Skip to content

តែ​ជាង1ខែ​ប៉ុណ្ណោះ ប្រាសាទសំបូរព្រៃគុក​មាន​មនុស្ស​ទៅលេង​ច្រើន​មិនគួរ​ឱ្យ​ជឿ

ភ្នំពេញ៖ គិត​ចាប់​ពីថ្ងៃ​ដែល​ប្រាសាទសំបូរព្រៃគុក​បាន​ចុះ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក រាប់​មកដល់​ថ្ងៃនេះ​បានត្រឹមតែ​រយៈពេល50ថ្ងៃ​ប៉ុណ្ណោះ តែមាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ មក​ទស្សនា​លេង​កម្សាន្ត​សរុប​ច្រើន​ដល់​ទៅ​ចំនួន 233,598 នាក់ ដែល​ក្នុងនោះ​មាន​ភ្ញៀវ​អន្តរជាតិ​ចំនួន 838នាក់ ដែលមាន​ការកើនឡើង​ស្ទើរតែ100% បើ​ធៀប​នឹង​ការដែល​មិនទាន់បាន​ចុះ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។ នេះ​បើតាម​ការបញ្ជាក់​ឱ្យដឹងពី លោក សេង អាន ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្តកំពង់ធំ នា​ព្រឹក​ថ្ងៃទី31 ខែសីហា ឆ្នាំ2017នេះ។

លោក សេង អាន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា ប្រាសាទសំបូរព្រៃគុក ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ប្រាសាទ​សំបូរ ឃុំ​ប្រសាទ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ បាន​ចុះ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​កាលពី​ថ្ងៃទី8 ខែកក្កដា ឆ្នាំ2017 កន្លងទៅនេះ ហើយ​បើ​រាប់​មកដល់​ថ្ងៃនេះ បានត្រឹមតែ​រយៈពេល 54 ថ្ងៃ​ប៉ុណ្ណោះ តែមាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា​កម្សាន្ត​សរុប​ចំនួន 233,598 នាក់ មក​ទស្សនា​លេង​កម្សាន្ត ក្នុងនោះ​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន 838នាក់ ដែលមាន​ការកើតឡើង​ស្ទើរតែ100% បើ​ធៀប​នឹង​ពេលដែល​យើង​មិនទាន់បាន​ចុះ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។

ការកើនឡើង​របស់​ភ្ញៀវទេសចរ​នេះ​មានការ​កើន​ខ្ពស់បំផុត​នៅ​ថ្ងៃទី6 – 7 ខែសីហា ឆ្នាំ2017 ជា​ថ្ងៃ​ដែល​យើង​រៀបចំ​ធ្វើ​ពិធីបួងសួង​សុំ​សេចក្តីសុខ។ លោក​បាន​សង្កត់ធ្ងន់ថា ចំពោះ​ការកើនឡើង​របស់​ភ្ញៀវទេសចរ​ទាំងនេះ មន្ទីរ​ទេសចរណ៍​ក៏ដូចជា​ក្រសួងទេសចរណ៍​ដែរ​បានគ្រោង​មិន​អនុញ្ញាតឱ្យ​យានយន្ត​បើកបរ​ចូលមកក្នុង​តំបន់​ប្រាសាទ​នោះឡើយ ដោយ​ផ្តល់​ជា​សេវា​សម្រាប់​ភ្ញៀវទេសចរ​ចូលទៅ​ទស្សនា​ជា​រថយន្ត​ប្រើប្រាស់​ថាមពល​អគ្គិសនី ការ​ជិះ​កង់ និង​ជិះរទេះ វិញ ឬ​បើ​ភ្ញៀវទេសចរ​ចង់​ធ្វើដំណើរ​ដោយ​ថ្មើរជើង​ក៏បាន។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ធំ​រូបនេះ​បាន​បន្ថែមថា ការដែល​យើង​ធ្វើ​ដូច្នេះ​គឺ​ដើម្បី​ថែរក្សា​ប្រាសាទ​ឱ្យបាន​គង់វង្ស លើសពីនេះទៅទៀត​ការបង្កើត​សេវា​ទេសចរណ៍​ទាំងអស់នេះ​ឡើង គឺ​ដើម្បី​បង្កើន​នូវ​កម្រិតជីវភាព​ដល់​បងប្អូន​ដែល​រស់នៅក្នុង​តំបន់​នោះ តាមរយៈ​ការលក់​ផលិតផល​ក្នុងស្រុក ការបង្កើត​ជា​ផ្ទះ​សម្រាប់​ស្នាក់ ដែល​ស្របតាម​ពាក្យស្លោក​ថា «ទេសចរណ៍ គឺជា​ឧស្សាហកម្ម​គ្មាន​ផ្សែង»។

លោក សេង អាន ក៏​សូម​សំណូមពរ​ឱ្យ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែល​មក​ទស្សនា​ទាំងអស់​មេត្តាជួយ​ថែរក្សា​ប្រាង្គ​ប្រាសាទ​ដ៏​ល្អ​ឯក​នេះ​ឱ្យបាន​គង់វង្ស ជួយ​ថែរក្សា​នូវ​អនាម័យ បរិស្ថាន និង​ជួយ​ផ្សព្វផ្សាយ​បន្តទៀត ដើម្បី​ភាព​រីកចម្រើន​ខាង​វិស័យ​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា​បន្ថែមទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *