គិតមកត្រឹមឆ្នាំ 2017 នេះ មានរយៈពេលជិត 20 ឆ្នាំហើយដែលពលរដ្ឋខ្មែរបានទទួលយកសេវាកម្ម និងប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន Huawei ទាំងមិនដឹងខ្លួន បន្ទាប់ពីក្រុមហ៊ុនបានចូលមករកស៊ីនៅកម្ពុជាតាំងពីឆ្នាំ 1999 លើវិស័យទូរគមនាគមន៍( ICT)។ នេះបើតាមការឱ្យដឹងពីលោក Xiong Jian ដែលជានាយកជាន់ខ្ពស់របស់ Huawei ប្រចាំប្រទេសកម្ពុជាថ្លែងក្នុងសិក្ខាសិលា “Huawei Solution Day” នៅសណ្ឋាគារ សូហ្វ៊ីតែលភ្នំពេញ ភូគីត្រា កាលពីចុងសប្ដាហ៍នេះ។
លោក Xiong Jian បានឱ្យដឹងថា ក្រុមហ៊ុនលោកបានចូលមកបម្រើប្រជាជនកម្ពុជា ចាប់តាំងពីឆ្នាំ 1999 មកម្ល៉េះ ប៉ុន្ដែគ្មានអ្នកប្រើប្រាស់ណាបានដឹងឡើយ។ លោកបន្ដថា ការចាប់ផ្ដើមដំបូង Huawei ធ្វើការតែជាមួយនឹងក្រុមហ៊ុនផ្ដល់សេវាកម្មបណ្ដាញទូរស័ព្ទចល័តប៉ុណ្ណោះ ដូចជា Smart, Metfone និង Cellcardជាដើម ដោយខ្លួនជាអ្នកផ្គត់ផ្គង់ឧបករណ៍នានាឱ្យក្រុមហ៊ុនទាំងនោះអាចចែកចាយប្រព័ន្ធបណ្ដាញសេវាទូរស័ព្ទ 2G, 3G និង 4G ឱ្យអ្នកប្រើប្រាស់បាន។
លោកថា៖«អ្នកប្រើប្រាស់ ពូកគាត់អត់ដឹងទេ ព្រោះយើងជាអ្នកនៅពីក្រោយដំណើរការរបស់ក្រុមហ៊ុនទាំងនោះ ឧបករណ៍ផ្ដល់រលកសញ្ញា ប្រព័ន្ធគ្រប់គ្រងធំៗ គឺជារបស់ Huawei»។
លោកបន្ថែមទៀត អ្នកប្រើប្រាស់ពួកគាត់មិនបានដឹងទេថា តើអ្វីនៅពីក្រោយនោះ ហើយគេធ្វើបែបម៉េច ដើម្បីអាចដំណើរការប្រព័ន្ធទាំងអស់ហ្នឹងបាន។ ទាំងនេះគឺជាអ្វីដែលក្រុមការងារ Huawei ធ្វើការដុតដៃដុតជើងជាមួយនឹងដៃគូសហការ ដើម្បីបម្រើដល់សេចក្ដីត្រូវការអ្នកប្រើប្រាស់ ហើយមកទល់ពេលនេះយើងទទួលបានជោគជ័យយ៉ាងខ្លាំង ហើយ Huawei នឹងបន្តការលើកកម្ពស់ការវិនិយោគ ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋានទូរគមនាគមន៍( ICT) ឱ្យកាន់តែរីកចម្រើនទៀត។
នាយកជាន់ខ្ពស់រូបនេះបញ្ជាក់ថា៖ ជិត 20 ឆ្នាំមកនេះ យើងបានធ្វើការងារច្រើនណាស់នៅកម្ពុជា ហើយពលរដ្ឋខ្មែរ ជាង 10 លាននាក់កំពុងទទួលយកសេវាកម្ម និងខ្លះកំពុងប្រើប្រាស់ផលិតផលរបស់ Huawei ទាំងមិនដឹងខ្លួន។ ក្រៅពីទូរស័ព្ទដៃមានបច្ចេកវិទ្យាជាច្រើនដែលអ្នកប្រើ កំពុងប្រើតែមិនចាប់អារម្មណ៍ថា ជារបស់Huawei ព្រោះអ្វីទាំងនោះ វាឈរលើឈ្មោះនៃក្រុមហ៊ុនដែលជាដៃគូរបស់យើងតែប៉ុណ្ណោះ។ ដូចកាលពីចន្លោះ ឆ្នាំ 2009 ដល់ 2013 មានទូរស័ព្ទ និងឧបករណ៍ Modem អ៊ីនធើណិត ជាច្រើនត្រូវបានអ្នកប្រើខ្មែរទិញប្រើ ជ្រកក្រោមឈ្មោះក្រុមហ៊ុនទាំងនោះ ដោយមិនមានអ្នកណាដឹងថាជារបស់ Huawei ឡើយ។
លោក Xiong Jian បន្ដឱ្យដឹងទៀតថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះក្រុមហ៊ុនបានទទួលជោគជ័យលើឧបករណ៍ប្រើប្រាស់បណ្តាញទូរគមនាគមន៍ និងសម្ភារផ្សេងទៀតក្នុងវិស័យជំនួញ (Enterprise Business) ដោយវាជាមុខព្រួញដែល Huawei ផ្តោតលើ និងយកចិត្តទុកដាក់នៅក្នុងប្រទេសកម្ពុជា។ គោលបំណងរបស់ក្រុមហ៊ុនគឺធ្វើឱ្យពិភពលោកមានការតភ្ជាប់គ្នាកាន់តែប្រសើរឡើង ដោយដើរតួជាអ្នកដែលមានការទទួលខុសត្រូវ ជាអ្នកបង្កើតគំនិតច្នៃប្រឌិតថ្មីសម្រាប់សង្គមព័ត៌មានវិទ្យា និងជាអ្នករួមចំណែករួមគ្នាក្នុងវិស័យសេដ្ឋកិច្ច និងវិស័យឧស្សាហកម្ម។
ជាពិសេស យើងបានរៀបចំសិក្ខាសិលានេះរួមជាមួយដៃគូដ៏មានតម្លៃរបស់យើងគឺ Campura ក្នុងបំណងចង់ផ្តល់នូវផលិតផលដ៏ល្អៗ និងផ្តល់នូវដំណោះស្រាយនៃការប្រើប្រាស់ផលិតផល ICT ព្រមទាំងការចែករំលែករឿងរ៉ាវធ្លាប់បានជោគជ័យជាច្រើននៅទូទាំងពិភពលោក ។ យើងក៏មានបំណងចង់ក្លាយជាក្រុមហ៊ុនផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធដែលគួរឱ្យទុកចិត្តបំផុតដល់អតិថិជនកម្ពុជាផងដែរ។
លោក សៅ វលក្ខណ៏ ដែលជា អគ្គនាយកនៃក្រុមហ៊ុន Campura បានឱ្យដឹងដែលថា លោកយើងមានសេចក្តីសោមនស្សរីករាយដោយបានចូលរួមជាមួយក្រុមហ៊ុន Huawei ដើម្បីនាំយកបច្ចេកវិទ្យាថ្មីៗ ពោរពេញដោយភាពច្នៃប្រឌិតដល់ប្រទេសកម្ពុជា។ ជាមួយនឹងបទពិសោធន៏កន្លងមកនៃ System Integrator ហើយយើងសង្ឈឹមយ៉ាងមុតមាំ ដើម្បីឱ្យមានការកើនឡើងទីផ្សារនៅក្នុងប្រទេសកម្ពុជា និងផ្តល់ជូនអោយអតិថិជនទាំងទ្បាយមានឱកាសសាកល្បងបច្ចេកវិទ្យាឈានមុនគេរបស់ Huawei។ លើសពីនេះទៀត ភាពជាដៃគូនេះជាយុត្តិសាស្ត្រមួយយ៉ាងសំខាន់ ដោយបូករួមជាមួយនឹងភាពខ្លាំងរបស់ស្ថាប័នទាំងពីរដែលជំរុញឱ្យមានការរីកចំរើននៅក្នុងប្រទេសយើង។
រហូតដល់ឆ្នាំ 2017 ក្រុមហ៊ុន Huawei មានបុគ្គលិកជាង 400 នាក់នៅក្នុងប្រទេសកម្ពុជាក្នុងនោះ 90% ជាប្រជាជនកម្ពុជា។ ក្រុមហ៊ុន Huawei គឺជាអ្នកផ្តល់ដំណោះស្រាយ ICT ដ៏ធំបំផុតមួយលើផលិតផល និងសេវាកម្មដែលបម្រើដល់ប្រជាជនកម្ពុជាចំនួន 70%។ ទាំងនោះ សបញ្ជាក់ឱ្យឃើញថា ក្រុមហ៊ុនបានបម្រើ និងត្រូវបានពលរដ្ឋខ្មែរទទួលស្គាល់តាំងពីមិនទាន់ស្គាល់ឈ្មោះមកម្ល៉េះ៕