មហាសេដ្ឋីជនជាតិអាមេរិក លោក Bill Gates បានជូនមេរៀនមួយដែលមិនអាចបំភ្លេចបាន ដល់ពិធីការិនីស្រស់ស្អាតមួយរូប ដែលបានបដិសេធមូលប្បទានប័ត្ររបស់លោក។
នៅពេលអ្នកជោគជ័យ អ្នកតែងស្ថិតនៅក្នុងចំណោមមហាសេដ្ឋីដែលត្រូវបានគេរំលឹក និងសួរនាំអំពីវិធីសាស្ត្រដើម្បីឆ្ពោះទៅរកភាពជោគជ័យ ហើយ មហាសេដ្ឋី Bill Gates ក៏ដូច្នេះដែរ។ មួយក្នុងចំណោមរឿងរ៉ាវរបស់លោក Bill Gates ដែលត្រូវបានគេយកមកនិយាយច្រើនជាងគេបំផុតក្នុងរយៈពេលច្រើនឆ្នាំមកនេះ នោះគឺរឿងទាក់ទងនឹងពិធីការិនីទូរទស្សន៍ដ៏ស្រស់ស្អាតមួយរូប និងមូលប្បទានប័ត្រមួយសន្លឹក។
រឿងរ៉ាវនេះបានកើតឡើងនៅក្នុងកិច្ចសម្ភាសមួយ របស់ពិធីការិនី (MC) មួយរូប ជាមួយនឹងមហាសេដ្ឋី Bill Gates។ ស្រីស្អាតជា MC នេះ បានសួរទៅលោក Gates ថា៖ «អ្វីទៅជាគន្លឹះសំខាន់ដែលនាំឱ្យលោកជោគជ័យ?»។
ជំនួសឱ្យការឆ្លើយត្រង់ទៅនឹងសំនួរ ម្ចាស់ក្រុមហ៊ុន Microsoft ក៏បានហូតមូលប្បទានប័ត្រមួយសន្លឹកចេញ រួចចុះហត្ថលេខា ហើយហុចឱ្យស្រីស្អាតរូបនេះ ដោយប្រាប់ឱ្យនាងបន្ថែមចំនួនទឹកប្រាក់ទៅតាមចិត្តរបស់នាង។ នៅចំពោះមុខសកម្មភាពបែបនេះរបស់មហាសេដ្ឋី Bill Gates នាង MC ក៏បានបដិសេធ រួចក៏សួរសំនួរនេះជាថ្មី។
មហាសេដ្ឋីកើតឆ្នាំ 1955 រូបនេះ នៅតែធ្វើដូចអំបាញ់មិញ ដោយហុចសន្លឹកសែកនោះឱ្យទៅនាងម្ដងទៀត តែនាងនៅតែបដិសេធដដែល។ ចុងក្រោយ លោក Gates ក៏បានហែកសែកមួយសន្លឹកនោះចោល ហើយឆ្លើយថា៖ «គន្លឹះជោគជ័យរបស់ខ្ញុំគឺ មិនបោះបង់ចោលឱកាសដែលខ្ញុំមាន មិនដូចអ្វីដែលនាងទើបតែបានធ្វើសោះឡើយ។ នាងគួរណាស់តែបានក្លាយជាពិធីការិនីដែលមានប្រាក់ច្រើនជាងគេក្នុងពិភពលោក»។
តាមរយៈរឿងនេះ យើងដឹងច្បាស់ថា ឱកាសមិនចេះតែកើតឡើងគ្រប់ពេលនោះទេ ដូច្នេះ ត្រូវតែចាប់យកវាឱ្យបានលឿនបំផុត នៅពេលវាបានមកក្បែរយើង៕