ការរីកចម្រើន ហើយពេលខ្លះក៏ត្រូវបានគេមើលឃើញថាជា ការរកស៊ីផ្ដាច់មុខកាន់តែខ្លាំងឡើងរបស់ Amazon បានធ្វើឱ្យពួកគេក្លាយជាគោលដៅដែលត្រូវចាត់វិធានការពីសំណាក់រដ្ឋ និងក្រុមអ្នកតាក់តែងច្បាប់ នៅសហរដ្ឋ អាមេរិក។
ក៏ប៉ុន្តែ ដោយសារតែទំហំដ៏មហិមា និងឥទ្ធិពលដ៏ខ្លាំងក្លារបស់ខ្លួន ក្រុមហ៊ុន Amazon ក៏ធ្វើឱ្យក្រុមអ្នកបង្កើតច្បាប់ ត្រូវថ្លឹងថ្លែងយ៉ាងយកចិត្តទុកដាក់បំផុតក្នុងការរឹតត្បឹតលើក្រុមហ៊ុននេះ ដើម្បីមិនឱ្យមានការប៉ះពាល់ដល់អតិថិជន និងបណ្ដាក្រុមហ៊ុនដែល «អាស្រ័យផល» ដោយសារ។
កាលពីចុងខែមុន តំណាងរាស្ត្រមួយក្រុម រួមមានទាំងក្រុមអ្នកតាក់តែងច្បាប់នៅសភាជាន់ទាបអាមេរិក បានបង្ហាញសេចក្ដីព្រាងច្បាប់មួយដើម្បីដោះស្រាយលើបញ្ហា «ក្ដោបក្ដាប់អំណាច» នៃបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាធំៗ មានដូចជា Facebook, Amazon, Apple និង Google។ សេចក្ដីព្រាងច្បាប់នេះ នឹងអាចបើកផ្លូវឱ្យមានការកាត់ផ្ដាច់ក្រុមហ៊ុនមួយ ឬច្រើនចេញពីគ្នា ទន្ទឹមនឹងការដែលត្រូវរកដំណោះស្រាយឱ្យបានសមស្រប។
ក្រុមហ៊ុន Amazon កាលពីពេលថ្មីៗនេះ បានបង្ហើបឱ្យដឹងថា ពួកគេប្រហែលជាត្រូវបានបង្ខំឱ្យឈប់ដំណើរការទីផ្សាររបស់អ្នកលក់ជាភាគីទីបី និងត្រលប់មកស្ថានភាពដើម ដែល Amazon គ្រាន់តែលក់ទំនិញផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ សកម្មភាពនេះ នឹងធ្វើឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់អ្នកលក់រាប់លាននាក់ ដែលកំពុងពឹងផ្អែកលើទីផ្សារជាឈ្មួញកណ្ដាលរបស់ Amazon ដើម្បីធ្វើជំនួញ និងធ្វើឱ្យបទពិសោធន៍នៃការទិញដូររបស់អតិថិជន ត្រូវក្រឡាប់ចាក់។
Joel Mitnick ដែលជាសមាជិកម្នាក់នៃក្រុមមេធាវីប្រឆាំងការរកស៊ីផ្ដាច់មុខ ប្រចាំក្រុមហ៊ុនច្បាប់ Cadwalader ឱ្យដឹងថា៖ «ការបំបែកក្រុមហ៊ុននានា ពិតជាមានការលំបាក ហើយការបំបែកក្រុមហ៊ុនដែលមានអតិថិជនស្រលាញ់ចូលចិត្តច្រើន នោះវាកាន់តែពិបាកខ្លាំងទៅទៀត»។
Amazon ធ្លាប់តែជាក្រុមហ៊ុនមួយដែលលក់តែសៀវភៅ។ ពេលនេះ យើងអាចហៅសកម្មភាពអាជីវកម្មរបស់ពួកគេដោយខ្លីថា «ពាណិជ្ជកម្មអនឡាញ»។ Amazon មានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើន ដូចជា Amazon Web Services, Whole Food, ផ្សព្វផ្សាយ, ហ្គេម, កំសាន្ត និងសេវាកម្មផ្សាយផ្ទាល់, ដឹកជញ្ជូន, ឧបករណ៍ឆ្លាតវៃ, សេវាទូទាត់ប្រាក់ និងផ្សារអនឡាញ។
ក្រុមហ៊ុនបុត្រសម្ព័ន្ធមួយចំនួនរបស់ Amazon បានក្លាយជាគោលដៅនៃការរិះគន់នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ តំណាងរាស្ត្រ Elizabeth Warren ធ្លាប់បានដាក់សំណើបង្កើតអង្គភាពនានា ដើម្បី «ប្រែត្រលប់មកវិញ ចំពោះករណីច្របាច់បញ្ចូលគ្នារវាងបណ្ដាក្រុមហ៊ុន ដែលមានកត្តាប្រឆាំងនឹងការប្រកួតប្រជែង»។ ក្នុងនោះមានទាំងករណី Amazon ប្រើប្រាស់លុយ 13.7 ពាន់លានដុលលារ ដើម្បីទិញក្រុមហ៊ុន Whole Foods កាលពីឆ្នាំ 2017។
ថ្មីៗនេះ ការដែល Amazon លើកសំណើរទិញយកក្រុមហ៊ុនភាពយន្ត MGM ក្នុងតម្លៃ 8.45 ពាន់លានដុល្លារ ក៏ជួបនឹងប្រតិកម្មរបស់ Warren និងអ្នកតាក់តែងច្បាប់ដទៃទៀត។ គណៈកម្មការពាណិជ្ជកម្មសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់ប្រធានដែលទើបតែត្រូវបានតែងតាំង Lina Khan នឹងសើរើកិច្ចព្រមព្រៀងខាងលើឡើងវិញ។
បើទោះជាមិនទាន់ទទួលបានចំណាប់អារម្មណ៍ខ្លាំង ប៉ុន្តែ Amazon Web Services នៅតែអាចទទួលរងឥទ្ធិពល ដោយសារតែច្បាប់។
អ្នកវិភាគមួយចំនួន ក្នុងនោះមានទាំងអតីតអនុប្រធានរបស់ Amazon បានផ្ដល់យោបល់ថា ក្រុមហ៊ុន Amazon គួរតែបំបែក Amazon Web Services ឱ្យដាច់ដោយឡែក ដើម្បីទប់ទល់នឹងកម្លាំងមកពីបណ្ដាអង្គភាពប្រឆាំងនឹងការរកស៊ីផ្ដាច់មុខ និងដើម្បីជំរុញកំណើនរបស់សេវាកម្មនេះ។
អំពី Amazon នៅពេលគេស្វែងរកផលិតផលមួយនៅលើគេហទំព័ររបស់ Amazon គេឃើញមានទំនិញជាច្រើនដែលមិនមែនជាផលិតផលផ្ទាល់ខ្លួនរបស់ក្រុមហ៊ុននេះ ប៉ុន្តែ ជាផលិតផលរបស់ភាគីទីបី ដែលប្រើប្រាស់ថ្នាលបច្ចេកវិទ្យារបស់ Amazon ដើម្បីលក់ផលិតផលដល់អតិថិជននៅទូទាំងពិភពលោក។ ទំនាក់ទំនងបែបនេះ រវាង Amazon និងភាគីអ្នកលក់ បានក្លាយជាចំណុចដែលត្រូវរិះគន់។
មនុស្សជាច្រើនមានការបារម្ភអំពីការដែល Amazon ចម្លងផលិតផលរបស់អ្នកលក់ ហើយលក់វាក្នុងតម្លៃទាបជាង នៅពេលពួកគេមានទំហំគ្រប់គ្រាន់ និងធនធានមនុស្សច្រើនជាងបច្ចុប្បន្ន។
សង្គ្រាមទប់ទល់នឹងការរកស៊ីផ្ដាច់មុខរបស់ក្រុមហ៊ុន Amazon ទំនងជាត្រូវចំណាយពេលច្រើនឆ្នាំទៀត ហើយក៏នឹងនៅមានការប្ដូរផ្លាស់ទៅតាមពេលវេលា។ ប៉ុន្តែ ប្រតិកម្មដំបូងរបស់ Amazon បានបង្ហាញថា ក្រុមហ៊ុនបុត្រសម្ព័ន្ធណាខ្លះដែលទទួលបានការគាំពារជាអាទិភាព នៅក្នុងពិភពប្រឆាំងនឹងការរកស៊ីផ្ដាច់មុខ៕