រោងចក្របំប្លែងទឹកប្រៃទៅជាទឹកសាប ដែលបំពាក់បច្ចេកវិទ្យា Solar Dome (ផ្ទះកញ្ចក់ព្រះអាទិត្យ) ប្រើប្រាស់វិទ្យុសកម្មរបស់ពន្លឺព្រះអាទិត្យដើម្បីបញ្ជូនកម្ដៅទៅជះលើទឹកសមុទ្រ ធ្វើឱ្យទឹកសាបហួតទៅលើ និងប្រមូលផ្ដុំជាទឹកដែលអាចផឹកបាន។
ក្រុមហ៊ុន Solar Water PLC នៅក្រុងឡុងដ៍ ប្រទេសអង់គ្លេស បានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត អនុវត្តគម្រោងបច្ចេកវិទ្យាទឹកស្អាត NEOM ដែលមានតម្លៃ 500 ពាន់លានដុល្លារអាមេរិក។ Solar Water នឹងសាងសង់រោងចក្របន្សាបទឹកប្រៃដំបូងដែលបំពាក់បច្ចេកវិទ្យាផ្ទះកញ្ចក់ព្រះអាទិត្យ (Solar Dome) នៅភាគពាយព្យប្រទេសនេះ ដែលតាមផែនការនឹងរួចរាល់នៅក្នុងឆ្នាំ 2021 នេះ។
យោងតាមនាយកប្រតិបត្តិ David Reavley របស់ក្រុមហ៊ុន Solar Water ជាមូលដ្ឋាន រោងចក្រនេះនឹងដូចទៅនឹង «ឆ្នាំងដែកមានរាងមូលដែលកប់ក្រោមដី និងមានដំបូលមូលគ្របពីលើ»។ ដំបូលរបស់រោងចក្រនេះ មានបំពាក់បច្ចេកវិទ្យាប្រមូលផ្ដុំថាមពលព្រះអាទិត្យ (CSP)។ ចំហាយក្ដៅ ត្រូវបានបញ្ជូនទៅកាន់ទឹកសមុទ្រដែលនៅខាងក្នុងរោងចក្រ ធ្វើឱ្យទឹកក្ដៅហួតឡើងទៅលើ និងប្រមូលផ្ដុំជាទឹកសាប។ រោងចក្រនេះមិនប្រើប្រាស់សរសៃលោហធាតុដែលនាំឱ្យប៉ះពាល់ដល់បរិស្ថានដែលគេប្រើប្រាស់ក្នុងបច្ចេកវិទ្យាបន្សាបជាតិប្រៃបែបបុរាណនោះទេ។ Reavley ឱ្យដឹងថា រោងចក្ររបស់លោក ប្រើប្រាស់ប្រាក់ចំណាយទាប និងអាចសាងសង់បានលឿន ទន្ទឹមនឹងនេះវាក៏មិនបញ្ចេញឧស្ម័នពុលនោះដែរ។
បើសិនជា Solar Water សម្រេចបានគោលដៅ ពួកគេអាចបញ្ជាក់បានអំពីប្រសិទ្ធភាពរបស់បច្ចេកវិទ្យាបន្សាបជាតិប្រៃបែបថ្មី ដោយមិនបាច់ប្រើអគ្គិសនីច្រើន និងមិនបាច់ប្រើធាតុគីមីដែលអាចនាំឱ្យមានបញ្ហាបរិស្ថាន។
Solar Water ពុំមែនជាក្រុមហ៊ុនតែមួយគត់ដែលផ្ដល់សេវាបន្សាបទឹកសមុទ្រក្នុងទ្រង់ទ្រាយធំនោះទេ។ ក្រុមហ៊ុន Climate Fund Manager និង Solar Water Solutions ក៏កំពុងដំឡើងឧបករណ៍បន្សាបទឹកប្រៃចំនួន 200 ប្រព័ន្ធ នៅក្នុងខណ្ឌ Kitui County នៃប្រទេសកេនយ៉ា ដោយមានទិសដៅផ្គត់ផ្គង់ទឹកស្អាតដល់មនុស្សចំនួន 400,000 នាក់ នៅឆ្នាំ 2023។
ដំណោះស្រាយដូចជា Solar Dome របស់ក្រុមហ៊ុន Solar Water នេះ ពិតជាមានសារសំខាន់ខ្លាំងណាស់នៅតំបន់មជ្ឈិមបូព៌ា ជាទីដែលមិនសូវមានទឹកភ្លៀង និងខ្វះទឹកសាបយ៉ាងធ្ងន់ធ្ងរ៕