អតីតសមាជិកក្រុមចម្រៀងស្រី កូរ៉េខាងត្បូង AOA បានសម្រេចចិត្តបញ្ចប់ជីវិតរបស់ខ្លួន បន្ទាប់ពីបានបង្ហោះសារនៅលើបណ្ដាញសង្គមកាលពីព្រឹកមិញ ហើយនេះគឺជាលើកទីបួន ដែល Mina ធ្វើអត្តឃាត នៅក្នុងអំឡុង 1 ឆ្នាំ។
សារព័ត៌មាន កូរ៉េខាងត្បូង នាព្រឹកថ្ងៃទី 29 កក្កដា នេះ អតីតសមាជិកនៃក្រុមចម្រៀង AOA នាង Kwon Mina ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយពីបានព្យាយាមបញ្ចប់ជីវិតរបស់ខ្លួន។ មិត្តម្នាក់បានហៅទូរស័ព្ទទៅកាន់ Mina ប៉ុន្តែ នាងមិនលើកទូរស័ព្ទ។ ពួកគេក៏បានហៅឡានពេទ្យភ្លាមៗ បន្ទាប់ពីបានរកឃើញ Mina នៅក្នុងផ្ទះដោយឡែករបស់នាង កាលពីព្រឹកនេះ។
ពេលត្រូវបានរកឃើញ Mina កំពុងស្ថិតក្នុងសភាពហូរឈាមច្រើន។ នាងបានទទួលការវះកាត់ និងព្យាបាលរបួស និងបានរួចពីការស្លាប់ ។ ប៉ុន្តែ នាងកំពុងស្ថិតក្នុងភាពរវើរវាយនៅឡើយ។ នេះគឺជាលើកទីបួនហើយ ដែល Mina ធ្វើអត្តឃាត នៅក្នុងអំឡុង 1 ឆ្នាំ ចាប់តាំងពីមានរឿងជាមួយប្រធានក្រុម AOA នាង Shin Ji-min។
មុនហេតុការណ៍សម្លាប់ខ្លួន កាលពីព្រឹកថ្ងៃទី 29 កក្កដា Mina បានបង្ហោះលិខិតមួយដ៏វែង រៀបរាប់អំពីរឿងអាស្រូវជាមួយ Shin Ji-min និងបញ្ហាជាមួយនឹងអតីតមិត្តប្រុសរបស់ខ្លួន។ Mina និយាយថា ខ្លួនពិតជាជនរងគ្រោះ ដែលត្រូវ Ji Min សម្លុត គំរាម។ Mina ទទួលស្គាល់ថា ខ្លួន «បានប្រតិកម្មជ្រុល» ប៉ុន្តែ មូលហេតុគឺខ្លួនយល់ថា «អយុត្តិធម៌ ឈឺចាប់ ខឹង តូចចិត្ត និងចង់សងសឹក»។ នាងបន្ថែមថា៖ «ខ្ញុំចង់បញ្ជាក់ថា ខ្ញុំមិនឆ្កួត មិននិយាយកុហក មិនមែនជាអ្នកសម្លុត គំរាមគេ។ ខ្ញុំបានបង្កបញ្ហាច្រើន ប៉ុន្តែ ខ្ញុំចង់បានភាពស្មោះត្រង់ និងកែប្រែកំហុសដែលខ្លួនបានធ្វើ»។
ចំណែកបញ្ហាជាមួយអតីតមិត្តប្រុស Mina ឱ្យដឹងថា នាងមិនច្បាស់ថា ខ្លួនធ្វើត្រូវ ឬខុសនោះទេ តែមួយក្នុងចំណោមកំហុសនោះគឺជារបស់នាង។
Mina ត្រូវបានគេរិះគន់ថា ជា «ចោរ» ប្លន់សង្សារអ្នកដទៃ។
កាលពីខែសីហា ឆ្នាំ 2020 Mina ធ្លាប់បានធ្វើអត្តឃាតម្ដងហើយ ដោយការអារដៃ ប៉ុន្តែ ត្រូវបាននាំទៅសង្គ្រោះបន្ទាន់ទាន់ពេល៕