Skip to content

អាល្លឺម៉ង់ និង​អង់គ្លេស សម្លឹង​រក​ជ័យជម្នះ​ដូចគ្នា ក្នុង​វគ្គ​ជម្រុះ World Cup រាត្រី​នេះ

ក្រុមបាល់ទាត់​ជម្រើសជាតិ​អាល្លឺម៉ង់ និង​ក្រុម​ជម្រើសជាតិ​អង់គ្លេស នឹង​សម្លឹង​រក​ជ័យជម្នះ នៅពេលដែល​ពួកគេ​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម​ជម្រើសជាតិ​ន័​រ​វែ​ស និង​ស្លូ​វ៉ា​គី រៀងៗខ្លួន ក្នុងការ​ប្រកួត​ជម្រុះ World Cup នៅ​រាត្រី​នេះ។

ក្រុម​ម្ចាស់​ជើងឯក​ពិភពលោក​អាល្លឺម៉ង់ ទើបតែ​បាន​រក្សា​កំណត់ត្រា​ឈ្នះ 100ភាគរយ​របស់ខ្លួន ក្នុងការ​ប្រកួត​ជម្រុះ​ក្នុង​ពូ​ល C ក្រោយពី​បាន​ផ្តួល​ក្រុម​ជម្រើសជាតិ​សាធារណរដ្ឋ​ឆែក 1-0 ក្នុង​ទីក្រុង Prague កាលពី​ថ្ងៃ​សៅរ៍។ ជ័យជម្នះ​នេះ​មានន័យថា ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ ដណ្តើមបាន21ពិន្ទុ​ពេញ​ពី​ការប្រកួត​ទាំង7លើក ដើម្បី​នាំមុខ​លើ​ក្រុម​លេខ2 អៀរ​ឡង់​ខាងជើង​ចំនួន5ពិន្ទុ ខណៈដែល​ពួកគេ​ត្រូវការ​ត្រឹមតែ4ពិន្ទុ​ទៀត​ប៉ុណ្ណោះ​ពី​ការប្រកួត3លើកចុងក្រោយ​ដើម្បី​ឈ្នះ​សិទ្ធិ​ទៅកាន់​ប្រទេស​រុស្ស៊ី ឆ្នាំ2018 ជា​ស្ថាពរ។

ប៉ុន្តែ ការដណ្តើម​បាន​ជ័យជម្នះ​លើ​ក្រុម​ជម្រើសជាតិ​ន័​រ​វែ​ស នៅ​កីឡដ្ឋាន Mercedes-Benz Arena ក្នុង​ទីក្រុង​ប៊ែ​រ​ឡាំង​នៅ​រាត្រី​នេះ​នៅតែ​គ្រប់គ្រាន់​សម្រាប់​ពួកគេ ប្រសិនបើ​ក្រុម​ជម្រើសជាតិ​អៀរ​ឡង់​ខាងជើង​មិនអាច​យកឈ្នះ​លើ​ក្រុម​សាធារណរដ្ឋ​ឆែក នៅ​ថ្ងៃ​ដដែល​នេះ​បានទេ​នោះ។

ក្នុងពេល​ក្រុម​ទាំងពីរ​ជួបគ្នា​កាលពី​ជើង​ទី1 ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ បាន​ផ្តួល​ក្រុម​ជម្រើសជាតិ​ន័​រ​វែ​ស ក្នុង​លទ្ធផល 3។ ស្របពេល​ជាមួយគ្នានេះដែរ ក្រុមបាល់ទាត់​ជម្រើសជាតិ​អង់គ្លេស ក៏​សម្លឹង​រក​ការបោះ​ជំហាន​កាន់តែ​កៀក​ទៅរក​ការ​ឈ្នះ​សិទ្ធិ​ទៅ​ប្រកួត World Cup ឆ្នាំ2018 ផងដែរ នៅពេលដែល​ពួកគេ​បើកទ្វារ​ទទួល​ក្រុម​កំពុង​ឈរ​លេខ2 ស្លូ​វ៉ា​គី ក្នុងការ​ប្រកួត​នា​កីឡដ្ឋាន Wembley នៅ​ថ្ងៃ​ចន្ទ​នេះ។

ក្រុម​តោ​កំណាច​ទាំង3មួយ​នេះ បច្ចុប្បន្ន​កំពុងតែ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ1 ដោយមាន17ពិន្ទុ ក្នុង​ពូ​ល F ពោលគឺ​នាំមុខ2ពិន្ទុ​លើ​ក្រុម​ស្លូ​វ៉ា​គី ក្រោយពី​បាន​ផ្តួល​ក្រុម​ជម្រើសជាតិ​ម៉េ​សេ​ដ្វា​ន 4០ កាលពី​ថ្ងៃ​សៅរ៍។

ដោយឡែក ក្រុម​ជម្រើសជាតិ​ស្លូ​វ៉ា​គី នឹង​រក្សា​ការដេញ​តាម​ពីក្រោយ​ក្រុម​អង់គ្លេស​យ៉ាង​ប្រកៀក តាមរយៈ​ការយក​ឈ្នះ​លើ​ក្រុម​ជម្រើសជាតិ​ស្លូ​វេ​នី 1-0 ក្នុងការ​ប្រកួត​ជម្រុះ World Cup កាលពី​ថ្ងៃ​សៅរ៍។ ក្នុងពេល​ក្រុម​ទាំងពីរ​ជួប​នៅលើ​ទឹកដី​ក្រុម​ស្លូ​វ៉ា​គី ក្រុម​ជម្រើសជាតិ​អង់គ្លេស ដណ្តើមបាន​ជ័យជម្នះ​ក្នុង​លទ្ធផល 1-0។ ការប្រកួត​ទាំងពីរ​គូ​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង1:45ទៀបភ្លឺ៕

Leave a Reply

Your email address will not be published. Required fields are marked *