ក្រុមអ្នកវិទ្យាសាស្ត្របានធ្វើការពិសោធ និងបានប្រែក្លាយទឹកស្អាតឱ្យទៅជាលោហធាតុ ដោយប្រើពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ ហើយនេះក៏បង្កើតបានជាធាតុរាវដែលមានសមត្ថភាពបញ្ជូនអគ្គិសនី។
ទឹកដែលមិនទាន់បានច្រោះស្អាតអាចនាំអគ្គិសនី មានន័យថា អេឡិចត្រុងបន្ទុកអវិជ្ជមាន អាចត្រូវបានចម្លងរវាងម៉ូលេគុល ព្រោះនៅក្នុងទឹកមានជាតិអំបិល។ ប៉ុន្តែ ទឹកស្អាតគឺមានតែម៉ូលេគុលទឹកប៉ុណ្ណោះ ក្នុងនោះអេឡិចត្រុងនានានៅសម្បកខាងក្រៅបង្អស់ (សម្បកអេឡិចត្រុងវ៉ាឡង់/ Valence electron) នៅតែតោងជាប់នឹងអាតូម និងមិនអាចផ្លាស់ទីដោយសេរីក្នុងទឹក។
អំពីទ្រឹស្ដី បើសិនជាបង្កើតសម្ពាធឱ្យបានគ្រប់គ្រាន់ទៅលើទឹកស្អាត ម៉ូលេគុលទឹកនឹងត្រូវកៀបឱ្យជាប់គ្នា ហើយសម្បកអេឡិចត្រុងខាងក្រៅបង្អស់ដែលព័ទ្ធជុំវិញអាតូម នឹងត្រូវគរលើគ្នា។ ប្រការនេះនឹងបង្កលក្ខណៈងាយស្រួលឱ្យអេឡិចត្រុងផ្លាស់ទីដោយសេរី រវាងអាតូមនីមួយៗ ហើយប្រែក្លាយទឹកទៅជាលោហធាតុ។
បញ្ហានៅត្រង់ថា ដើម្បីកៀបទឹករហូតដល់ក្លាយជាលោហធាតុ គឺទាមទារឱ្យមានសម្ពាធប្រហែល 220 លាន psi (pound per square inch) នេះបើតាមអ្នកវិទ្យាសាស្ត្រ Pavel Jungwirth មកពីបណ្ឌិតសភាវិទ្យាសាស្ត្រ ឆែក នៅរដ្ឋធានី Prague។ ដោយមូលហេតុនេះហើយ ធ្វើឱ្យអ្នកវិទ្យាសាស្ត្រសង្ស័យថា ទឹកត្រូវប្រែទៅជាលោហធាតុ ដែលអាចមានវត្តមាននៅក្នុងស្នូលរបស់បណ្ដាភពខ្នាតយក្ស ដូចជាភពព្រហស្បតិ៍ ភពណិបទូន និងភពអ៊ុយរ៉ានុស។
Jungwirth និងក្រុមការងារ បានរកវិធីផ្សេង ដើម្បីអាចធ្វើឱ្យទឹកក្លាយជាលោហធាតុ។ ពួកគេប្រើប្រាស់លោហអាល់កាឡាំង រួមមានធាតុផ្សំដូចជា ប៉ូតាស្យូម និងសូដ្យូម ហើយមានផ្ទុកអេឡិចត្រុងតែមួយនៅសម្បកអេឡិចត្រុងវ៉ាឡង់។
លោហអាល់កាឡាំង អាចផ្ទុះ នៅពេលប៉ះនឹងទឹក ប៉ុន្តែ ពួកគេគិតថា ដោយវិធីណាមួយនោះ ដែលអាចចៀសវាងការផ្ទុះបាន ពួកគេអាចខ្ចីអេឡិចត្រុងពីលោហអាល់កាឡាំង និងប្រើប្រាស់អេឡិចត្រុងនោះដើម្បីធ្វើឱ្យទឹកក្លាយជាលោហធាតុ។
ការពិសោធថ្មីដែលត្រូវបានចុះផ្សាយកាលពីថ្ងៃទី 28 កក្កដា នៅលើទស្សនាវដ្ដី Nature ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញវិធីសមស្រប។ ពួកគេដាក់ស៊ីឡាំងដែលពេញដោយសូដ្យូម និងប៉ូតាស្យូមនៅក្នុងប្រអប់ទំនេរ រួចបញ្ចេញតំណក់តូចៗនៃលោហធាតុរាវក្នុងសីតុណ្ហភាពស្មើនឹងកំដៅក្នុងបន្ទប់ ក្រោយមកទុកឱ្យតំណក់លោហធាតុនេះប៉ះនឹងចំហាយទឹកដ៏ល្អិត។ ទឹកក៏បានកកើតនៅលើបន្ទះមួយដែលមានកម្រាស់ 0.1 micromet នៅខាងលើផ្ទៃនៃតំណក់លោហធាតុ ហើយភ្លាមនោះ អេឡិចត្រុងពីលោហធាតុក៏រត់ទៅរកទឹក។
នៅក្នុងរយៈពេលដ៏ខ្លី ទឹកប្រែទៅជាពណ៌លឿងបែបលោហធាតុរលើបរលោង។ ដោយការប្រើប្រាស់ឧបករណ៍វាស់ស្ទង់ spectrometer ក្រុមស្រាវជ្រាវអាចបញ្ជាក់បានថា ទឹកដែលមានពណ៌លឿងនោះ ពិតជាលោហធាតុ៕