Facebook កំពុងក្ដោបក្ដាប់អ្នកប្រើប្រាស់ 2.9 ពាន់លាននាក់ក្នុងដៃ នៅក្នុង 1 ត្រីមាស។ ហេតុអ្វីបានជា មហាសេដ្ឋី Mark Zuckerberg និយាយថា «ពេលខាងមុខ Facebook នឹងពិបាករស់» ទៅវិញ?
សារព័ត៌មាន CNN អះអាងថា សកម្មភាពអាជីវកម្មរបស់ Facebook កំពុងតែហោះឡើងខ្ពស់បំផុត ប៉ុន្តែ ស្ថានភាពល្អប្រសើរនេះ ទំនងជាស្ថិតនៅមិនបានយូរអង្វែងឡើយ។
Facebook ទើបតែបានប្រកាសថា រកបានចំណូលជិត 29.1 ពាន់លានដុល្លារ នៅក្នុងអំឡុង 3 ខែ ដែលបានបញ្ចប់កាលពីថ្ងៃទី 30 មិថុនា កើន 56% ធៀបនឹងដំណាក់កាលដូចគ្នា កាលពីឆ្នាំ 2020។ ប្រាក់ចំណេញរបស់ Facebook ក៏កើនឡើងទ្វេដង (10.4 ពាន់លានដុល្លារ) ខ្ពស់ជាងឆ្ងាយ បើធៀបនឹង 8.7 ពាន់លានដុល្លារ ដែលក្រុមអ្នកជំនាញបានព្យាករ។
ក៏ប៉ុន្តែ ចក្ខុវិស័យសម្រាប់ពាក់កណ្ដាលចុងឆ្នាំ 2021 នេះ ហាក់មិនល្អប្រសើរ។ នេះបើតាមការអះអាង នៃ CFO របស់ Facebook លោក David Wehner។
ល្បឿននៃកំណើនប្រាក់ចំណូល កំពុងថយចុះ ដោយសារតែ «ការផ្លាស់ប្ដូរគោលការណ៍ និងថ្នាលបច្ចេកវិទ្យា» (ដែលនេះចង់សំដៅលើការកំណត់ថ្មីនៅលើប្រព័ន្ធប្រតិបត្តិ iOS របស់ Apple។ ការប្ដូរផ្លាស់ដែលបានអនុវត្តចាប់ពីខែមេសា នេះ ទំនងជានឹងប៉ះពាល់ធ្ងន់ធ្ងរដល់អាជីវកម្មរបស់ Facebook នៅក្នុងត្រីមាសទី 3 ។
ជាក់ស្ដែង Apple បានប្រកាសការកែលំអមួយចំនួនសម្រាប់ iOS 15។ ក្នុងនោះ អ្នកប្រើប្រាស់ឧបករណ៍ iOS អាចប្រើ Facetime ដែលជាកម្មវិធីហៅទូរស័ព្ទជាវីដេអូ ដោយការប្រើប្រាស់អ៊ីនធើណិត រវាងឧបករណ៍ iOS មុនៗ ជាមួយនឹងឧបករណ៍ Android និង Window។
ក្រៅពីនេះ អ្នកប្រើប្រាស់ក៏អាចប្រើកម្មវិធីថ្មី SharePlay ដែលមានមុខងារចែករំលែកចម្រៀង រូបថត ឬមើល livestream ក្នុងពេលកំពុងរង់ចាំការហៅទូរស័ព្ទដោយកម្មវិធី Facetime។ កម្មវិធីផ្ញើសារតាមអ៊ីនធើណិត iMessage រវាងឧបករណ៍ iOS មុននោះ ក៏ត្រូវបានកែលំអ ឱ្យមានភាពងាយស្រួលជាងមុន ក្នុងការចែករំលែកតំណភ្ជាប់ រូបថត ចម្រៀង ឬអាសយដ្ឋានទំនាក់ទំនងផងដែរ។
ការកែលំអទាំងឡាយខាងលើរបស់ Apple បានវាយប្រហារខ្លាំងក្លាទៅលើវិស័យដែល Facebook កំពុងរកស៊ី ដោយសារតែអ្នកប្រើប្រាស់ឧបករណ៍ Android ពេលនេះ អាចប្រើ Facetime បាន។
ក្រោយពេលចេញរបាយការណ៍ស្ដីពីលទ្ធផលអាជីវកម្ម តម្លៃមូលបត្ររបស់ Facebook បានធ្លាក់ចុះជិត 4% ដែលប្រហាក់ប្រហែលនឹង 40 ពាន់លានដុល្លារ។
ប៉ុន្តែ យ៉ាងណាក៏ដោយ Facebook នៅតែរីកចម្រើន។ Facebook មានអ្នកប្រើប្រាស់ជាង 2.9 ពាន់លាននាក់ នៅក្នុងត្រីមាសកន្លង កើន 7% ធៀបនឹងឆ្នាំមុន។
ក្នុងអនាគត Zuckerberg មានបំណងកសាងកំណែ Facebook ធំជាងនេះ ដោយពង្រីកវិសាលភាពឱ្យកាន់តែធំ ទៅក្នុងវិស័យកំសាន្ត ការបំពេញការងារ បណ្ដាញសង្គម។ល។
ម្ចាស់ Facebook និយាយថា៖ «ប្រការដែលខ្ញុំយល់ថា អស្ចារ្យបំផុត នោះគឺ ធ្វើយ៉ាងណាដើម្បីនាំយកវិស័យទាំងឡាយ (ដែល Facebook កំពុងធ្វើ) គួបផ្សំជាមួយគ្នា ជាគំនិតដ៏ធំមួយ។ គោលដៅជារួម នោះគឺ នាំយក Metaverse ចូលទៅក្នុងការរស់នៅប្រចាំថ្ងៃ»។
Metaverse នឹងនាំមកនូវឱកាសដ៏ធំ សម្រាប់អ្នកផលិតខ្លឹមសារ សិល្បករឯករាជ្យ អ្នកដែលចង់ធ្វើការពីចម្ងាយ ក៏ដូចជាក្រុមមនុស្សដែលរស់នៅក្នុងតំបន់ដែលការអប់រំ ការកំសាន្ត មានកំណត់។ នេះបើតាមមហាសេដ្ឋី Mark Zuckerberg៕
ប្រភព៖ CNN
ប្រែសម្រួល៖ បុត្រា