តាលីបង់ អនុញ្ញាតឱ្យក្រុមបាល់ដំបងគ្រីឃីត របស់ អាហ្វហ្គានីស្ថាន ប្រកួតលើកដំបូង ចាប់តាំងពីខ្លួនបានចូលគ្រប់គ្រងប្រទេស ធ្វើឱ្យសាធារណមតិសង្ឃឹមថា ការប្រកួតលក្ខណៈអន្តរជាតិនឹងត្រូវបានធ្វើឡើងជាធម្មតា។
«យើងទទួលបានការអនុញ្ញាតដើម្បីនាំក្រុមជម្រើសជាតិទៅកាន់ អូស្ត្រាលី» ប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាបាល់ដំបង (Cricket) អាហ្វហ្គានីស្ថាន Hamid Shinwari និយាយដូច្នេះកាលពីថ្ងៃទី 1 កញ្ញា។
ក្នុងអំឡុងកាន់អំណាចចាប់ពីឆ្នាំ 1996 ដល់ 2001 តាលីបង់ បានហាមមិនឱ្យមានរូបភាពកំសាន្តស្ទើរតែទាំងអស់ ក្នុងនោះរួមមានទាំងកីឡាជាច្រើនប្រភេទផងដែរ ចំណែកពហុកីឡដ្ឋានវិញ ក៏ត្រូវបានប្រើប្រាស់ជាកន្លែងសម្រាប់ប្រហារជីវិតជាសាធារណៈ។ ប៉ុន្តែ តាលីបង់ កាលណោះក៏មិនបានហាមកីឡាបាល់ដំបងនេះ នោះទេ ព្រោះថា វាត្រូវបានទាហាន តាលីបង់ ចូលចិត្ត។
ក្រោយពីបានកាន់កាប់ប្រទេសចាប់ពីថ្ងៃទី 15 សីហា ឆ្នាំ 2021 តាលីបង់ បានសន្យាថា នឹងដឹកនាំប្រទេសដោយប្រើច្បាប់អ៊ីស្លាម ដែលមិនតឹងរ៉ឹងដូចមុន។ ការប្រកួតបាល់ដំបង នឹងត្រូវបានធ្វើឡើងនៅ Hobart ជាទីក្រុងមួយនៃរដ្ឋ Tasmania របស់ អូស្ត្រាលី ចាប់ពីថ្ងៃទី 27 វិច្ឆិកា ដល់ 1 ធ្នូ។ នេះនឹងជាការប្រកួតលើកដំបូងរបស់ក្រុមកីឡាបាល់ដំបង របស់ អាហ្វហ្គានីស្ថាន នៅប្រទេស អូស្ត្រាលី។
មុនពេលទៅប្រកួតនៅ អូស្ត្រាលី ក្រុមកីឡាករគ្រីឃីត អាហ្វហ្គានីស្ថាន នឹងត្រូវទៅចូលរួមប្រកួតនៅ T20 World Cup នៅ អារ៉ាប់រួម ចាប់ពីថ្ងៃទី 17 តុលា ដល់ 15 វិច្ឆិកា។ Shinwari បញ្ជាក់ថា ក្រុមកីឡាករគ្រីឃីត វ័យក្រោម 19 ឆ្នាំ របស់ អាហ្វហ្គានីស្ថាន នឹងប្រកួតនៅ បង់ក្លាដែស នៅចុងខែនេះផងដែរ។
ចាប់តាំងពី សហរដ្ឋអាមេរិក និង NATO ដកទ័ពចេញពី អាហ្វហ្គានីស្ថាន កាលពីចុងខែមុន សាធារណជនមានការព្រួយបារម្ភថា កីឡាបាល់ដំបង និងកីឡាច្រើនប្រភេទទៀត នឹងត្រូវរងផលប៉ះពាល់។ ប៉ុន្តែ ក្រុមមន្ត្រីនៃក្រុមប្រឹក្សាគ្រីឃីត អាហ្វហ្គានីស្ថាន អះអាងថា កីឡានេះនឹងត្រូវបាន តាលីបង់ គាំទ្រ។
គ្រីឃីត (Cricket) ហាក់មិនត្រូវបានគេស្គាល់នៅ អាហ្វហ្គានីស្ថាន នោះទេ រហូតដល់ដើមឆ្នាំ 2000 វាត្រូវបានគេនិយមចូលចិត្ត ព្រោះតែសង្គ្រាម។ កីឡានេះត្រូវបានជនភៀសខ្លួន អាហ្វហ្គានីស្ថាន នៅ ប៉ាគីស្ថាន ទទួលយក ហើយក្រោយមកក៏ត្រូវបាននាំចូលមកស្រុកកំណើតរបស់ពួកគេ។
ក្រុមជម្រើសជាតិ អាហ្វហ្គានីស្ថាន ដណ្ដើមបានពានជើងឯកពិភពលោក ឆ្នាំ 2017 ហើយបច្ចុប្បន្ន ក្រុមរបស់ អាហ្វហ្គានីស្ថាន ស្ថិតក្នុងចំណោមក្រុមបាល់ដំបងទាំង 10 ដែលខ្លាំងជាងគេក្នុងពិភពលោក៕