តាក់ស៊ីហោះរបស់ startup អាល្លឺម៉ង់ ឈ្មោះ Volocopter អាចហោះហើរឡើងដល់កម្ពស់ 50 ម៉ែត្រ និងហោះបានរយៈពេល 4 នាទី ក្នុងល្បឿន 29 គីឡូម៉ែត្រ ក្នុង 1 ម៉ោង។
Volocopter 2X ដែលជាតាក់ស៊ីហោះ ដំណើរការទាំងស្រុងដោយអគ្គិសនី របស់ក្រុមហ៊ុន អាល្លឺម៉ង់ Volocopter បានឈានដល់របត់ថ្មី នៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍អាកាសចរណ៍ Oshkosh ដែលត្រូវបានធ្វើឡើងនៅក្នុងរដ្ឋ Wisconsin សហរដ្ឋអាមេរិក កាលពីថ្ងៃទី 27 កក្កដា។ នេះគឺជាយានជំនិះហោះឡើង និងចុះចតដោយត្រង់ និងដំណើរការដោយអគ្គិសនីដំបូងគេ ដែលទទួលបានជោគជ័យក្នុងការសាកល្បងហោះហើរដឹកមនុស្សនៅទីសាធារណៈ នៅ សហរដ្ឋអាមេរិក។
តាក់ស៊ីហោះរបស់ក្រុមហ៊ុន Volocopter បានហោះហើរសាកល្បងដោយមិនមានដឹកមនុស្ស ជាង 100 លើកមកហើយ ក្នុងអំឡុងច្រើនឆ្នាំកន្លង។ ការហោះហើរដែលមានដឹកមនុស្សដំបូង ត្រូវបានធ្វើឡើងនៅប្រទេស អាល្លឺម៉ង់ កាលពីឆ្នាំ 2016។ តាំងពីនោះមក Volocopter បានហោះហើរដឹកមនុស្ស និងមិនដឹកមនុស្សជាបន្តបន្ទាប់ នៅ សិង្ហបុរី អារ៉ាប់រួម ព្រមទាំងធ្លាប់បានហោះសំដែងនៅលើឆាកនៃពិធីតាំងពិព័រណ៍អេឡិចត្រូនិក CES នៅ Las Vegas កាលពីឆ្នាំ 2018 ផងដែរ។
Volocopter 2X បំពាក់ប្រព័ន្ធស្លាប ដែលមានកង្ហារចំនួន 18 គ្រឿង។ កាលពីថ្ងៃទី 27 កក្កដា តាក់ស៊ីនេះ បានហោះហើរនៅឯព្រលានយន្តហោះតំបន់ Wittman (Wittman Regional Airport)។
តាក់ស៊ីហោះរបស់ startup អាល្លឺម៉ង់ Volocopter អាចហោះហើរឡើងដល់កម្ពស់ 50 ម៉ែត្រ និងហោះបានរយៈពេល 4 នាទី ក្នុងល្បឿន 29 គីឡូម៉ែត្រ/ម៉ោង។ កំណែមួយផ្សេងទៀតរបស់ Volocopter 2X ត្រូវបានដាក់តាំងនៅលើដី ដើម្បីឱ្យអ្នកចូលរួម អាចពិនិត្យមើលបានដោយគ្រប់ជ្រុងជ្រោយ។
«តាក់ស៊ីហោះ ជិតត្រូវបានបង្ហាញខ្លួន ហើយយើងកំពុងប្រឹងប្រែងដើម្បីធ្វើការហោះហើរដោយប្រើថាមពលអគ្គិសនី នៅឯទីក្រុងនានាក្នុងពិភពលោក ក្នុងរយៈពេល ពី 2 ទៅ 3 ឆ្នាំ» CEO របស់ Volocopter លោក Florian Reuter បានប្រាប់ដូច្នេះ៕
ប្រភព៖ New Atlas
ប្រែសម្រួល៖ បុត្រា