ប៉ុន្មានឆ្នាំចុងក្រោយនេះ គ្រប់សមាសភាពក្នុងសង្គមសុទ្ធតែបានមើលឃើញថា សិស្សកម្ពុជាភាគច្រើនមិនសូវចូលចិត្តសិក្សាផ្នែកបច្ចេកទេស ឬការងារទាំងឡាយណាដែលស្ថិតនៅខាងក្រៅការិយាល័យនោះទេ តែអ្វីដែលពួកគេចូលចិត្តនោះគឺការងារដែលនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ងួន ប៊ុននិត អគ្គនាយកក្រុមហ៊ុនធនធានមនុស្ស Idea plus បានលើកឡើងថា យុវជនកម្ពុជាប្រហែលជាច្រើនជាង 50% ចូលចិត្តសិក្សាលើជំនាញដែលធ្វើការក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ខណៈមាននិស្សិតតិចតួចបំផុតរៀនផ្នែកជំនាញបច្ចេកទេស។
លោកបានបញ្ជាក់ផងដែរថា តាមពិតទៅការងារជំនាញបច្ចេកទេសជាការងារដែលមានប្រាក់ខែច្រើន ហើយមានទីផ្សារការងារទូលាយណាស់ តែសិស្ស និស្សិត នៅប្រទេសយើងមិនទាន់សូវបានដឹងពីព័ត៌មាននេះ ហើយមានអ្នកខ្លះទៀតមិនដឹងថារៀនបច្ចេកទេសហើយ គេធ្វើអ្វីខ្លះ ដែលជាហេតុធ្វើឱ្យពួកគាត់សម្រេចចិត្តរៀនលើមុខវិជ្ជាទាំងឡាយណាដែលមានមនុស្សរៀនច្រើន ហើយរៀនតាមគេ។
លោក ងួន ប៊ុននិត បាននិយាយថា៖ «ការជ្រើសរើសសិក្សាជំនាញដែលត្រូវធ្វើការងារក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ច្រើនអាចធ្វើឱ្យប៉ះពាល់ដល់ការវិនិយោគនៅក្នុងប្រទេសខ្លះដែរ ព្រោះអ្នកវិនិយោគបរទេស នៅពេលដែលបោះទុនរកស៊ីនៅកម្ពុជា គេត្រូវការច្រើនជាងគេគឺអ្នកបច្ចេកទេស តែយើងបែរជាខ្វះ ហើយសម្រាប់អ្នកធ្វើការនៅការិយាល័យ មានតម្រូវការតិច បែរជាយើងសម្បូរទៅវិញ»។
ប្រធានក្រុមហ៊ុនផ្នែកធនធានមនុស្សខាងលើបានលើកឡើងផងដែរថា នៅពេលដែលយើងខ្វះកម្លាំងពលកម្មជំនាញដើម្បីផ្គត់ផ្គង់ទីផ្សារការងារដែលអ្នកវិនិយោគត្រូវការ អ្នករកស៊ី គេអាចនឹងមិនចង់មកបណ្តាក់ទុនដែលជាហេតុធ្វើឱ្យប្រទេសយើងខាតបង់ច្រើន។ ជាដំណោះស្រាយសម្រាប់បញ្ហានេះ លោកបានបង្ហាញថា យើងគួរមានការតម្រង់ទិស និងការផ្សព្វផ្សាយព័ត៌មានឱ្យកាន់តែទូលំទូលាយទៅដល់គ្រប់សមាសភាពក្នុងសង្គម ជាពិសេសគឺសិស្សវិទ្យាល័យ ដើម្បីឱ្យគាត់បានយល់ពីស្ថានភាពជាក់ស្តែងនៃតម្រូវការការងារក្នុងប្រទេសរបស់យើង៕