រ៉ូបូតជើងពីរ កម្ពស់ 150 ស.ម និងទម្ងន់ 86 គីឡូក្រាម ឈ្មោះ Atlas មានសមត្ថភាពអាចធ្វើសកម្មភាពពិបាកៗដែលមនុស្សជាច្រើនមិនអាចធ្វើបាន ដូចជាការលោត រត់ ដើរលើកំណាត់ឈើ និងលោតដាំក្បាលត្រលប់ក្រោយជាដើម។
ក្រុមហ៊ុនអភិវឌ្ឍរ៉ូបូត Boston Dynamics (អាមេរិក) កាលពីថ្ងៃទី 17 សីហា បានបញ្ចេញវីដេអូមួយបង្ហាញអំពី រ៉ូបូត Atlas សម្ដែងកីឡា parkour ប្រកបដោយភាពស្ទាត់ជំនាញ។ ពួកវាផ្លាស់ទីឆ្លងកាត់ឧបសគ្គបានយ៉ាងល្អ ក្នុងនោះក៏មានកាយវិការស្របគ្នា ដូចជាការបង្វិលខ្លួន និងលោតដាំក្បាលត្រលប់ក្រោយផងដែរ។
លទ្ធផលនៃការអភិវឌ្ឍខាងលើនេះ ជួយឱ្យរ៉ូបូត អាចដើរ ឬរត់នៅលើសណ្ឋានដីគ្រប់ប្រភេទ និងធ្វើការគ្រប់យ៉ាងនាពេលអនាគត។ នេះបើតាម Scott Kuindersma ប្រធានក្រុមអភិវឌ្ឍ Atlas ប្រចាំក្រុមហ៊ុន Boston Dynamics។
លោក Scott Kuindersma និយាយថា៖ «ការងារដែលយើងកំពុងធ្វើ តាមពិតគ្រាន់តែជាការកសាងមូលដ្ឋានគ្រឹះប៉ុណ្ណោះ»។
Atlas គឺជារ៉ូបូតដែលមានរូបរាងស្រដៀងមនុស្ស មានកម្ពស់ប្រហែល 150 សង់ទីមែត្រ និងទម្ងន់ 86 គីឡូក្រាម។ វាត្រូវបានបំពាក់អាគុយស្ងួត, កាមេរ៉ា RGB, អង្គញាណវាស់ជម្រៅ រួមនឹងកុំព្យូទ័រចំនួនបីគ្រឿង។
ក្រុមហ៊ុនខាងលើក៏បានបញ្ចេញវីដេអូក្រៅឆាកបង្ហាញថា រ៉ូបូត មិនមែនចេះតែអាចសម្ដែងដោយជោគជ័យក្នុងគ្រាដំបូងនោះទេ។ «ពួករ៉ូបូត ធ្លាប់បានដួលជាច្រើនលើក ហើយពេលខ្លះធ្វើឱ្យយើងធុញ និងអស់សង្ឃឹមផងដែរ» លោក Benjamin Stephens ប្រធានផ្នែកប្រព័ន្ធបញ្ជារបស់ Atlas រៀបរាប់។
លោក Benjamin Stephens ឱ្យដឹងថា ប្រការនេះគឺដូចទៅនឹងវីដេអូស្ដីពីកីឡាជិះស្គី ឬ parkour ក្នុងនោះ អត្តពលិកបានហាត់រាប់សិប ឬរាប់រយលើក ទើបអាចធ្វើបានល្អ ហើយ «យើងក៏កំពុងធ្វើដូច្នេះជាមួយនឹង Atlas»។
ក្រុមអ្នកវិទ្យាសាស្ត្រ ប្រចាំ Boston Dynamics បានចាប់ផ្ដើមឱ្យរ៉ូបូតពីរគ្រឿង ធ្វើសកម្មភាពដូចអត្តពលិក parkour ក្នុងពេលតែមួយ តាំងពីពីរសប្ដាហ៍មុន ហើយនេះគឺជាលើកដំបូងដែលថតសកម្មភាពពួកវាហាត់រួមគ្នា នេះបើតាម Benjamin Stephens៕