ក្រុមហ៊ុនផលិតឱសថ AstraZeneca របស់ អង់គ្លេស បានឱ្យដឹងថា វ៉ាក់សាំង COVID-19 របស់ពួកគេ រកចំណូលបាន 1.2 ពាន់លានដុល្លារអាមេរិក នៅក្នុងឆមាសដំបូងនៃឆ្នាំ 2021។
ក្រុមហ៊ុនបានចែកចាយវ៉ាក់សាំង AstraZeneca ប្រមាណ 319 លានដូស នៅជុំវិញពិភពលោក ក្នុងពាក់កណ្ដាលដើមឆ្នាំនេះ ក្នុងនោះ ចំណូលចំនួន 572 លានដុល្លារបានមកពីអឺរ៉ុប និង 455 លានដុល្លារ បានមកពីទីផ្សារទើបលេចធ្លោ។
«យើងសម្រេចបានជោគជ័យគួរសម ជាមួយនឹងវ៉ាក់សាំង COVID-19 Vaxzevria (ឈ្មោះថ្មីរបស់វ៉ាក់សាំងបង្ការ COVID-19 ដែលផលិតដោយ AstraZeneca)។ គិតមកដល់ថ្ងៃនេះ AstraZeneca និងដៃគូសហការរបស់យើង បានលក់វ៉ាក់សាំងចំនួន 1 ពាន់លានដូសទៅឱ្យប្រទេសជាង 170» នាយកប្រតិបត្តិរបស់ AstraZeneca លោក Pascal ថ្លែងដូច្នេះ កាលពីថ្ងៃទី 29 កក្កដា។
ស្ថាប័នផលិតឱសថនេះ ក៏បានឱ្យដឹងថា នៅក្នុងឆមាសដំបូងនៃឆ្នាំ 2021 នេះ ក្រុមហ៊ុន AstraZeneca រកបានប្រាក់ចំណេញចំនួន 2.1 ពាន់លានដុល្លារ ស្មើនឹង 40% ធៀបនឹងឆ្នាំមុន។ ប្រាក់ចំណូលសរុបនៅក្នុងអំឡុងជិត 1 ត្រីមាសកន្លងទៅ ស្មើនឹង 15.5 ពាន់លានដុល្លារ។ ដោយមិនរាប់បញ្ចូលទាំងវ៉ាក់សាំង COVID-19 ប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុន បានកើន 14% ស្មើនឹង 14.4 ពាន់លានដុល្លារ។
វ៉ាក់សាំង COVID-19 របស់ AstraZeneca គឺជាវ៉ាក់សាំងលំដាប់ពិភពលោក និងមានតួនាទីសំខាន់នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនៅ អង់គ្លេស ជួយឱ្យ អង់គ្លេស អាចបើកទ្វារសេដ្ឋកិច្ចទាំងស្រុកក្នុងខែនេះ៕
ប្រភព៖ AFP
ប្រែសម្រួល៖ បុត្រា