Skip to content

តើ​អាមេរិក​នាំ​អ្វី​ខ្លះមក​កម្ពុជា ហើយ​កម្ពុជា​នាំ​ទំនិញ​អ្វី​ទៅ​អាមេរិក​វិញ?

ភ្នំពេញ៖ រយៈពេល 6ខែ​ដើមឆ្នាំ2017នេះ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​អាមេរិក​មាន​ទឹកប្រាក់ 1,546លាន​ដុល្លារ ក្នុងនោះ​កម្ពុជា​នាំ​ចេញទៅ​អាមេរិក​មានទឹក​ប្រាក់​ស​រុ​ប​ជាង 1,362លាន​ដុល្លារ។ ខណៈ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​មានតម្លៃ​ប្រមាណ​ជា 3.2ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ2016។ តើ​ទំនិញ​ដោះដូរ​រវាង​កម្ពុជា និង​អាមេរិក​មាន​អ្វីខ្លះ?

របាយការណ៍​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ឱ្យដឹងថា កម្ពុជា​នាំ​ទំនិញ​ទៅ​អាមេរិក​មានតម្លៃ​សរុប 2.8ពាន់​លាន​ដុល្លា ដែល​រួមមាន​សម្លៀកបំពាក់ ស្បែកជើង ប្លា​ស្ទិ​ក និង​ផលិតផល​ស្បែក​រួម​នឹង​ផលិតផល​កសិកម្ម​ដែលមាន​ទឹកប្រាក់ 23លាន​ដុល្លា ដូចជា​ផ្លែឈើ បន្លែ អង្ករ និង​ផលិតផល​ដទៃទៀត។

ចំណែក​ទំនិញ​នាំចេញ​របស់​អាមេរិក​មាន​តម្លៃ​សរុប 361 លាន​ដុល្លា រួមមាន​រថយន្ត គ្រឿង​ម៉ាស៊ីន អាហារ​សំណល់​សម្រាប់​យកទៅ​កែច្នៃ ចំណី​សត្វ សម្លៀកបំពាក់​ធ្វើ​ពី​រោមសត្វ និង​វាយ​ន​ភណ្ឌ​មិនមែន​តម្បាញ​ជាដើម។

ប្រទេស​កម្ពុជា និង​សហរដ្ឋអាមេរិក​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​កាន់តែ​រឹងមាំ ខណៈ​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ លោក​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បានរៀបចំ​ពិធី​មួយ​ដើម្បីឱ្យ​សមាជិកសំខាន់ៗនៃ​អ្នកជំនួញ​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ជួប​ជាមួយ​លោក​Michael Newbill អនុប្រធាន​ទូត​អាមេរិក​ថ្មី និង​លោក David Sequeira មន្ត្រី​ទូត​ទទួលបន្ទុក​ផ្នែក​សេដ្ឋកិច្ច​ដែល​ទើបនឹង​មកដល់​ប្រទេស​កម្ពុជា។

អ្វីដែល​គេ​ចាប់អារម្មណ៍​គឺ សហគ្រិន​អាមេរិក​គ្រោង​បើកហាង​លក់​ម៉ូតូ​ម៉ាក​Harley-Davidson ដែលជា​ម៉ាក​សញ្ញា​ដើម​នៅ​អាមេរិក​មក​លក់រាយ​ដំបូង​នៅ​ភ្នំពេញ ហើយ​គ្រោង​បើក​នៅ​ចុង​ឆ្នាំនេះ ដែលមាន​តម្លៃនៅលើទីផ្សា​រ​ក្រៅប្រទេស​ប្រហែល12,000ដុល្លារ​ក្នុង​មួយគ្រឿង៕

Leave a Reply

Your email address will not be published. Required fields are marked *