មនុស្សយន្តទាំងឡាយនៅក្នុងហាងកាហ្វេនេះ សុទ្ធតែត្រូវបានបញ្ជាដោយបុគ្គលិកដែលជាជនពិការ ចាប់ពីការឆុងកាហ្វេ រហូតដល់ការសន្ទនាជាមួយអតិថិជន និងការលើកភេសជ្ជៈជូនភ្ញៀវ។
ឆ្នាំ 2017 ក្រោយរយៈពេល 7 ឆ្នាំដែលបានធ្វើការជាបុគ្គលិកឆុងកាហ្វេ Mikako Fujita ដឹងខ្លួនថា ការចងសក់របស់ខ្លួនបានក្លាយជារឿងលំបាក។ ក្រោយមក នាងក៏ត្រូវបានគ្រូពេទ្យពិនិត្យឃើញថា កើតជំងឺពិការមួយចំហៀងខ្លួន ឬហៅថា ALS ជាជំងឺដែលមិនអាចព្យាបាលជា។
ប៉ុន្តែ 4 ឆ្នាំក្រោយមក Fujita នៅតែបម្រើការជាអ្នកឆុងកាហ្វេនៅហាង Dawn Avatar Robot Cafe ស្ថិតក្នុងខណ្ឌ Nihonbashi នៃរាជធានីតូខ្យូ ប្រទេសជប៉ុន។ ចំនុចខុសគ្នាតែមួយគត់ នោះគឺពេលនេះ នាងធ្វើការពីផ្ទះក្នុងខេត្ត Aichi ភាគកណ្ដាលប្រទេស ដែលមានចម្ងាយ 300 គីឡូម៉ែត្រពីហាងកាហ្វេ។
ដើម្បីធ្វើការបាន Fujita ប្រើប្រាស់មនុស្សយន្តមួយគ្រឿងដែលមានឈ្មោះថា Tele-Barista។ មនុស្សយន្តនេះអាចឆុងកាហ្វេដូចទៅនឹងបុគ្គលិកជាមនុស្សពិត។ Fujita បញ្ជាទៅលើមនុស្សយន្តហោះដោយប្រើប្រាស់កុំព្យូទ័រ។ នៅពេលជំងឺកាន់តែធ្ងន់ធ្ងរ និងធ្វើឱ្យការកម្រើកដៃជើងក្លាយជារឿងលំបាក នាង Fujita ក៏ចាប់ផ្ដើមមានគម្រោងងាកទៅបញ្ជារ៉ូបូតដោយប្រើចលនារបស់ភ្នែក។
Fujita ក៏ប្រើប្រាស់រ៉ូបូតផ្សេងមួយទៀតដែលឈរនៅលើស្មារបស់រ៉ូបូតមួយគ្រឿងដែលមានតួនាទីឆុងកាហ្វេ។ វាមានរូបរាងតូច និងមានកាមេរ៉ាដើម្បីអាចនិយាយទាក់ទងបានជាមួយអតិថិជន។ កូនរ៉ូបូតនេះមានឈ្មោះថា OriHime កម្ពស់ប្រហែល 20 សង់ទីម៉ែត្រ។
Fujita វ័យ 50 ឆ្នាំ បានប្រាប់ថា ក្រោយពីដឹងថា មានជំងឺ ALS នាងយំស្ទើរពេញមួយយប់។ ប៉ុន្តែ តាំងពីធ្វើការតាមរយៈ OriHime ចាប់ពីឆ្នាំ 2018 នាងមានអារម្មណ៍ថា មានក្ដីសង្ឃឹមថ្មី។
«ខ្ញុំពុំដែលស្រមៃដល់ការឆុងកាហ្វេពីចម្ងាយនោះទេ។ អរគុណការគាំទ្ររបស់គ្រប់គ្នា ព្រោះបានជួយឱ្យខ្ញុំមានក្ដីសង្ឃឹម។ នៅពេលខ្ញុំឆុងកាហ្វេឱ្យភ្ញៀវ ពួកគេនិយាយថា វាពិតជាឆ្ងាញ់» Fujita រៀបរាប់ដូច្នេះ។
បើទោះជាហាងកាហ្វេ Dawn មានបុគ្គលិកជាមនុស្សយន្ត ប៉ុន្តែវានៅតែរក្សាបាននូវអារម្មណ៍របស់មនុស្ស ដោយសារតែបុគ្គលិកប្រហែល 60 នាក់ គឺជាអ្នកបញ្ជារ៉ូបូតដូច Fujita ហើយពួកគេស្ទើរតែទាំងអស់ ជាជនពិការ។ ការសន្ទនា និងសំណើចរវាងអ្នកបញ្ជាមនុស្សយន្ត និងភ្ញៀវ បន្លឺឡើងពាសពេញហាង ខណៈដែលមនុស្សយន្តលើកភេសជ្ជៈ OriHime-D ផ្លាស់ទីពីតុមួយ ទៅតុមួយ។
ហាង Dawn ត្រូវបានគ្រប់គ្រងដោយ Ory Lab។ ហាងនេះបើកដំណើរការកាលពីខែមិថុនា បន្ទាប់ពីបានសាកល្បងបួនលើកតាំងពីឆ្នាំ 2018។ ហាងនេះស្ថិតនៅក្នុងអគារជាមួយគ្នានឹងការិយាល័យរបស់ក្រុមហ៊ុន ដូច្នេះ ក្រុមអ្នកអភិវឌ្ឍអាចចុះមកកែតម្រូវរ៉ូបូតបានគ្រប់ពេល បើសិនជាចាំបាច់។
Yoshifuji ដែលជាស្ថាបនិករបស់ Ory Lab គឺជាវិស្វករម្នាក់ធ្លាប់នៅផ្ទះ 3 ឆ្នាំកន្លះ ដោយសារតែជំងឺកាលពីនៅវ័យជំទង់។ កាលណោះ គាត់ស្រមៃចង់បានរាងកាយពីរ ឬបី ដាច់ដោយឡែក។ ក្ដីស្រមៃនេះ នាំឱ្យមានវត្តមានរបស់មនុស្សយន្ត OriHime កំណែដំបូងនៅឆ្នាំ 2010។ ពីរឆ្នាំក្រោយមក Yoshifuji ក៏បានបង្កើត Ory Lab។
ដោយប្រើប្រាស់រ៉ូបូត OriHime-D ដែលអាចនាំយកសម្ភារ និងផ្លាស់ទីបានយ៉ាងល្អ ជួយឱ្យការបើក និងគ្រប់គ្រងហាងកាហ្វេពីចម្ងាយក្លាយជារឿងអាចទៅរួច។ Ory Lab ប្រមូលទុនបានជាង 44 លានយ៉េន (400,000 ដុល្លារអាមេរិក) ចាប់ពីខែមីនា ដល់ខែឧសភា សម្រាប់ការបើកដំណើរការហាង។ ក្រុមហ៊ុននេះក៏ទទួលបានការឧបត្ថម្ភ គាំទ្រពីក្រុមហ៊ុនធំៗជាង 10 ផងដែរ។
«ជនពិការដែលមិនអាចធ្វើការបាន ប៉ុន្តែ យើងចង់បង្ហាញថា ឱកាសការងារតែងតែមានសម្រាប់មនុស្សដែលមិនអាចបញ្ជាលើរាងកាយ ឬមិនអាចនិយាយបាន។ ខ្ញុំចង់ឱ្យអតិថិជនដឹងថា មនុស្សទាំងនេះគឺមាន ហើយពួកគេគឺជាផ្នែកមួយនៃសង្គមរបស់យើង» Yoshifuji ថ្លែងដូច្នេះ។
ហាងកាហ្វេ Dawn កំពុងទាក់ទាញចំណាប់អារម្មណ៍របស់អន្តរជាតិ។ កាលពីសប្ដាហ៍មុន Sophie Cluzel រដ្ឋមន្ត្រីជាតិដើម្បីជនពិការរបស់ បារាំង បានចូលធ្វើទស្សនកិច្ចហាងកាហ្វេនេះ នៅក្នុងដំណើរមកកាន់ តូខ្យូ ដើម្បីចូលរួមពិធីបើកការប្រកូតកីឡា Paralympics សម្រាប់ជនពិការ កាលពីថ្ងៃទី 24 សីហា។ «ពិតជាមានការច្នៃប្រឌិតខ្ពស់ នៅពេលគ្រប់គ្នាអាចរក្សាបានការងាររបស់ខ្លួន» លោកស្រីនិយាយដូច្នេះ និងយល់ថា នេះគឺជាការទាក់ទាញប្រកបដោយមនុស្សធម៌។
ក្រៅពីការគ្រប់គ្រងហាងកាហ្វេ Ory Lab ក៏ថែមទាំងរកប្រាក់តាមរយៈការដាក់ឱ្យជួលរ៉ូបូត និងបុគ្គលិកបញ្ជារ៉ូបូត សម្រាប់ក្រុមហ៊ុនទាំងឡាយដែលមានតម្រូវការផងដែរ។ Yoshifuji ឱ្យដឹងថា បុគ្គលិកជាង 30 នាក់របស់ខ្លួន កំពុងធ្វើការនៅក្នុងក្រុមហ៊ុនដទៃ៕