ដូចអ្វីដែលគេហទំព័រ ឡារ៉ែន ធ្លាប់បានចុះផ្សាយកាលពីពាក់កណ្ដាលខែកក្កដា ដោយបានដាក់ចំណងជើងថា «កម្ពុជាមានក្រុមហ៊ុនតំណាង Apple ជាផ្លូវការហើយ» ពេលនេះអ្វីៗត្រូវបានលាតត្រដាងហើយ ដោយក្រុមហ៊ុន Falcon Tech Co, Ltd បានប្រកាសខ្លួនជាក្រុមហ៊ុនទទួលសិទ្ធិស្របច្បាប់ក្នុងការចែកចាយផលិតផល Apple សម្រាប់ទីផ្សារកម្ពុជា ក្នុងពិធីជួបជុំដៃគូអាជីវកម្មនៅភោជនីយដ្ឋាន ទន្លេបាសាក់ II កាលពីថ្ងៃទី2 ខែកញ្ញា ឆ្នាំ 2017 កន្លងទៅថ្មីៗនេះ។
លោក Jim ដែលជានាយកគ្រប់គ្រង Falcon Tech Co., Ltd បានឱ្យដឹងថា ក្រុមហ៊ុនលោកបានបើកដំណើរការក្នុងទីផ្សារកម្ពុជាបានប្រមាណជា 2 ខែហើយ បន្ទាប់ពីទទួលបានការយល់ព្រមពីក្រុមហ៊ុន Apple Inc ក្នុងការនាំយកនូវផលិតផល Apple មកកាន់កម្ពុជា។ លោកបន្ដថា វត្តមាន Falcon នៅទីនេះនឹងផ្ដល់ជូននូវអត្ថប្រយោជន៍ជាច្រើនសម្រាប់អ្នកប្រើប្រាស់កម្ពុជា ជាមួយនឹងទំនុកចិត្ត ការជឿជាក់ គុណភាព និងការធានាដែលស្របច្បាប់ជាចម្បង។
លោកថា៖«មានលក្ខខណ្ឌច្រើនដែលតម្រូវឱ្យយើងសម្រេចប្រកាសជាចំហនៅថ្ងៃនេះ។ ជាង 2 ខែនេះ Falcon បានធ្វើការងារច្រើនជាមួយនឹងដៃគូអាជីវកម្មក្នុងស្រុក ជាពិសេសតាមបណ្ដាហាងធំ»។
ក្នុងនាមជាក្រុមហ៊ុនទទួលសិទ្ធិស្របច្បាប់ ក្រុមហ៊ុននឹងធ្វើការនាំចូលទូរស័ព្ទ iPhone, iPad, កុំព្យូទ័រ MacBook, និង Accessories ជាច្រើនទៀតរបស់ក្រុមហ៊ុន Apple លើកលែងតែនាឡិកា Apple Watch ប៉ុណ្ណោះ។ ជាមួយគ្នានេះដែរ Falcon ក៏បាននាំចូលនូវទូរស័ព្ទ iPhone 6 ជំនាន់ថ្មីជាមួយនឹងទំហំផ្ទុក 32GB រួមទាំងការធានារយៈពេលមួយឆ្នាំពេញទៀតផងពី Apple ដែលមានតម្លៃ 398 ដុល្លារ៕