Hidilyn Diaz ត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រនៃវិស័យកីឡារបស់ប្រទេស ហ្វីលីពីន ក្រោយពីបានជួយឱ្យប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ ដណ្ដើមបានមេដាយមាសជាលើកដំបូង នៅក្នុងការប្រកួតកីឡាអូឡាំពិក។
Hidilyn Diaz បានក្លាយជានារីអត្តពលិកផ្នែកលើកទម្ងន់ក្នុងប្រវត្តិសាស្ត្ររបស់ ហ្វីលីពីន នៅពេលនាងដណ្ដើមបានមេដាយមាសក្នុងការប្រកួតលើកទម្ងន់ ប្រភេទ 55 គីឡូក្រាម។ នេះគឺជាមេដាយមាសដំបូងរបស់ក្រុមអត្តពលិក ហ្វីលីពីន នៅក្នុងការប្រកួតកីឡាអូឡាំពិកលើកនេះ។
បន្ទាប់ពីដណ្ដើមបានជ័យជំនះជូនប្រទេសជាតិ Hidilyn Diaz ទទួលបានការផ្ដល់រង្វាន់ដ៏ធំ នាំឱ្យនាងក្លាយជាសេដ្ឋិនីមួយរំពេច។ ជាក់ស្ដែង ក្រៅពីប្រាក់រង្វាន់គោលចំនួន 10 លានប៉េសូ (ស្មើនឹង 200,900 ដុល្លារអាមេរិក) សម្រាប់មេដាយមាសមួយគ្រឿង Hidilyn Diaz ក៏ទទួលបានប្រាក់រង្វាន់ចំនួនជាង 40 លានប៉េសូ (ស្មើនឹង 803,700 ដុល្លារអាមេរិក) ពីបណ្ដាក្រុមហ៊ុន និងក្រុមមន្ត្រី ហ្វីលីពីន ផងដែរ។ ទឹកប្រាក់សរុប ដែលនារីអត្តពលិករូបនេះទទួលបាន ស្មើនឹង 1,004,000 ដុល្លារអាមេរិក។
ក្រៅពីទឹកប្រាក់សុទ្ធ Diaz ក៏ទទួលបានផ្ទះល្វែងមួយខ្នងស្ថិតនៅក្នុងតំបន់លំដាប់ប្រណិតមួយកន្លែង ផ្ទះសម្រាប់លំហែកាយមួយខ្នងនៅភាគខាងត្បូងរដ្ឋធានី ម៉ានីល រថយន្តថ្មីមួយគ្រឿង រួមនឹងការចាក់សាំងដោយមិនគិតថ្លៃ ការធ្វើដំណើរតាមយន្តហោះពាណិជ្ជកម្មដោយមិនគិតថ្លៃពេញមួយជីវិតទៀតផង។
ទោះបីផ្ដល់រង្វាន់យ៉ាងច្រើនសន្ធឹកដល់អត្តពលិកដែលដណ្ដើមបានមេដាយមាស ប៉ុន្តែ ហ្វីលីពីន មិនមែនជាប្រទេសដែលផ្ដល់រង្វាន់ច្រើនជាងគេនោះទេ។ យោងតាម Forbes សិង្ហបុរី ទើបជាប្រទេសដែលផ្ដល់រង្វាន់គោលច្រើនជាងគេ ក្នុងនោះ រង្វាន់ 738,000 ដុល្លារអាមេរិក សម្រាប់អត្តពលិកដណ្ដើមបានមេដាយមាស, 370,500 ដុល្លារ សម្រាប់មេដាយប្រាក់ និង 185,300 ដុល្លារ សម្រាប់មេដាយសំរឹទ្ធ។
ឈរបន្ទាប់ពី សិង្ហបុរី គឺ តៃវ៉ាន់ ដោយផ្ដល់រង្វាន់សម្រាប់មេដាយមាស ចំនួន 716,000 ដុល្លារអាមេរិក រីឯលំដាប់ទីបីគឺ ប្រទេស ឥណ្ឌូនេស៊ីដោយផ្ដល់ 346,000 ដុល្លារអាមេរិក សម្រាប់មេដាយមាស៕