ប្រធានទំនាក់ទំនងសាធារណៈរបស់ Weibo ដែលជាបណ្ដាញសង្គមធំជាងគេនៅប្រទេសចិន ត្រូវបានចាប់ខ្លួន ព្រោះតែជាប់សង្ស័យថា បានប្រព្រឹត្តអំពើពុករលួយ។
Weibo ដែលជាបណ្ដាញសង្គមមានអ្នកប្រើប្រាស់ច្រើនជាងគេបង្អស់នៅប្រទេសចិន គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Sina Corporation។ កាលពីថ្ងៃទី 10 សីហា បណ្ដាញសង្គមនេះបានប្រកាសថា លោក Mao Taotao ដែលជាប្រធានផ្នែកទំនាក់ទំនងសាធារណៈរបស់ Weibo ត្រូវបានអាជ្ញាធរចាប់ខ្លួន ព្រោះតែជាប់សង្ស័យថា បានប្រព្រឹត្តអំពើសូកប៉ាន់ បង្ក «ផលប៉ះពាល់ធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន»។
ប្រកាសរបស់ Weibo មានឃ្លាសរសេរថា៖ «យោងតាមគោលការណ៍របស់ក្រុមហ៊ុន និងច្បាប់រដ្ឋ យើងសម្រេចដកតំណែង Mao ហើយនឹងមិនរើសយកគាត់មកធ្វើការទៀតទេ»។
លោក Mao បានចូលធ្វើការនៅក្នុងក្រុមហ៊ុន Weibo កាលពីឆ្នាំ 2010 ហើយក៏ទទួលបានជោគជ័យយ៉ាងឆាប់រហ័សនៅក្នុងគណៈកម្មការទីផ្សារ និងផ្សព្វផ្សាយ។ Weibo មិនបានឆ្លើយតបនឹងសំណួររបស់ក្រុមអ្នកយកព័ត៌មាន ខណៈ Mao ក៏ទាក់ទងមិនទាន់បាន។
ចំនួនក្រុមហ៊ុនបច្ចេកវិទ្យាចិន ដែលបានជាប់ក្នុងការស៊ើបអង្កេតទាក់ទិននឹងបញ្ហាពុករលួយ បានកើនឡើងទ្វេដងក្នុងរយៈពេលច្រើនឆ្នាំចុងក្រោយនេះ ក្នុងគ្រាយុទ្ធនាការប្រឆាំងអំពើពុករលួយដែលត្រូវបានផ្ដួចផ្ដើមដោយប្រធានាធិបតី ស៊ី ជីនពីង ត្រូវបានជំរុញយ៉ាងខ្លាំងក្លា។
កាលពីដើមឆ្នាំ 2020 អតីតអនុប្រធានក្រុមហ៊ុន Kuaishou ក៏ត្រូវបានចាប់ខ្លួនពីបទពុករលួយ ខណៈដែល Tencent Holdings បានឱ្យដឹងដែរថា ម្នាក់ក្នុងចំណោមនាយកប្រតិបត្តិរបស់ខ្លួន ក៏កំពុងត្រូវបានអាជ្ញាធរស៊ើបអង្កេត ដោយត្រូវសង្ស័យថា ជាប់ទាក់ទងនឹង «អំពើពុករលួយលក្ខណៈឯកជន»៕