ប្រទេសចិន៖ រោងចក្រនៅទីក្រុង Yunfu របស់ក្រុមហ៊ុន Ehang កំពុងផលិតតាក់ស៊ីហោះចំនួនពីរម៉ូដែល គឺ 216 និង VT30។
ក្រុមហ៊ុន EHang នៅដែលមានទីស្នាក់ការកណ្ដាលនៅ Guangzhou កាលពីថ្ងៃទី 18 សីហា បានចែករំលែកវីដេអូស្ដីអំពីរោងចក្រផលិតតាក់ស៊ីហោះរបស់ខ្លួន ដែលកំពុងដំណើរការគ្រប់ជ្រុងជ្រោយ នៅក្នុងទីរួមស្រុក Yunfu។ EHang ធ្លាប់បានដឹកមនុស្សជាច្រើននាក់ដោយប្រើប្រាស់យន្តហោះអគ្គិសនី ដែលហោះឡើង និងចុះចតត្រង់ (eVTOL) ក្នុងនោះក៏មាន នាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះផងដែរ។
ការធ្វើតេស្តជាច្រើនដែលជួយឱ្យ EHang ទទួលបានជោគជ័យ បាននាំឱ្យក្រុមហ៊ុននេះ លេចធ្លោជាង បើបៀបធៀបនឹងក្រុមហ៊ុនផលិតតាក់ស៊ីហោះដទៃទៀត ដូចជា Joby Aero Inc ដែលកំពុងធ្វើតេស្តហោះហើរដោយគ្មានមនុស្សជិត និងក្រុមហ៊ុន Volocopter ដែលទើបតែធ្វើតេស្តហោះហើរដឹកមនុស្សដំបូងកាលពីខែមុន។ តាមគម្រោង EHang នឹងផ្ដល់សេវាកម្មនៅ ប៉ារីស និងសិង្ហបុរី ចាប់ពីឆ្នាំ 2024។
នៅក្នុងវីដេអូថ្មី រោងចក្ររបស់ EHang ត្រូវបានគេពិពណ៌នាថាជា ទីតាំងផលិតតាក់ស៊ីហោះ eVTOL ដែលដំណើរការពេញលេញដំបូងគេក្នុងពិភពលោក។ ខ្សែច្រវាក់ផលិតកម្មរបស់រោងចក្រទំហំ 2,230 ម៉ែត្រក្រឡា នៅ Yunfu នេះ កំពុងផលិតគ្រឿងបម្លាស់ចាំបាច់សម្រាប់ដំឡើងជាតាក់ស៊ីហោះស្វ័យប្រវត្ត ម៉ូដែល 216 និងយន្តហោះក្នុងទីក្រុង VT30 ហើយម៉ូដែលទាំងពីរនេះ សុទ្ធតែជាមធ្យោបាយហោះហើរ ដែលមានកៅអីចំនួន 2 ដូចគ្នា។ វីដេអូនេះ ក៏បង្ហាញឱ្យដឹងអំពីដំណើរការនៃការបាញ់ថ្នាំ ការដំឡើងស្លាប និងការធ្វើតេស្តប្រព័ន្ធរុញច្រាន។ល។
កាលពីឆ្នាំមុន EHang ប្រកាសថា សហការជាមួយអាជ្ញាធរក្នុងស្រុក នៅ អេស្ប៉ាញ និង ន័រវែស ដើម្បីដំណើរការសាកល្បងនូវបច្ចេកវិទ្យាតាក់ស៊ីហោះ ដែលដំណើរការទាំងស្រុងដោយថាមពលអគ្គិសនី ក៏ដូចជាបង្ហាញម៉ូដែលយន្តហោះគ្មានមនុស្សបើក (Drone) ប្រភេទ 200 គីឡូក្រាម។
EHang កំពុងឆ្ពោះទៅរកគោលដៅសំខាន់ៗជាច្រើន នៅក្នុងទីផ្សារពិភពលោក។ ក្រុមហ៊ុននេះ ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់រដ្ឋាភិបាលប្រទេសចិន ក្នុងការធ្វើតេស្តប្រព័ន្ធនានារបស់យន្តហោះ។ ប្រទេសចិន សង្ឃឹមថា អាចស្ដារឡើងវិញនូវតំណែងលំដាប់កំពូលរបស់ខ្លួននៅលើឆាកអន្តរជាតិ ទាក់ទងនឹងបច្ចេកវិទ្យាយន្តហោះគ្មានមនុស្សបើកបរ ក្នុងគ្រាដែលក្រុមហ៊ុនផលិតតាក់ស៊ីហោះជាច្រើន កំពុងបង្ហាញខ្លួន៕