ឆ្លងកាត់វគ្គជម្រុះជាច្រើនវគ្គ អស់រយៈពេលជាច្រើនខែ នៅទីបញ្ចប់វេទិកាជ្រើសរើសបេក្ខនារីសម្រស់ឯកប្រចាំកម្ពុជា ប្រចាំឆ្នាំ2017 Miss Cambodia 2017ត្រូវបានបញ្ចប់ហើយកាលពីរាត្រីថ្ងៃទី1 ខែកញ្ញា ឆ្នាំ2017 នៅក្នុងបរិវេណសាលប្រជុំសណ្ឋាគារ Naga World ដោយក្នុងចំណោមបេក្ខនារី 5 រូបដែលត្រូវបានជ្រើសរើសក្នុងវគ្គផ្តាច់ព្រ័ត្រនោះ បេក្ខនារីដែលជាប់ចំណាត់ថ្នាក់លេខ1គឺបេក្ខនារីពាក់ស្លាកលេខ 10 មានវាសនាទទួលបានមកុដមកគ្រង ដែលមានឈ្មោះ កញ្ញា រឿន ណាត អាយុ 18 ឆ្នាំ មកពីខេត្តកំពង់ចាម។
ក្រោយពីបានគ្រងមកុដរួច កញ្ញា រឿន ណាត បានថ្លែងទាំងអារម្មណ៍ដ៏រំភើបថា “នាងខ្ញុំពិតជាមានអារម្មណ៍រំភើបខ្លាំងណាស់ ព្រោះមិននឹកស្មានថា ខ្លួនឯងមានឱកាសបានគ្រងមកុដកញ្ញាឯកកម្ពុជាសម្រាប់ឆ្នាំ2017នេះឡើយ”។
ទាំងអារម្មណ៍ត្រេកអរ លាយឡំជាមួយទឹកនេត្រាបន្ដិចបន្ដួចផងនោះ កញ្ញាក៏បានថ្លែងបញ្ជាក់បន្ថែមថា “ចំពោះការប្រឡងបវរកញ្ញាគឺជាក្ដីស្រមៃមួយរបស់នាងខ្ញុំតាំងពីនៅតូច។ ពេលនេះនាងខ្ញុំបានសម្រេចក្ដីស្រមៃហើយ ដូច្នេះនាងខ្ញុំនឹងយកអ្វីដែលនាងខ្ញុំទទួលបាននៅថ្ងៃនេះទៅបង្ហាញលើឆាកអន្តរជាតិដើម្បីឲ្យពិភពលោកបានស្គាល់ពីវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់កម្ពុជា”។
គួរបញ្ជាក់ផងដែរថា ការប្រឡងកញ្ញាឯកកម្ពុជាសម្រាប់ឆ្នាំ2017 នេះពិតជាទទួលបានការដាក់ពិន្ទុយ៉ាងសុក្រឹតពីគណៈកម្មការ និងច្បាស់លាស់ណាស់ទម្រាំរកឃើញម្ចាស់ជយលាភីលេខ1នេះ៕