«សណ្ឋាគារជ្រូក» កម្ពស់ច្រើនជាន់គឺជាដំណោះស្រាយថ្មីមួយសម្រាប់ប្រទេសដែលមានប្រជាជនច្រើនជាងគេដូច ចិន ដើម្បីការពារជ្រូករបស់ប្រទេសនេះ ពីការយាយីរបស់ជំងឺឆ្លងមួយចំនួន ដូចជាជំងឺប៉េស្ដជ្រូកអាហ្វ្រិក ជាដើម។
ចិន កំពុងតែនាំយកបញ្ហាសុវត្ថិភាពជីវសាស្ត្រសម្រាប់សត្វជ្រូក ឡើងខ្ពស់ថែមមួយកម្រិតទៀត។ អគារកម្ពស់ 13 ជាន់ ស្ថិតនៅភាគខាងត្បូងប្រទេសនេះ ត្រូវបានសាងសង់ឡើងដើម្បីចិញ្ចឹមជ្រូកប្រមាណ 10,000 ក្បាល។ ជ្រូកនៅទីនេះ រស់នៅក្នុងបរិស្ថានសន្តិសុខយ៉ាងតឹងរ៉ឹង ក្នុងនោះមានទាំងកាមេរ៉ាតាមដាន ផ្លូវចេញចូលមានកំណត់ សេវាកម្មពេទ្យសត្វនៅនឹងកន្លែង ហើយអាហារក៏ត្រូវបានរៀបចំយ៉ាងប្រុងប្រយ័ត្ន។
ដំណើរការខាងលើនេះ ត្រូវបានធ្វើឡើងក្នុងបំណងការពារសុវត្ថិភាពផ្នែកជីវសាស្ត្រដល់ប្រភពផ្គត់ផ្គង់សាច់ជ្រូច នៅចំពោះមុខវីរុសជាច្រើនប្រភេទ រួមទាំងជំងឺប៉េស្តជ្រូក (African swine fever) ដែលធ្លាប់បានលុបបំបាត់ជ្រូកប្រមាណពាក់កណ្ដាលនៃចំនួនជ្រូកសរុបទូទាំងប្រទេសរបស់ចិន ក្នុងឆ្នាំ 2018 និង 2019។
រូបមន្តដែលមានរហ័សនាមថា «សណ្ឋាគារជ្រូក» នេះ ត្រូវសាងសង់ឡើងដោយបណ្ដាក្រុមហ៊ុនដូចជា Muyuan Foods និង New Hope Group។ រូបមន្តនេះ ត្រូវបានប្រើប្រាស់នៅក្នុងប្រទេសផ្សេងៗតាំងពីយូរមកហើយ ដើម្បីគ្រប់គ្រង និងការពារសត្វជ្រូកពីជំងឺកាចសាហាវផ្សេង។
Rupert Claxton ប្រធានផ្នែកសាច់របស់ក្រុមហ៊ុនប្រឹក្សាយោបល់ Gira នៃប្រទេស អង់គ្លេស បានវាយតម្លៃថា ប្រទេសចិន កំពុងរៀនសូត្រអំពីវិធីសាស្ត្រល្អបំផុតពី អឺរ៉ុប និង សហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយគម្លាតផ្នែកសុវត្ថិភាពជីវិសាស្ត្រ។ «ក្នុងរយៈពេល 20 ឆ្នាំ ពួកគេអាចធ្វើបាននូវប្រការដែលជនជាតិអាមេរិក ប្រហែលជាត្រូវចំណាយពេល 100 ឆ្នាំ ទើបអាចធ្វើបាន»។
ជំងឺបេស្ដជ្រូកអាហ្វ្រិក បានផ្ទុះឆ្លងរាលដាលយ៉ាងខ្លាំងក្លានៅប្រទេសចិន កាលពីឆ្នាំ 2018។ ក្នុងរយៈពេល 1 ឆ្នាំ ជ្រូកជាង 400 លានក្បាលរបស់ប្រទេសនេះ ត្រូវបានសម្លាប់ចោល ដែលចំនួននេះ ច្រើនជាងចំនួនជ្រូកប្រចាំឆ្នាំរបស់ សហរដ្ឋអាមេរិក និង ប្រេស៊ីល បូកចូលគ្នាទៅទៀត។ បញ្ហានេះក៏បាននាំឱ្យតម្លៃសាច់ជ្រូកកើនឡើងខ្ពស់ បណ្ដាលឱ្យតម្រូវការនៃការនាំចូលពីបរទេស កើនឡើងច្រើនមិនធ្លាប់មានពីមុនមក។
នៅពេលបញ្ហាអតិភរណាកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងអំឡុងពេល 8 ឆ្នាំ រដ្ឋាភិបាលចិន ត្រូវងាកទៅរកប្រភពសាច់ជ្រូកក្លាសេជាបន្ទាន់ ដើម្បីបញ្ចុះតម្លៃ ទន្ទឹមនឹងគោលនយោបាយថ្មី សម្រាប់ការប្ដូរទៅរកសកម្មភាពចិញ្ចឹមជ្រូកតាមបែបឧស្សាហកម្មទំនើប។
មកដល់បច្ចុប្បន្ន បរិមាណជ្រូកក្នុងស្រុក បានងើបឡើងវិញលឿនជាងការព្យាករ ដោយសារកសិដ្ឋានធំៗ នាំគ្នាបង្កើនទំហំនៃការចិញ្ចឹម។ តម្លៃរបស់សាច់ជ្រូកក៏បានធ្លាក់ចុះរហូតដល់រដ្ឋាភិបាលត្រូវផ្ដល់សញ្ញាអាសន្ន ហើយឃ្លាំងជាតិ ក៏ត្រូវបើកយុទ្ធនាការប្រមូលទិញសាច់ជ្រូកយកមករក្សាទុក ដើម្បីរក្សាស្ថិរភាពតម្លៃក្នុងទីផ្សារ។
ប៉ុន្តែ ការគំរាមពីវីរុសនានា នៅតែកើតមាន។ ជំងឺឆ្លងចំនួន 11 លើក បានកើតឡើងលើសត្វជ្រូក ក្នុងឆ្នាំ 2021 នាំឱ្យជ្រូកជាង 2,000 ក្បាលត្រូវបានសម្លាប់ចោល ក្នុងគ្រាដែលបណ្ដាប្រទេស ដូចជា សហរដ្ឋអាមេរិក ដាណឺម៉ាក និងហូឡង់ ជាដើម ពុំធ្លាប់មានរបាយការណ៍ស្ដីពីជំងឺដូចនៅប្រទេសចិន។
ដូច្នេះហើយ ចិន ក៏ព្យាយាមកែលម្អវិធីសាស្ត្រចិញ្ចឹមជ្រូក និងបង្កើនបរិមាណសត្វជ្រូកក្នុងប្រទេស។ គិតមកដល់ឆ្នាំ 2020 57% នៃបរិមាណសាច់ជ្រូករបស់ប្រទេសនេះ គឺបានមកពីកសិដ្ឋានធំៗ ដែលអាចចិញ្ចឹមបានជាង 500 ក្បាល ក្នុងមួយឆ្នាំ។
ការកែលម្អវិធីសាស្ត្រចិញ្ចឹមជ្រូកនៅប្រទេសចិន រួមមានដូចជា ការសាងសង់កសិដ្ឋានបែបឧស្សាហកម្មទំនើប ក្នុងនោះក៏មានការសាងសង់អគារខ្ពស់ៗសម្រាប់ចិញ្ចឹមជ្រូក ការសាងសង់កន្លែងស្នាក់នៅសមរម្យសម្រាប់បុគ្គលិក កម្មករនៅកសិដ្ឋាន ដើម្បីកាត់បន្ថយការប៉ះពាល់របស់ពួកគេជាមួយនឹងបរិស្ថាននៅខាងក្រៅ។ល។