មធ្យោបាយហោះហើរដែលមានឈ្មោះថា BlackFly ធ្វើការហោះហើររយៈពេលខ្លី ទៅកាន់កម្ពស់ 21 ម៉ែត្រ និងក្នុងល្បឿន 56 គីឡូម៉ែត្រ/ម៉ោង នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍អាកាសចរណ៍ នៅទីក្រុង Oshkosh សហរដ្ឋអាមេរិក។
Opener ដែលជាក្រុមហ៊ុនអភិវឌ្ឍមធ្យោបាយហោះហើរដំណើរការដោយថាមពលអគ្គិសនី មានទីស្នាក់ការកណ្ដាលនៅ សហរដ្ឋអាមេរិក សម្រេចបានគោលដៅថ្មី នៅក្នុងការហោះហើរសាកល្បងចុងក្រោយ។
Opener បានធ្វើការហោះហើរសំដែងដោយមានមនុស្សបើកជាសាធារណៈលើកដំបូង ជាមួយនឹងយានដែលអាចហោះឡើង និងចុះចតត្រង់ និងដំណើរការដោយថាមពលអគ្គិសនី ដែលមានឈ្មោះថា BlackFly។
ការហោះហើរខាងលើនេះ ត្រូវបានធ្វើឡើងនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ផ្នែកអាកាសចរណ៍ AirVenture របស់សមាគមយន្តហោះសាកល្បង ដែលមានឈ្មោះថា Experimental Aircraft Association (EAA) នៅទីក្រុង Oshkosh ក្នុងរដ្ឋ Wisconsin សហរដ្ឋអាមេរិក កាលពីថ្ងៃទី 26 ខែកក្កដា ដល់ថ្ងៃទី 01 ខែសីហា ឆ្នាំ 2021។
ក្នុងការសំដែងនេះ BlackFly ហោះហើរបានច្រើននារី ក្នុងល្បឿន 56 គីឡូម៉ែត្រ/ម៉ោង និងហោះឡើងដល់កម្ពស់ប្រមាណ 21 ម៉ែត្រ។
BlackFly គឺជាយានជំនិះលក្ខណៈបុគ្គលដែលមានទម្ងន់មហាស្រាល មានកៅអីតែមួយ មានស្លាបកង្ហារ 8 និងមិនតម្រូវឱ្យមានប័ណ្ណបើកបរនោះឡើយ។ វាអាចហោះហើរក្នុងរយៈចម្ងាយ 56 គីឡូម៉ែត្រ ជាមួយនឹងល្បឿនជាង 120 គីឡូម៉ែត្រ/ម៉ោង។
បណ្ដាកំណែរបស់ BlackFly ធ្លាប់បានហោះហើរក្នុងចម្ងាយផ្លូវសរុប ជាង 37,000 គីឡូម៉ែត្រ ដោយហោះហើរជាង 2,300 លើក៕