្ហាកំហាប់ខ្យល់កើតឡើង ធ្វើឱ្យសម្ពាធខ្យល់ក្នុងយន្តហោះត្រូវធ្លាក់ចុះភ្លាមៗ បណ្ដាលឱ្យសីតុណ្ហភាពចុះត្រជាក់ខ្លាំង និងខ្វះអុកស៊ីសែន។
យន្តហោះពាណិជ្ជកម្មតែងហោះហើរក្នុងរយៈកម្ពស់ ចាប់ពី 9 ដល់ 13 គីឡូម៉ែត្រ ធៀបនឹងផ្ទៃទឹកសមុទ្រ។ ល្បឿននៃការហោះហើរជាមធ្យម ចាប់ពី 880 ដល់ 926 គីឡូម៉ែត្រ/ម៉ោង។ ក្នុងល្បឿន និងកម្ពស់នេះ បើសិនជាបើកទ្វារយន្តហោះ វានឹងបង្កឱ្យមានបញ្ហាកំហាប់ខ្យល់ធ្លាក់ចុះខ្លាំង ធ្វើឱ្យសម្ពាធខ្យល់ក្នុងយន្តហោះត្រូវថយចុះភ្លាមៗ បណ្ដាលឱ្យមានកម្លាំងស្រូបយ៉ាងខ្លាំងក្លា ទាញយកសម្ភារៈ និងមនុស្សដែលមិនបានដាក់ខ្សែក្រវាត់ ចេញទៅខាងក្រៅយន្តហោះ។ ចំណែកឱកាសនៃការរស់រានមានជីវិតរបស់អ្នកផ្សេងក៏ត្រូវថយចុះទាប ដោយសារតែសម្ពាធខ្យល់ខាងក្នុងយន្តហោះ និងខាងក្រៅមិនស្មើគ្នា។
ទន្ទឹមនឹងនេះ សីតុណ្ហភាពក្នុងយន្តហោះក៏ត្រូវធ្លាក់ចុះយ៉ាងលឿន រហូតដល់ធ្វើឱ្យត្រជាក់ស្ពឹកអស់រាងកាយ។ ដោយសារតែនៅទីខ្ពស់ ខ្យល់បរិយាកាសស្ដើង ឬកំហាប់ខ្យល់ទាប ទើបធ្វើឱ្យខ្វះអុកស៊ីសែន នាំឱ្យមនុស្សមិនអាចដកដង្ហើមបាន។
មនុស្សនៅលើយន្តហោះនឹងជួបគ្រោះថ្នាក់ដល់ជីវិត បើសិនក្នុងអំឡុងចាប់ពី 15 ដល់ 20 វិនាទីពុំបានពាក់ឧបករណ៍ជំនួយអុកស៊ីសែន។ អ្នកខ្វះអុកស៊ីសែន នឹងត្រូវវិលមុខ បាត់បង់ស្មារតី ចង្វាក់បេះដូងដើរយឺត រួចក៏ស្លាប់។
ក៏ប៉ុន្តែ ជាក់ស្ដែង គេមិនងាយនឹងអាចបើកទ្វារយន្តហោះនៅលើអាកាសនោះឡើយ។ ព្រោះថា នៅក្នុងអំឡុងពេលហោះហើរ បរិយាកាសខាងក្នុងយន្តហោះត្រូវបានបង្ហាប់យ៉ាងណែន ដើម្បីរក្សាសម្ពាធខ្យល់ឱ្យស្ថិតនៅក្នុងកម្រិតដែលមនុស្សអាចរស់បាន។ ដូច្នេះ សម្ពាធខ្យល់ក្នុងយន្តហោះ ខ្ពស់ជាងច្រើនបើធៀបនឹងសម្ពាធខ្យល់នៅខាងក្រៅ។
នៅក្នុងកម្ពស់ជាទូទៅ កម្រិតមធ្យមនៃសម្ពាធខ្យល់ក្នុងយន្តហោះគឺ 3.3 ផោន (ប្រហែល 1.5 គីឡូក្រាម) លើមួយអ៊ិញក្រឡា (ប្រហែល 6.5 សង់ទីម៉ែត្រក្រឡា)។ សម្ពាធខ្យល់ក្នុងយន្តហោះ មានប្រសិទ្ធភាពក្នុងការរក្សាទ្វារដែលបានបិទសោ ឱ្យស្ថិតនៅត្រង់កន្លែងដើម។
ទ្វារសម្រាប់អ្នកដំណើរ តាមស្ដង់ដាគឺតែងតែមានកម្ពស់ 1.8 ម៉ែត្រ និងទទឹង 1 ម៉ែត្រ។ ដើម្បីអាចបើកទ្វារនេះបាន គេត្រូវប្រើកម្លាំងយ៉ាងតិច 11,340 គីឡូក្រាម ពោលគឺជិតស្មើនឹងទម្ងន់របស់ដំរីទឹកចំនួន 6 ក្បាលបូកចូលគ្នា។
ក្រៅពីសម្ពាធខ្យល់ដ៏ខ្ពស់ យន្តការសុវត្ថិភាពរបស់ទ្វារយន្តហោះគឺសោអេឡិចត្រូនិក ហើយមានតែប្រធានក្រុមបើកបរយន្តហោះប៉ុណ្ណោះ ទើបមានសិទ្ធិបញ្ជាតាមរយៈឧបករណ៍បច្ចេកវិទ្យាក្នុងបន្ទប់បើកបរ។
ប្រអប់សោ និងខ្ចៅនានាស្ថិតនៅជ្រៅខាងក្នុងយន្តហោះ ដូច្នេះវាមិនងាយនឹងត្រូវផ្ទាត់ចេញមកក្រៅ ឬត្រូវបំផ្លាញដោយសារកម្លាំងនោះឡើយ។ ចំណែកផ្នែកខាងក្រៅរបស់ទ្វារយន្តហោះ ត្រូវបានរចនាជារាងតូចជាងផ្នែកខាងក្នុង ដូច្នេះពុំមានអ្នកណាម្នាក់អាចបើកទ្វារយន្តហោះដែលបានបិទ ពីខាងក្នុងនោះទេ។
ចង់បើកទ្វារយន្តហោះបាន ដំបូងគេត្រូវទាញទ្វារចូលមកខាងក្នុង បង្វិលគន្លឹះ និងរុញវាទៅក្រៅ។ អ្វីទាំងនេះ ធ្វើឱ្យយើងមិនអាចបើកទ្វារបាននៅពេលយន្តហោះស្ថិតនៅលើអាកាស។ យ៉ាងនេះក្ដី នៅតែមានករណីព្យាយាមបើកទ្វារយន្តហោះនៅពេលកំពុងហោះហើរ។
កាលពីថ្ងៃទី 6 កក្កដា ឆ្នាំ 2021 ស្ត្រីអ្នកដំណើរម្នាក់ត្រូវបានឃាត់ខ្លួន ដោយសារតែបានព្យាយាមបើកទ្វារយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក ដែលកំពុងហោះហើរពី Dallas ទៅកាន់ Charlotte។
វិធីតែមួយគត់ដើម្បីបើកទ្វារយន្តហោះនៅលើអាកាស គឺការបញ្ចុះសម្ពាធខ្យល់ក្នុងយន្តហោះ ឬរង់ចាំដល់ពេលយន្តហោះបន្ទាបខ្លួន។ វិធីទាំងពីរខាងលើ សុទ្ធតែធ្វើឱ្យកំហាប់ខ្យល់ក្នុងយន្តហោះថយចុះ និងត្រូវការកម្លាំងតិចជាង ដើម្បីបើកទ្វារ។
ក្នុងករណីអ្នកដំណើរព្យាយាមបើកទ្វារយន្តហោះ អ្នកបើកបរនឹងបញ្ជាឱ្យយន្តហោះចុះចតបន្ទាន់។ អ្នកព្យាយាមបើកទ្វារនឹងត្រូវបានរារាំងដោយបុគ្គលិកនៃក្រុមហោះហើរ និងអ្នកដំណើរដទៃទៀត។
អ្នកមិនគួរព្រួយបារម្ភពេកនោះទេ នៅពេលមានអ្នកណាម្នាក់កំពុងព្យាយាមបើកទ្វាររបស់យន្តហោះក្នុងគ្រាកំពុងហោះហើរលើអាកាស។ ចូរអង្គុយនៅលើកៅអីរបស់អ្នក ហើយសម្រាកកាយ ទុកឱ្យយន្តហោះបន្តដំណើរទៅមុខ៕