ស្រទាប់អ្នកជំនួញដែលទើបតែរកស៊ីមានបានក្នុងជំនាន់ថ្មី កំពុងតែគ្រប់គ្រងតារាងចំណាត់ថ្នាក់អ្នកមាននៅប្រទេសកូរ៉េខាងត្បូង ដោយមានប្រៀបជាងសមាជិកនៃក្រុមត្រកូលអ្នកមានៗដែលឈរនៅពីក្រោយបណ្ដាក្រុមហ៊ុនចាស់វស្សា។
Brian Kim ស្ថាបនិកនៃក្រុមហ៊ុនគ្រប់គ្រងកម្មវិធីផ្ញើសារ Kakao គឺជាឧទាហរណ៍លេចធ្លោបំផុត នៅពេល «យកឈ្នះ» លើ «អ្នកស្នងមរតក» របស់ Samsung លោក Jay Y. Lee (Lee Jae-yong) ហើយក្លាយជាអ្នកមានជាងគេបង្អស់នៅប្រទេសកូរ៉េខាងត្បូង ដោយមានទ្រព្យចំនួន 12.9 ពាន់លានដុល្លារអាមេរិក។
ក្រៅពី Brian កូរ៉េខាងត្បូង ក៏នៅមានមហាសេដ្ឋីដែលបានរកស៊ីពីបាតដៃទទេ ជាច្រើនទៀត ដែលកំពុងបង្ហាញឥទ្ធិពលរបស់ខ្លួន ក្នុងនោះមាន Seo Jung-jin ស្ថាបនិកនៃក្រុមហ៊ុនបច្ចេកវិទ្យាជីវសាស្ត្រ Celltrion មានទ្រព្យប្រមាណ 10 ពាន់លានដុល្លារ, Bom Kim (ពលរដ្ឋអាមេរិក ដើមកំណើត កូរ៉េខាងត្បូង) ស្ថាបនិកនៃផ្សារពាណិជ្ជកម្មអនឡាញ Coupang ឬ Chang Byung-gyu ដែលជាម្ចាស់ក្រុមហ៊ុនហ្គេម Krafton។ល។
ការប្រែប្រួលនេះគឺជាសញ្ញាមួយបង្ហាញថា ខឿនសេដ្ឋកិច្ចដែលមានតម្លៃ 1.6 លានលាន (1.6 ទ្រីលាន) ដុល្លារ របស់ កូរ៉េខាងត្បូង កំពុងឈានចូលដល់យុគសម័យរីកចម្រើនថ្មី និងកាត់បន្ថយការពឹងផ្អែកទៅលើតែក្រុម chaebol (ក្រុមត្រកូលអ្នកមានដែលគ្រប់គ្រងបណ្ដាក្រុមហ៊ុនធំៗនៅ កូរ៉េខាងត្បូង) ដែលធ្លាប់បានក្ដោបក្ដាប់អំណាចធំនៅក្នុងសង្គម ដោយនៅពីក្រោយបណ្ដាក្រុមហ៊ុនខ្នាតយក្ស ដូចជា Huyndai, Samsung, LG និង Hanjin។ល។
សាស្ត្រាចារ្យ Kyong-hwan មកពីសាកលវិទ្យាល័យ Sungkyunkwan បានអធិប្បាយថា៖ «នេះគឺជាការប្រែប្រួលវិជ្ជមាន ចំពោះ កូរ៉េខាងត្បូង»។ ក្រុម chaebol កំពុងតែទុកឱកាសឱ្យបណ្ដាក្រុមហ៊ុនថ្មីៗ ដែលចាប់ផ្ដើមលេចធ្លោបន្តិចម្ដង។ នេះបើតាមសារព័ត៌មាន Bloomberg។
សម័យ COVID-19 បានធ្វើឱ្យតម្រូវការនៅក្នុងវិស័យពាណិជ្ជកម្មអនឡាញ កំសាន្ត និងបច្ចេកវិទ្យាជីវសាស្ត្រ កើនឡើងយ៉ាងឆាប់រហ័ស នាំឱ្យក្រុមអ្នកវិនិយោគទម្លាក់លុយរាប់ពាន់លានដុល្លារទៅក្នុងបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាថ្មី។ ខ្ទង់វិនិយោគហានិភ័យ (Risky Investment) ដែលត្រូវបានទម្លាក់មកកាន់ប្រទេសនេះ បានកើនឡើងដល់ 2.7 ពាន់លានដុល្លារអាមេរិក នៅក្នុងពាក់កណ្ដាលដើមឆ្នាំ 2021 ខ្ពស់បំផុតមិនធ្លាប់មានក្នុងអំឡុង ខែ។ នេះបើតាមទិន្នន័យរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង។
សាស្ត្រាចារ្យ Kyong-hwan ថ្លែងថា៖ «នេះគឺជាឱកាសល្អសម្រាប់ការរីកចម្រើន និងការប្រមូលទុនរបស់បណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាថ្មី»។ លោកបានព្យាករថា កូរ៉េខាងត្បូងនឹងមានមហាសេដ្ឋីថ្មីជាច្រើនទៀតដែលមានប្រៀបជាងបណ្ដាមហាសេដ្ឋី «បុរាណ»។ លោក Kyong-hwan សង្កត់ធ្ងន់ថា៖ «ក្រុមមហាសេដ្ឋីថ្មីគឺជាគំរូដែលជួយឱ្យក្រុមយុវវ័យយល់ថា ពួកគេអាចក្លាយជាអ្នកមានប្រកបដោយភាពឯករាជ្យ ជំនួសឱ្យការទទួលមរតក»៕