ក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ិកបានឈ្នះកៅអីរបស់ពួកគេសម្រាប់យុទ្ធនាការ World Cup នៅឆ្នាំក្រោយ ខណៈដែលនៅសល់ការប្រកួតជម្រុះ 2លើកទៀត ក្រោយពីពួកគេបានយកឈ្នះលើក្រុមជម្រើសជាតិក្រិក ក្នុងលទ្ធផល 2-1 កាលពីថ្ងៃអាទិត្យ។
ខ្សែប្រយុទ្ធ Romelu Lukaku បានតែតបាល់បំប៉ោងសំណាញ់ទីដើម្បីរកគ្រាប់បាល់ឈ្នះនៅនាទីទី74 ដើម្បីជួយឲ្យក្រុមជម្រើសជាតិបែលហ្ស៊ិកនាំមុខរហូតដល់8ពិន្ទុដាច់លើក្រុមជម្រើសជាតិបូស្នី នៅលើកំពូលតារាងនៃពូល H។
ខ្សែបម្រើ Jan Vertonghen បានរកគ្រាប់បាល់បើកឆាកឲ្យក្រុមបែលហ្ស៊ិករបស់លោក Roberto Martinez នៅនាទីទី70 ប៉ុន្តែកីឡាករ Zeca បានរកគ្រាប់បាល់តាមស្មើវិញក្នុងរយៈពេល1នាទី នៅមុនពេល Lukaku បានរកគ្រាប់បាល់ឈ្នះ។
បច្ចុប្បន្ន ក្រុមជម្រើសជាតិបែលហ្ស៊ិក កំពុងតែនាំមុខ8ពិន្ទុដាច់លើក្រុមជម្រើសជាតិបូស្នី និង9ពិន្ទុពីលើក្រុមជម្រើសជាតិក្រិក នៅលើកំពូលតារាងនៃពូល H ខណៈដែលនៅសល់ត្រឹមតែការប្រកួត2លើកទៀតប៉ុណ្ណោះ។ ក្រុមជម្រើសជាតិបែលហ្ស៊ិក នឹងចូលរួមជាមួយនឹងក្រុមជម្រើសជាតិប្រេស៊ីល អ៊ីរ៉ង់ ជប៉ុន ម៉ិកស៊ិក និងម្ចាស់ផ្ទះរុស្ស៊ី ក្នុងការឈ្នះសិទ្ធិទៅប្រកួតជុំផ្តាច់ព្រ័ត្រនៅឆ្នាំក្រោយនេះ។
ប៉ុន្តែ ក្រុមជើងខ្លាំងបារាំងបានជួបភាពអាម៉ាស ដោយការបញ្ចប់ត្រឹមលទ្ធផលស្មើ ០-០ ជាមួយនឹងក្រុមជម្រើសជាតិលុចសំបួ។ ក្រោយពីបានបំបាក់ក្រុមជម្រើសជាតិហូឡង់យ៉ាងចាស់ដៃក្នុងលទ្ធផល 4-០រួចមក ក្រុមជម្រើសជាតិបារាំងបានជួបការខកចិត្តវិញ ខណៈដែលលទ្ធផលស្មើ ០-០ កាលពីថ្ងៃអាទិត្យបានធ្វើឲ្យពួកគេនាំមុខលើក្រុមជម្រើសជាតិស៊ុយអែត ត្រឹមតែ1ពិន្ទុប៉ុណ្ណោះ៕
ប្រភពពី៖ Eurosport