ក្រោយការត្រលប់មកពីអវកាស មហាសេដ្ឋី របស់ សហរដ្ឋអាមេរិក លោក Jeff Bezoa ទទួលបានដំណឹងមិនល្អ៖ បាត់បង់តំណែងជាអ្នកមានទ្រព្យច្រើនជាងគេបង្អស់ក្នុងពិភពលោក។
សារព័ត៌មាន MarketWatch បានរាយកាណ៍ថា លោក Jeff Bezos ទើបតែបានបាត់បង់តំណែងជាអ្នកមានជាងគេក្នុងពិភពលោក ដោយសារទ្រព្យរបស់លោក បានថយុះ 13.9 ពាន់លានដុល្លារក្នុងរយៈពេលតែ 1 ថ្ងៃ។
មូលហេតុនៃបញ្ហានេះ គឺដោយសារមូលបត្រ Amazon បានដាំក្បាលចុះកាលពីចុងសប្ដាហ៍មុន ដោយបាត់បង់អស់ 7% បន្ទាប់ពីក្រុមហ៊ុននេះ បានចេញរបាយការណ៍ស្ដីពីកំណើនពាណិជ្ជកម្មនៅក្នុងត្រីមាសទី 2 ដែលមិនបានដូចការព្យាករ។
ការបាត់បង់ទ្រព្យដ៏ច្រើននេះ ធ្វើឱ្យលោក Jeff Bezos ត្រូវបានអ្នកជំនួញបារាំង លោក Bernard Arnault ដណ្ដើម និងកាន់កាប់តំណែងជាអ្នកមានជាងគេក្នុងពិភពលោក។ លោក Arnault មាន LVMH ក្នុងដៃ។ LVMH ជាក្រុមហ៊ុនដែលក្ដោបក្ដាប់យីហោផលិតផលប្រណិតៗ រួមមានទាំង Louis Vuitton, Sephora, Moët & Chandon និង Tiffany & Co ផងដែរ។
គិតមកដល់ថ្ងៃនេះ (03 សីហា ឆ្នាំ 2021) ទ្រព្យរបស់លោក Arnault បានកើនឡើងដល់ 195.8 ពាន់លានដុល្លារអាមេរិក ខណៈដែលទ្រព្យរបស់លោក Bezos ធ្លាក់មកនៅត្រឹម 192.6 ពាន់លានដុល្លារ៕