Neeraj Chopra ដែលដណ្ដើមបានមេដាយមាស នៅក្នុងការប្រកួតវិញ្ញាសារចោលលំពែងនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិតតូខ្យូ ទទួលបានការសន្យាផ្ដល់រង្វាន់ជាង 2 លានដុល្លារអាមេរិក ពីសំណាក់បណ្ដាក្រុមហ៊ុន និងអាជ្ញាធរឥណ្ឌា។
អត្តពលិកវ័យ 23 ឆ្នាំ ឈ្មោះ Neeraj Chopra បានយកឈ្នះលើអត្តពលិកនានា នៅក្នុងការប្រកួតវិញ្ញាសារចោលលំពែង ដោយចោលបានចម្ងាយ 87.58 ម៉ែត្រ នៅលើទីលានប្រកួតកីឡាអូឡាំពិកតូខ្យូ កាលពីថ្ងៃទី 07 សីហា។ ជ័យជំនះនេះ បាននាំមកនូវមេដាយមាសជាប្រវត្តិសាស្ត្រជូនដល់ប្រទេសឥណ្ឌា។ នេះគឺជាមេដាយមាសអូឡាំពិកដំបូងរបស់ Chopra ហើយក៏ជាមេដាយមាសអត្តពលកម្មដំបូងរបស់ ឥណ្ឌា នៅព្រឹត្តិការណ៍អូឡាំពិកទាំងឡាយដែលប្រទេសនេះបានចូលរួម។
Chopra កំពុងនាំមុខអត្តពលិកអូឡាំពិកដែលជោគជ័យបំផុតរបស់ ឥណ្ឌា តាំងពីមុនរហូតដល់បច្ចុប្បន្ន ដោយដណ្ដើមបានមេដាយមាសចំនួន 1, មេដាយប្រាក់ចំនួន 2 និងមេដាយសំរឹទ្ធចំនួន 4។
អាជ្ញាធររដ្ឋ Haryana ដែលជាស្រុកកំណើតរបស់ Chopra បានឱ្យដឹងថា ពួកគេនឹងផ្ដល់រង្វាន់ជាទឹកប្រាក់ចំនួន 60 លានរ៉ូពីឥណ្ឌា (800,000 ដុល្លារអាមេរិក)។ បណ្ដារដ្ឋផ្សេងៗ ក៏បានស្នើផ្ដល់រង្វាន់បន្ថែម 400,000 ដុល្លារ ខណៈក្រុមហ៊ុនវិស័យអប់រំដ៏ធំមួយនៅ ឥណ្ឌា ក៏បានសន្យាផ្ដល់ប្រាក់រង្វាន់ចំនួន 270,000 ដុល្លារផងដែរ។
ក្រុមប្រឹក្សា cricket ឥណ្ឌា (BCCI) និងក្រុម Chennai Super Kings ក៏បានសន្យាផ្ដល់រង្វាន់ 135,000 ដុល្លារ សម្រាប់អត្តពលិកដែលដណ្ដើមបានមេដាយ ហើយ Chopra ក៏នឹងទទួលបាន 100,000 ដុល្លារពីសមាគមអូឡាំពិក ឥណ្ឌា (IOA) ផងដែរ។
ចំណែកបណ្ដាក្រុមហ៊ុងដទៃទៀត ក៏ផ្ដល់រង្វាន់ឱ្យ Chopra តាមរយៈការមិនយកថ្លៃសំបុត្រយន្តហោះ ការផ្ដល់រង្វាន់ជារថយន្តទំនើប និងប្រាក់សុទ្ធ។ល។ ប្រាក់រង្វាន់ជាសរុបរបស់ Chopra បច្ចុប្បន្នបានកើនដល់ជាង 2 លានដុល្លារអាមេរិក ហើយតួលេខនេះនឹងនៅតែកើនឡើង មុនពេល Chopra ត្រលប់មកប្រទេសវិញ។
រាក់អត្តពលិកដែលដណ្ដើមបានមេដាយ សុទ្ធតែអាចទទួលបានប្រាក់រង្វាន់យ៉ាងច្រើន នៅពេលត្រលប់មកប្រទេស។ IOA ផ្ដល់រង្វាន់ 53,000 ដុល្លារសម្រាប់មេដាយប្រាក់ និង 33,500 ដុល្លារ សម្រាប់មេដាយសំរឹទ្ធ។
ឥណ្ឌា ត្រូវបានគេចាត់ទុកជាប្រទេសដែលផ្ដល់រង្វាន់ច្រើនជាងគេដល់បណ្ដាអត្តពលិកដែលដណ្ដើមបានមេដាយពីព្រឹត្តិការណ៍អូឡាំពិក 2021 នៅ ជប៉ុន បើទោះ សិង្ហបុរី កន្លងមកក៏ធ្លាប់នាំមុខគេលើរឿងនេះ ដោយផ្ដល់រង្វាន់ជាង 700,000 ដុល្លារសម្រាប់មេដាយមាស៕