យានអវកាស Starliner របស់ក្រុមហ៊ុន Boeing និងរ៉ុក្កែត Atlas V របស់ Boeing សហការជាមួយ Lockheed Martin ត្រូវបាននាំទៅកាន់ប្រព័ន្ធជើងទម្រលេខ 41 នៅស្ថានីយអវកាសចរណ៍ Cape Canaveral កាលពីថ្ងៃទី 02 ខែសីហា។
រ៉ុក្កែត Atlas V និងយាន Starliner នឹងបំពេញភារកិច្ចដែលគេហៅថា OFT-2 គ្រោងនឹងធ្វើឡើងនៅវេលាម៉ោង 0:20 នាទី ថ្ងៃទី 04 សីហា (ម៉ោងនៅកម្ពុជា)។ ក្នុងបេសកកម្មនេះ យាន Starliner ដែលមិនមានមនុស្សបើក នឹងត្រូវហោះទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS)។
នេះមិនមែនជាលើកទីមួយទេ ដែលរ៉ុក្កែត Atlas V និងយាន Starliner បានទៅដល់កន្លែងបាញ់បង្ហោះលេខ 41។ ពួកវាធ្លាប់ត្រូវបានដឹកទៅដាក់លើជើងទម្រនេះកាលពីថ្ងៃទី 29 កក្កដា ដើម្បីត្រៀមបាញ់បង្ហោះនៅថ្ងៃទី 30 កក្កដា។ ប៉ុន្តែ ព្រឹត្តិការណ៍នេះត្រូវបានពន្យារពេល ដោយសារតែម៉ូឌុល Nauka របស់ រុស្ស៊ី បានធ្វើឱ្យមានបញ្ហាមួយចំនួនដល់ ISS។
ក្រុមហ៊ុន Boeing អភិវឌ្ឍ Starliner ក្រោមការវិនិយោគពីកម្មវិធីពាណិជ្ជកម្មដឹកមនុស្ស របស់ NASA។ កម្មវិធីនេះក៏គាំទ្រដល់យាន Crew Dragon របស់ SpaceX ផងដែរ ក្នុងគោលដៅប្រើប្រាស់យានអវកាសឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន បន្ទាប់ពីយាន Space Shuttle របស់ NASA បានចូលនិវត្តន៍កាលពីឆ្នាំ 2011។
Crew Dragon ធ្លាប់បានដឹកអ្នកអវកាសឡើងទៅកាន់ ISS ដោយជោគជ័យ ចំណែក Starliner មិនទាន់ធ្វើបាននៅឡើយ។ ជាដំបូង យាន Starliner ត្រូវបង្ហាញអំពីសមត្ថភាពនៃការហោះហើរដោយស្ថិរភាពនៅពេលពុំមានមនុស្សជិះ។ នេះគឺជាគោលដៅរបស់ OFT-2។ OFT-2 គឺជាការហោះហើរសាកល្បងលើកទីពីររបស់ Starliner ដោយត្រូវហោះទៅកាន់ ISS។ ការសាកល្បងដំបូង ត្រូវបានធ្វើឡើងកាលពីខែធ្នូ ឆ្នាំ 2019 ប៉ុន្តែ មិនបានជោគជ័យ៕