
យានអវកាសដែលផ្ទុកទំនិញច្រើនមុខ ក្នុងនោះក៏មានអាហារស្រស់ និងនំភីហ្សា សម្រាប់ក្រុមអវកាសចរ បានហោះទៅដល់ស្ថានីយអវកាសអន្តរជាតិ ISS ដោយសុវត្ថិភាព។
សារព័ត៌មានអាមេរិក AP បានរាយការណ៍ថា យានដឹកទំនិញ Cygnus របស់ក្រុមហ៊ុន Northrop Grumman ដែលត្រូវបានបាញ់បង្ហោះពី Virginia (សហរដ្ឋអាមេរិក) ទៅកាន់ទីអវកាស កាលពីថ្ងៃទី 10 សីហា ហើយបានទៅដល់ ISS ដោយសុវត្ថិភាព នៅថ្ងៃទី 12 សីហា។
Cygnus បានដឹកទំនិញទម្ងន់ 3,700 គីឡូក្រាម រួមមាន ផ្លែប៉ោមស្រស់ ប៉េងប៉ោះ គីវី រួមទាំងនំភីហ្សាជាដើម សម្រាប់អ្នកអវកាសចំនួន 7 នាក់។ ទន្ទឹមនឹងនេះ ក៏មានធ្នើរសម្រាប់ដៃថាមពលព្រះអាទិត្យថ្មី ដែលនឹងត្រូវប្រើក្នុងឆ្នាំ 2022 នៅលើ ISS និងវត្ថុធាតុមួយសម្រាប់ធ្វើជាធូលីព្រះចន្ទសិប្បនិម្មិត និងធូលីសម្រាប់ផលិតវត្ថុធាតុដោយម៉ាស៊ីនបោះពុម្ភ 3D របស់ ISS, ពុម្ភសម្រាប់ការពិសោធផ្នែកអប់រំរបស់បារាំង ដែលមានឈ្មោះថា Blob និងឧបករណ៍ស្វែងរកកាំរស្មីអ៊ីនហ្វ្រារ៉េដ។

នេះគឺជាលើកទី 16 ហើយ ដែល Northrop Grumman បានជួយបញ្ជូនទំនិញរបស់ NASA ឡើងទៅកាន់ ISS ហើយនេះក៏ជាជើងហោះហើរទៅកាន់ទីអវកាសដែលផ្ទុកទំនិញច្រើនបំផុត។
https://www.youtube.com/watch?v=PPR-aUjsb5c
ISS បច្ចុប្បន្ន មានអ្នកអវកាសចំនួន 7 នាក់ កំពុងរស់នៅ និងធ្វើការ រួមមាន ជនជាតិអាមេរិកាំង 3 នាក់, ជនជាតិរុស្ស៊ី 2 នាក់, ជនជាតិបារាំង 1 នាក់ និងជនជាតិជប៉ុន 1 នាក់៕
