ភ្នំពេញ៖ បន្ទាប់ពីមានការស្នើសុំឱ្យសងប្រាក់ដែលទូទាត់លើសដល់ប្រជាពលរដ្ឋវិញ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានប្រកាសជូនដំណឹងឱ្យសាធារណជននៅទូទាំងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល អាចយកវិក្កយបត្រទៅដកប្រាក់វិញបានហើយនៅថ្ងៃទី04 ខែកញ្ញា ឆ្នាំ2017នេះ។
ខ្លឹមសារនៃសេចក្តីជូនដំណឹងខាងលើឱ្យដឹងថា រដ្ឋាករស្វយ័តក្រុងភ្នំពេញនឹងធ្វើការទូទាត់សងប្រាក់លម្អៀងលើសជូនអតិថិជនវិញចាប់ពីថ្ងៃទី04 ខែកញ្ញា ឆ្នាំ2017នេះតទៅនៅតាមបញ្ជរបេឡាទាំងអស់របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញរៀងរាល់ម៉ោងធ្វើការចាប់ពីម៉ោង08.00 ដល់ម៉ោង 16.00 ដោយមិនមានការសម្រាកពេលថ្ងៃត្រង់ឡើយ។
សម្រាប់លក្ខខណ្ឌ និងឯកសារផ្សេងៗដែលសាធារណជនអាចយកទៅដកប្រាក់សំណងវិញបាននេះគឺ ត្រូវភ្ជាប់ជាមួយនូវ៖
- វិក្កយបត្របង់ប្រាក់ថ្លៃទឹកថ្មី(ក្រោយពីមានការកែសម្រួលតាមការគណនាចាស់)
2.សក្ខីបត្រដែលនឹងចែកជូនដោយភ្នាក់ងាររបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។
ពាក់ព័ន្ធករណីនេះអ្នកនាង សន សុភក្ត្រ អាជីវករបោកសម្លៀកបំពាក់ខ្នាតតូចនៅភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញមានប្រសាសន៍ថា កន្លងមកក្នុងមួយខែអ្នកនាងចំណាយថ្លៃទឹកអស់ប្រមាណជា4 ទៅ5ម៉ឺនរៀលប៉ុណ្ណោះ ប៉ុន្តែបន្ទាប់ពីប្រើរូបមន្តគណនាថ្មីកាលពីខែមុននេះ ស្រាប់តែតម្លៃទឹកប្រើប្រាស់ត្រូវចំណាយទ្វេដង គឺឡើងជិតដល់8ម៉ឺនរៀលឯណោះក្នុងមួយខែ។ ករណីនេះអ្នកនាង សុភក្ត្រ នឹងទៅទូទាត់យកប្រាក់សំណងវិញនៅថ្ងៃនេះដែរ។
មហាជនទូទៅបានធ្វើការរិះគន់ខ្លះដែរថា នេះជាកំហុសដោយចេតនារបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដូច្នេះគួរតែធ្វើការផ្តល់សំណងទៅតាមផ្ទះរបស់គាត់នីមួយៗវិញដោយសារពួកគាត់ជាប់រវល់ការងារច្រើន និងមានការលំបាកក្នុងការធ្វើដំណើរទៅទូទាត់ប្រាក់សំណងពីរដ្ឋាករទឹកនេះ។
សូមជម្រាបថា សម្រាប់ព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងការទូទាត់សំណងនូវទឹកប្រាក់ដែលបានបង់លើសនេះ រដ្ឋាករទឹកក៏បានផ្តល់លេខទូរស័ព្ទ 023 430 541 ដើម្បីឱ្យអតិថិជនធ្វើការទំនាក់ទំនងសាកសួរ ឬអាចទៅសាកសួរដោយផ្ទាល់បាននៅតាមបញ្ជរបេឡាទទួលប្រាក់ណាមួយរបស់រដ្ឋាករទឹកបានរៀងរាល់ម៉ោងធ្វើការ៕