
CyberDog ប្រើប្រាស់ឧបករណ៍ដូចទៅនឹង Boston Dynamics Spot និងមានសមត្ថភាពអាចរត់ក្នុងល្បឿន 3.2 ម៉ែត្រ/វិនាទី អាចឆ្លើយតបនឹងសំឡេងបញ្ជា និងដើរតាមម្ចាស់។
ឆ្កែយន្តថ្មីដែលត្រូវបានក្រុមហ៊ុនចិន Xiaomi ហៅថា ម៉ាស៊ីន open source សម្រាប់ពិសោធន៍នេះ មិនត្រូវបានគេដឹងច្បាស់អំពីគោលបំណងនៃការអភិវឌ្ឍនៅឡើយ ប៉ុន្តែ Xiaomi បានបង្ហើបឱ្យដឹងថា CyberDog នេះគឺសម្រាប់អ្នកគាំទ្ររបស់ Xiaomi, វិស្វករ និងក្រុមមនុស្សដែលចូលចិត្តរ៉ូបូត។
https://www.youtube.com/watch?v=i5o0TevLfxY

ផលិតផល CyberDog នេះ មានតម្លៃ 9,999 យុន (1,543 ដុល្លារអាមេរិក / 6,279,000 រៀល) ថោកជាងឆ្ងាយបើធៀបនឹងតម្លៃដំបូង 74.000 ដុល្លាររបស់ឆ្កែយន្ត Boston Dynamics Spot។ ប៉ុន្តែ CyberDog នឹងត្រូវបានផលិតត្រឹមតែ 1,000 គ្រឿងប៉ុណ្ណោះ។
CyberDog ត្រូវបានក្រុមហ៊ុន Xiaomi អះអាងថា មានលក្ខណៈដូចទៅនឹងសត្វចិញ្ចឹម ដោយសារវាអាចប្រតិកម្មតបនឹងសំឡេងបញ្ជា ឬដើរតាមម្ចាស់។ CyberDog មានរូបរាងដូចជាឧបករណ៍ដែលមកពីអនាគតកាល ស្រដៀងនឹងតួអង្គក្នុងខ្សែភាពយន្តវិទ្យាសាស្ត្រ។
ក្រុមហ៊ុន Xiaomi និយាយថា CyberDog អាចលោតត្រលប់ខ្លួនទៅក្រោយដូចអ្នកចេះក្បាច់គុន អាចរត់ក្នុងល្បឿន 3.2 ម៉ែត្រ/វិនាទី និងមានទម្ងន់ 3 គីឡូក្រាម។ ឆ្កែយន្តនេះ ប្រើប្រាស់បច្ចេកវិទ្យា Jetson Xavier AI របស់ Nvidia និងមានឧបករណ៍បច្ចេកវិទ្យាជាច្រើន ដូចជា កាមេរ៉ា អង្គញាណ និងឧបករណ៍កំណត់ទិស GPS ។ល។
CyberDog អាចវិភាគបរិយាកាសជុំវិញ បង្កើតផែនដី កំណត់គោលដៅ និងគេចពីឧបសគ្គ។ ឆ្កែយន្តនេះ នឹងតាមដានម្ចាស់របស់វាដោយការសង្កេតមើលកាយវិការ និងស្កេនផ្ទៃមុខ។ ផលិតផលនេះក៏អាចត្រូវបានបញ្ជាដោយទូរស័ព្ទឆ្លាតវៃ ស្គាល់ឃ្លាឃ្លោងដែលជាបញ្ជារបស់ម្ចាស់។ល។
https://www.youtube.com/watch?v=bclX-78Nqxw&t=33s
CyberDog មានរន្ធ USB-C ចំនួន 3, រន្ធ HDMI ចំនួន 1 ដែលត្រូវបានប្រើដើម្បីបញ្ជាទៅលើគ្រឿងម៉ាស៊ីនខាងក្នុង។ CyberDog ក៏អាចបំពាក់បន្ថែមនូវអង្គញាណ lidar, កាមេរ៉ាមើលឃើញគ្រប់ទិស (panoramic camera) ឬ ពិលសម្រាប់ស្វែងរក។ល។
