Melinda French Gates កាន់កាប់ទ្រព្យសម្បត្តិដែលមានតម្លៃរាប់ពាន់លានដុល្លារអាមេរិក និងជាស្ត្រីដែលមានទ្រព្យច្រើនជាងគេលំដាប់ទី 28 នៅ សហរដ្ឋអាមេរិក។
យោងតាមបញ្ជីចំណាត់ថ្នាក់អ្នកមាន Real Time របស់ Forbes អ្នកស្រី Melinda French Gates ដែលជាអតីតភរិយារបស់មហាសេដ្ឋី អាមេរិក Bill Gates បច្ចុប្បន្ន មានទ្រព្យសរុប 5.7 ពាន់លានដុល្លារ និងជាស្ត្រីដែលមានទ្រព្យច្រើនជាងគេលំដាប់ទី 28 នៅ សហរដ្ឋអាមេរិក។ ចំណែក MacKenzie Scott ដែលជាអតីតភរិយារបស់ម្ចាស់ Amazon លោក Jeff Bezos កំពុងជាមហាសេដ្ឋិនីលំដាប់ទីពីរនៅ សហរដ្ឋអាមេរិក ជាមួយនឹងទ្រព្យសម្បត្តិសរុប 53.8 ពាន់លានដុល្លារ។ នៅលើកំពូលតារាងចំណាត់ថ្នាក់នេះ គឺ Alice Walton ដែលជាអ្នកស្នងមរតកនៃក្រុមហ៊ុន Walmart ដោយមានទ្រព្យ 67.8 ពាន់លានដុល្លារ។
យោងតាមឯកសាររបស់គណៈកម្មការមូលបត្រអាមេរិក កាលពីថ្ងៃទី 5 សីហា មូលនិធិវិនិយោគ Cascade Investment របស់លោក Gates បានផ្ទេរមូលបត្រចំនួន 3.3 លានហ៊ុនរបស់ AutoNation តម្លៃប្រហែល 387 លានដុល្លារ ទៅឱ្យ Melinda។ អតីតភរិយារបស់លោក Gates ក៏ទទួលបានមូលបត្រ 2.8 លានហ៊ុនរបស់ Deere & Co. តម្លៃប្រហែល 1 ពាន់លានដុល្លារ និងមូលបត្រ 9.5 លានហ៊ុនរបស់ Canadian National Railway Co. តម្លៃជាង 1 ពាន់លានដុល្លារ។
មុននោះ បន្ទាប់ពីបានប្រកាសលែងលះកាលពីដើមខែឧសភា អ្នកស្រី Melinda ក៏ទទួលបានមូលបត្រពីបណ្ដាក្រុមហ៊ុនខាងលើ ក្នុងតម្លៃជាង 3 ពាន់លានដុល្លារផងដែរ។
ចំណែកលោក Bill Gates វិញ Forbes បានគណនាឃើញថា សហស្ថាបនិកនៃក្រុមហ៊ុន Microsoft កំពុងកាន់កាប់ទ្រព្យដែលមានតម្លៃ 129.9 ពាន់លានដុល្លារ។ បច្ចុប្បន្ន មហាសេដ្ឋីរូបនេះ គឺជាអ្នកមានជាងគេលំដាប់ទី 4 ក្នុងពិភពលោក បន្ទាប់ពី Jeff Bezos, Elon Musk និង Bernard Arnault។
គួររំលឹកថា Bill និង Melinda បានជួបគ្នានៅឯក្រុមហ៊ុន Microsoft ដែលពេលនោះ លោក Gates គឺជា CEO។ Melinda ចាប់ផ្ដើមធ្វើការជាអ្នកគ្រប់គ្រងផ្នែកផ្សព្វផ្សាយកម្មវិធីឯកសាររបស់ Microsoft នៅឆ្នាំ 1987។ កាលណោះ អ្នកស្រីគឺជាស្ត្រីតែម្នាក់គត់ក្នុងចំណោមអ្នកដែលមានសញ្ញាបត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មនៅ Microsoft។ កាលពីខែឧសភា ឆ្នាំនេះ លោក Gates និងអ្នកស្រី Melinda បានប្រកាសលែងលះគ្នា បន្ទាប់ពីរស់នៅជាប្ដីប្រពន្ធបាន 27 ឆ្នាំ៕