គម្រោងសាងសង់រោងចក្រផលិតវ៉ាក់សាំង របស់ក្រុមហ៊ុន Vingroup នៅតំបន់បច្ចេកវិទ្យាជាន់ខ្ពស់ Hoa Lac (Hoa Lac Hi-Tech Park) នេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុនបុត្រសម្ព័ន្ធ VinSmart។
Vingroup ត្រូវបានគេដឹងថា បានចរចាជាមួយនឹងក្រុមហ៊ុន Acturus របស់ សហរដ្ឋអាមេរិក ទាក់ទងនឹងការផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងប្រឆាំង COVID-19 រួចហើយ។ ក្រសួងសុខាភិបាល វៀតណាម ឱ្យដឹងថា តាមផែនការ នៅខែសីហា ឆ្នាំ 2021 វ៉ាក់សាំងរបស់ក្រុមហ៊ុន អាមេរិក នេះ អាចចាប់ផ្ដើមសាកល្បងនៅលើមនុស្ស នៅប្រទេស វៀតណាម។ រោងចក្រនេះនឹងអាចផលិតវ៉ាក់សាំងបានចាប់ពី 100 លាន ទៅ 200 លានដូស/ឆ្នាំ។
កាលពីខែមិថុនា ឆ្នាំ 2021 ក្រុមហ៊ុន Vingroup បានសហការជាមួយ Viet A Corp បង្កើតក្រុមហ៊ុនបច្ចេកវិទ្យាជីវសាស្ត្រ Vinbiocare ដោយមានទុន ប្រមាណ 8,700,000 ដុល្លារអាមេរិក ក្នុងនោះ Vingroup កាន់កាប់ 69% នៃដើមទុនសរុប។
Vinbiocare រកស៊ីក្នុងវិស័យផលិតឱសថ គីមីសម្រាប់ផលិតឱសថ និងវត្ថុធាតុដើមសម្រាប់ផលិតថ្នាំពេទ្យ ក្នុងនោះមានដូចជា ការផលិតវ៉ាក់សាំង ការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ និងការអភិវឌ្ឍបច្ចេកវិទ្យាក្នុងវិស័យឱសថជាដើម។
ប្រធានក្រុមហ៊ុន Vingroup មហាសេដ្ឋី Pham Nhat Vuong ដែលមានទ្រព្យ 8 ពាន់លានដុល្លារអាមេរិក បានឱ្យដឹងថា Vinbiocare គឺជាក្រុមហ៊ុនដែលធ្វើសកម្មភាពដោយមិនស្វែងរកកម្រៃ ហើយអាចបរិច្ចាគទាំងថ្លៃដើម បើសិនជាចាំបាច់។
Vingroup បាន និងកំពុងផលិតម៉ាស៊ីនជំនួយដង្ហើមច្រើនប្រភេទ និងម៉ាស៊ីនវាស់កំដៅ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ ក្នុងឆ្នាំ 2020 ក្រុមហ៊ុននេះ បានផ្ដល់ជំនួយជាម៉ាស៊ីនជំនួយដង្ហើមរាប់ពាន់គ្រឿង ដល់ក្រសួងសុខាភិបាល វៀតណាម ផងដែរ។
សាងសង់រោងចក្រផលិតវ៉ាក់សាំង របស់ក្រុមហ៊ុន Vingroup នៅតំបន់បច្ចេកវិទ្យាជាន់ខ្ពស់ Hoa Lac (Hoa Lac Hi-Tech Park) ក្នុងរដ្ឋធានី ហាណូយ៕
ប្រភព៖ Forbes, Viettimes
ប្រែសម្រួល៖ បុត្រា