ផ្ទះដ៏សែនតូចនេះ ត្រូវបានផ្ទេរមកឱ្យកូនចៅច្រើនជំនាន់ និងមានអាយុកាលរាប់រយឆ្នាំ ហើយធ្វើឱ្យគ្រប់គ្នាចង់ដឹង ចង់លឺអំពីបរិវេណខាងក្នុងរបស់ផ្ទះនេះ។
ផ្ទះដែលស្ថិតនៅក្នុងក្រុង Conwy នៃតំបន់ North Wales ប្រទេសអង់គ្លេស មានទទឹង 1.82 ម៉ែត្រ, កម្ពស់ 3.01 ម៉ែត្រ និងមានបន្ទប់ចំនួនពីរ។ វាស្ថិតនៅចន្លោះផ្ទះនានា និងហាក់ត្រូវកៀបជាប់នឹងផ្ទះទាំងនោះ ធ្វើឱ្យអ្នកដំណើរមានការចង់ដឹង ចង់លឺ។
សម្ភារប្រើប្រាស់ក្នុងផ្ទះនេះ សុទ្ធតែត្រូវបានច្នៃយ៉ាងពិសេសដើម្បីអាចយកចូលតាមទ្វារដ៏តូច។ ក្នុងផ្ទះ អាចដាក់បានគ្រែមួយសម្រាប់មនុស្សម្នាក់ ចង្ក្រានកម្ដៅ និងកន្លែងដាក់ធ្យូង។ ប៉ុន្តែ ពេលនេះ ម្ចាស់ផ្ទះក៏បានបន្ថែមសាឡុងមួយ ដែលត្រូវបានរចនាជាពិសេសដោយក្រុមហ៊ុន Snug។
Jan Tyley ដែលជាម្ចាស់បច្ចុប្បន្នរបស់ផ្ទះនេះ បានឱ្យដឹងថា អ្នកស្រីភ្ញាក់ផ្អើលណាស់នៅពេលពួកគេអាចយកសាឡុងការិយាល័យចូលទៅក្នុងបន្ទប់ក្រោមដីបាន។ បន្ទប់ក្រោមដីគឺជាកន្លែងទទួលភ្ញៀវ ផ្ទះបាយ និងបន្ទប់ទឹក។
ផ្ទះតូចបំផុតនៅអង់គ្លេសនេះ ត្រូវបានម្ចាស់ផ្ទះរក្សាទុក តកូន តចៅ ក្នុងអំឡុង 130 ឆ្នាំមកហើយ។ ដើម្បីចៀសពីការតម្រូវឱ្យរុះរើពីសំណាក់អាជ្ញាធរ អតីតម្ចាស់ផ្ទះនេះ ដែលមានឈ្មោះថា Robert Jones បានដើរគ្រប់កន្លែងក្នុងប្រទេសអង់គ្លេស ដើម្បីស្រាវជ្រាវឱ្យដឹងច្បាស់ថា តើផ្ទះរបស់ខ្លួន ពិតជាផ្ទះតូចជាងគេបង្អស់ប្រចាំប្រទេសដែរ ឬយ៉ាងណា។
ចុងក្រោយ ផ្ទះរបស់គាត់បានជាប់ឯតទគ្គកម្ម Guinness កាលពីឆ្នាំ 1920 និងត្រូវបានទទួលស្គាល់ថាជា ផ្ទះតូចជាងគេបង្អស់នៅប្រទេសអង់គ្លេស។ ចាប់តាំងពីពេលនេះមក ផ្ទះនេះ ទាក់ទាញបានភ្ញៀវមកទស្សនាប្រមាណ 55,000 នាក់ ជារៀងរាល់ឆ្នាំ។ នេះក៏ជាមូលហេតុដែលនាំឱ្យរដ្ឋាភិបាល បោះបង់បំណងរុះរើផ្ទះនេះ៕