នៅពេលបុរសម្នាក់ដើរកាត់មុខសត្វដំរីដ៏ធំមួយក្បាល ដែលត្រូវចងជើងជាប់នឹងដើមឈើមួយដើមនៅក្បែរផ្លូវនោះ គេក៏ត្រូវទុចង៉ក់ព្រោះជំពប់ចិត្តជាមួយអ្វីម្យ៉ាង ដែលមើលទៅហាក់ដូចជាមិនសមហេតុសមផលសោះ។ នោះក៏គឺ សត្វដំរីដ៏ធំមួយក្បាលនេះមានត្រឹមតែខ្សែចំណងដ៏តូចមួយចងជាប់ជើងខាងមុខមួយទៅនឹងដើមឈើមួយដើមនោះប៉ុណ្ណោះ។ មិនមែនជាច្រវាក់ដែលធំមាំមួន ឬមានអ្វីផ្សេងគ្រៀកខ្លួនវាទៀតឡើយ ដែលបើមើលពីទំហំមាឌរបស់សត្វដំរី និងខ្សែនោះហើយ ដំរីនេះអាចទាញខ្សែដ៏តូចមួយសរសៃនោះដាច់បានគ្រប់ពេល តែវាមិនធ្វើបែបនោះទេ បែរជាឈរយ៉ាងស្ងប់ស្ងាត់ និងគ្មានក្តីព្យាយាមនឹងធ្វើអ្វីទាំងអស់។
គេដើរចូលទៅរកហ្មដំរីដែលអង្គុយនៅជិតនោះព្រមជាមួយសំណួរដែលគេនឹកសង្ស័យថា ហេតុអីបានជាសត្វដំរីមិនទាញបណ្ដាច់ខ្សែហើយរត់គេចទៅ ទាំងដែលខ្សែនោះតូចត្រឹមតែប៉ុណ្ណឹងសោះ? តែគេក៏ទទួលបានចម្លើយដ៏គួរឱ្យស្ងើចមកវិញថា៖
“គឺកាលពីវានៅតូច យើងក៏ប្រើខ្សែប៉ុនហ្នឹងចងវា ហើយកាលពីវាអាយុប៉ុននោះ ទោះជាវាខំព្យាយាមយ៉ាងណា ក៏វាមិនទាន់មានកម្លាំងកំហែងគ្រប់គ្រាន់ក្នុងការទាញខ្សែនោះឱ្យដាច់បានដែរ លុះដល់វាធំឡើងវាក៏នៅតែជឿដូចមុនដដែលថា វាមិនអាចធ្វើបានទេ ទើបវាមិនធ្វើ”
បុរសម្នាក់នោះនឹកចម្លែកចិត្តយ៉ាងខ្លាំង ទាំងត្រឹមតែមើលនឹងភ្នែកក៏អាចដឹងដែរថា សត្វដំរីមួយក្បាលនេះអាចទាញខ្សែនោះឱ្យដាច់បាន ហើយនឹងមានសេរីភាពយ៉ាងមិនពិបាកឡើយ តែវាមិនធ្វើដោយសារតែវានៅតែជឿថា វាធ្វើមិនបាន។
ប្រៀបដូចជាមនុស្សយើងដូច្នោះដែរ មានច្រើននាក់ណាស់ដែលមិនហ៊ានក្នុងការធ្វើអ្វីដែលខ្លួនចង់ធ្វើ ព្រោះតែជឿថា យើងធ្វើមិនបាន គ្រាន់តែដោយសារពីមុនយើងធ្លាប់ធ្វើមិនបាន ឬធ្លាប់ធ្វើរួចហើយ តែមិនសម្រេចកាលពីអតីតកាល។
ប៉ុន្មានដងហើយដែលអ្នកមិនហ៊ានធ្វើអ្វី ដោយសារតែធ្លាប់មានបទពិសោធមិនល្អ ឬជំនឿកាលពីអតីតកាល។
ប៉ុន្មានដងហើយដែលអ្នកមិនហ៊ានធ្វើអ្វីថ្មីៗ គ្រាន់តែដោយសារអ្នកជឿថា អ្នកធ្វើមិនបាន។
នៅពេលដែលអ្នកផ្លាស់ប្តូរជំនឿបាន អ្នកនឹងមានឱកាសធ្វើបាន។
កុំបណ្តោយឱ្យបទពិសោធមិនល្អ ឬជំនឿកាលពីអតីតកាលមកកម្រិតអ្វីដែលអ្នកចង់ធ្វើនៅពេលនេះ និងពេលអនាគតឱ្យសោះ៕ ស្រាវជ្រាវដោយ តាវ៉ែនតា