ដើម្បីបានខ្សែចង្កេះតូចស្ដើងនេះមកពាក់បង្អួតសម្រស់ក្បាលពោះ Jennie Kim ត្រូវចំណាយប្រាក់អស់រាប់ពាន់ដុល្លារឯណោះ។
ចាប់តាំងពីបានទៅបំពេញការងារនៅ សហរដ្ឋអាមេរិក ការលេងស្ទីលរបស់ Jennie បានប្រែប្រួលគួរឱ្យចាប់អារម្មណ៍។ ដោយចេះប្រើស្ទីលប្លែកភ្នែក និងទាក់ទាញស្រាប់ ថ្មីៗនេះ ស្រីស្អាតរបស់ក្រុម Blackpink ក៏បានបង្ហាញគ្រឿងអលង្ការកាន់តែដូចទៅនឹងពួកលោកខាងលិច។
ខ្សែចង្កេះរបស់ម្ចាស់បទ How You Like That ដែលជាផលិតផលរបស់យីហោ Jacquie Aiche នេះ មានដាំផ្កាជាត្បូងពេជ្រចំនួន 5 គ្រាប់។ ម៉ូដែលរបស់ belly chain ថ្វីបើមានរូបរាងសាមញ្ញ ប៉ុន្តែ វាជួយឱ្យស្រីស្អាតវ័យ 25 ឆ្នាំរូបនេះ អាចបង្អួតចង្កេះទាំងមូលរបស់នាងបាន។ ដើម្បីបានពាក់ខ្សែចង្កេះនេះ Jennie ត្រូវចំណាយប្រាក់អស់ជាង 13,000,000 រៀល (3,375 ដុល្លារអាមេរិក)។
Jennie បង្ហោះរូបថតជាបន្តបន្ទាប់នៅលើបណ្ដាញសង្គម Instagram ជាមួយនឹងស្ទីលពាក់គ្រឿងអលង្ការប្លែកភ្នែក ដើម្បីបង្អួតរាងរៅនៃចង្កេះរបស់ខ្លួន។ ចង្កេះ «អង្ក្រង» របស់ Jennie មានភាពទាក់ទាញ ដោយសារខ្សែចង្កេះ belly chain ដ៏ឆ្មារមួយខ្សែ។
ដោយការស្លៀកពាក់ស៊ិចស៊ី តារាចម្រៀង កូរ៉េខាងត្បូង ម្នាក់នេះ ត្រូវបានគេមើលឃើញថា មានរូបរាងមាំមួន ទាក់ទាញចំណាប់អារម្មណ៍ មិនចាញ់តារា អាមេរិកាំង ប៉ុន្មានឡើយ។
ជាក់ស្ដែង ខ្សែចង្កេះ ត្រូវបាននារីៗនៅ កម្ពុជា នាំគ្នាពាក់តាំងពីយូរយារមកហើយ ពិសេសគឺខ្សែចង្កេះប្រភេទកថា (គាថា) ដែលបញ្ចុះយ័ន្តអាគម។ ខ្សែចង្កេះ មានការពេញនិយមនៅ អឺរ៉ុប ក្នុងអំឡុងទសវត្សរ៍ឆ្នាំ 2000 ហើយថ្មីៗនេះ ត្រូវបានតារាអន្តរជាតិល្បីៗ យកមកឡង់សេ ក្នុងនោះមាន Jennie Kim ផងដែរ៕
ដោយ ៖ បុត្រា