ប្រធានាធិបតី Erdogan បានចូលរួមជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវរូងក្រោមដីនៅក្នុងខេត្ត Rize ប៉ុន្តែ ក្មេងម្នាក់បានកាត់ខ្សែបូមុនពេលលោកបានប៉ះដល់កន្ត្រៃ។
លោក Tayyip Erdogan បានចូលរួមជាអធិបតីភាពក្នុងពិធីខាងលើកាលពីថ្ងៃទី 4 កញ្ញា។ ក្រៅពីក្រុមមន្ត្រី និងប្រធានាធិបតី Erdogan ពិធីសម្ពោធនេះក៏មានវត្តមានរបស់កុមារជាច្រើននាក់ក្នុងតួនាទីជាអ្នកកាន់ខ្សែបូជូនក្រុមមន្ត្រីសំខាន់ៗដែលជាអ្នកកាត់។
ក៏ប៉ុន្តែ កុមារាម្នាក់ដែលជាអ្នកកាន់ខ្សែបូឱ្យប្រធានាធិបតី បានប្រញាប់កាត់ខ្សែបូនេះ ហាក់ដណ្ដើមកាត់ឱ្យបានមុនលោក Erdogan។ ខ្សែបូត្រូវបានកុមាររូបនេះកាត់មុនគេបានសម្រេច នៅចំពោះមុខមនុស្សគ្រប់រូប។ ប្រធានាធិបតី Erdogan បានបង្ហាញការភ្ញាក់ផ្អើល និងបានខោកក្បាលកុមារនេះតិចៗ ទំនងជា «ស្ដីបន្ទោស» ប៉ុន្តែ ក្រោយមក លោក និងកុមារនៅជុំវិញ សុទ្ធតែផ្ទុះសំណើច។
វីដេអូដែលបង្ហាញអំពីទិដ្ឋភាពកាត់ខ្សែបូដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ត្រូវបានអ្នកលេងបណ្ដាញសង្គម ចែករំលែកតៗគ្នា។ អ្នកខ្លះបានបញ្ចេញមតិថា នេះគឺជាទិដ្ឋភាពដ៏គួរឱ្យស្រលាញ់របស់កុមាររូបនេះ និងប្រធានាធិបតី Erdogan។