អ្នកស្រី Margaret Vo Schaus ដែលជាពលរដ្ឋអាមេរិកាំងដើមកំណើត វៀតណាម ត្រូវបានតែងតាំងឱ្យធ្វើជាប្រធានផ្នែកហិរញ្ញវត្ថុនៃទីភ្នាក់ងារអវកាសអាមេរិក (NASA) នេះបើតាមសារព័ត៌មាន Yahoo News។
អ្នកស្រី Margaret Vo Schaus បានឱ្យដឹងថា «មានមោទកភាពខ្លាំងណាស់ នៅពេលបានស្បថចូលកាន់តំណែង» ក្រោមអធិបតីភាពរបស់អគ្គនាយក NASA លោក Bill Nelson កាលពីថ្ងៃទី 04 សីហា។ លោកស្រីក៏បានសំដែងការដឹងគុណដល់ប្រធានាធិបតី Biden ដែលបានផ្ដល់ឱកាសឱ្យអ្នកស្រី ធ្វើជាអ្នក «គ្រប់គ្រងថវិការបស់ NASA»។
លោក Nelson ឱ្យដឹងថា លោកបានស្គាល់ Vo Schaus ជាច្រើនឆ្នាំមកហើយ និងយល់ថា បទពិសោធន៍របស់អ្នកស្រី នឹង «ជួយអនុវត្តគោលដៅ និងបេសកកម្មរបស់ NASA ពីនិយមន័យ ឱ្យទៅជាការជាក់ស្ដែង»។
មុនពេលត្រូវបានតែងតាំងជានាយិកាផ្នែកហិរញ្ញវត្ថុរបស់ NASA អ្នកស្រី Vo Shaus បានកាន់តំណែងជាប្រធានពាណិជ្ជកម្មនៃការិយាល័យស្រាវជ្រាវនិងបច្ចេកទេស របស់ក្រសួងការពារជាតិ សហរដ្ឋអាមេរិក ដែលទទួលខុសត្រូវក្នុងការតាមដាន «ថវិកាខ្ទង់ពាន់លានដុល្លារ»។ អ្នកស្រីក៏ស្ថិតក្នុងគណៈគ្រប់គ្រងជាន់ខ្ពស់របស់នាយកដ្ឋានថាមពល និងការពារជាតិ អស់ជាច្រើនទសវត្សរ៍។
អ្នកស្រី Vo Schaus បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រ បច្ចេកវិទ្យា សង្គម និងភាសាអង់គ្លេស។ អ្នកស្រីក៏ទទួលបានសញ្ញាបត្រថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងវិទ្យាសាស្ត្រ និងបច្ចេកទេសពី សាកលវិទ្យាល័យ Stanford ផងដែរ៕