Skip to content

ក្រុមហ៊ុន World City កំពុងធ្វើការ​ជាមួយ​ដៃគូ​ដើម្បី​ចាប់ផ្តើម​អភិវឌ្ឍ​ទីក្រុង​រណប​ CAMKO

ភ្នំពេញៈ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រុមហ៊ុន World City បាន​ថ្លែងថា នាពេលនេះ​ក្រុមហ៊ុន​កំពុងធ្វើការ​ងារ​ជាមួយ​ដៃគូ​ដើម្បី​ចាប់ផ្តើម​គម្រោង​វិនិយោគ​នានា​ក្នុង​ទីក្រុង​រណប CAMKO CITY។

លោក ខេង សែ ប្រធាន​គ្រប់គ្រង​គម្រោង និង​នីតិកម្ម​នៃ​ក្រុមហ៊ុន​World City ដែល​បាននិងកំពុង​វិនិយោគ​គម្រោង​ទីក្រុង​រណប CAMKO CITY បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃទី2 ខែកញ្ញា​កន្លងទៅ​ថា បច្ចុប្បន្ននេះ​ក្រុមហ៊ុន​បានចាប់ផ្តើម​សាងសង់​បន្ត​អគារ​ចំនួន2ក្នុងចំណោម​អគារ​ខុន​ដូ​ចំនួន7ដែល​មិនទាន់បាន​សាងសង់​បញ្ចប់​កាលពី​ខែមិថុនា​ពាក់កណ្តាល​ឆ្នាំនេះ និង​គ្រោង​បញ្ចប់​អគារ​ទាំង2នេះ​នៅ​ខែ​មិនា ឆ្នាំ2018ខាងមុខនេះ។ អគារ​ចំនួន2នេះ​មានផ្ទះ​សរុប​ចំនួន 79យូ​នី​ត។

លោក​បន្តថា “ក្នុង​ពេលនេះ ក្រុមហ៊ុន​កំពុងស្ថិត​ក្នុងដំណាក់កាល​ពិភាក្សា​ជាមួយ​ដៃគូ​ផ្សេងទៀត​នៅ​ប្រទេស​កូរ៉េ​ដើម្បី​ចាប់ផ្តើម​សាងសង់​គម្រោងផ្សេងៗទៀត​ក្នុង​ទីក្រុង​រណប​នេះ។

អគ្គនាយក​ក្រុមហ៊ុន Century21 Mekong លោក ច្រឹ​ក សុខ​នី​ម បាន​ថ្លែងថា បច្ចុប្បន្ន​ទីក្រុង​រណប CAMKO មិន​ស្ថិតនៅ​ឆ្ងាយ​ទៀត​ទេ ព្រោះ​តំបន់​នេះ​កំពុងមាន​ការអភិវឌ្ឍ​ខ្លាំង ហេតុនេះ​ការចាប់ផ្តើម​គម្រោង​នេះ​គឺជា​សញ្ញា​ល្អ​ថ្មី​មួយ ដើម្បី​ទាញ​ទំនុកចិត្ត​ត្រឡប់មកវិញ ប៉ុន្តែ​យ៉ាងណាក៏ដោយ​ការពន្យារពេល​លើ​គម្រោង​អ្វីមួយ​ជា​រឿង​ធម្មតា។ លោក​បន្តថា ការចាប់ផ្តើម​ឡើងវិញ​ជាមួយ​គុណភាព​សំណង់ និង​ដាក់​តម្លៃ​ឲ្យ​បាន​សមរម្យ​សម្រាប់​គម្រោង​ទីក្រុង​រណប​នេះ​នឹង​ទទួលបាន​ជោគជ័យ មិនមាន​អ្វី​គួរ​ឲ្យ​បារម្ភ​ទេ។

លោក គុយ វ៉ាត អគ្គនាយក​ក្រុមហ៊ុន VTRUST GROUP បាន​ថ្លែង​ក្នុងពេល​ចុះ​ពិនិត្យ​ពី​វឌ្ឍនភាព​គម្រោង​នេះ​កាលពីពេល​កន្លងមក​ថា គម្រោង​នេះ​ជា​គម្រោង​ល្អ ដោយសារ​ក្រុមហ៊ុន​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​មាន​ភាព​ទាក់ទាញ គុណភាព​លំនៅដ្ឋាន និង​ខុន​ដូ​មាន​ភាពល្អប្រសើរ និង​តម្លៃ​លក់​សមរម្យ​ពិតជា​មាន​ភាព​ទាក់ទាញ និង​ជា​កត្តា​កំណត់​ឲ្យ​ភាពជោគជ័យ​របស់​គម្រោង​នេះ៕

Leave a Reply

Your email address will not be published. Required fields are marked *